ក្រសួង​រ៉ែ និង​ថាមពល៖ក្រុមហ៊ុន​​ចំនួន​២០ដែល​​នៅ​មានសុពលភាពអាជ្ញាប័ណ្ណ​បូមខ្សាច់​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com

មន្រ្តីក្រសួង​រ៉ែ និង​ថាមពល ​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះក្រុម​ហ៊ុនអាជីវករខ្សាច់សំណង់ ខ្សាច់​បក និង​ខ្សាច់​ភ្នំ​ មាន​ចំនួន​២០​ និង​បូម​ខ្សាច់ទៅ​ក្រៅ​ប្រទេសមាន​ចំនួន​៤ ដែល​នៅ​មាន​សុពល​ភាពអាជ្ញាប័ណ្ណ​​ក្នុង​ការ​បូម​ខ្សាច់​សម្រាប់​ឆ្នាំ​២០១៥នេះ។

ចំនួន​នេះ​ខុសពី​ការ​អះអាង​ថា​របស់​រដ្ឋមន្រ្តីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ ដែល​លើក​ឡើង​ថា​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ក្រុមហ៊ុនណាមួយ​ដែលមាន​សុពល​ភាព​អាជ្ញា​ប័ណ្ណ​ក្នុងការ​បូម​ខ្សាច់​នោះ​ទេ។​​

អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិ​ធារ៉ា ប្រាប់​VODនៅ​ថ្ងៃ​ចន្ទនេះថារហូត​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុនអាជីវករ​ខ្សាច់​សំណង់ បក និង​ភ្នំ មាន​​ចំនួន​២០ ដែល​នៅ​​មាន​សុពល​ភាព​ក្នុង​ការ​បូម​ខ្សាច់​ ហើយ​​ក្នុង​នោះ​នៅ​រាជធានីភ្នំពេញមិន​មាន​នោះ​ទេ។ ចំណែក​នៅ​ខេត្ត​កំពង់ធំមានចំនួន​​១០ ខេត្ត​កណ្តាល​មាន​៣ ខេត្ត​កែប១​ ខេត្ត​កំពត​១ ខេត្ត​សៀមរាប​១ និង​នៅ​ខេត្តផ្សេង​ៗ​ទៀត។ ក្រុមហ៊ុន​ទាំង​២០នោះ មាន​សុពល​ភាព​ក្នុង​ការ​បូម​ខ្សាច់​ត្រឹម​ឆ្នាំ​២០១៥នេះ។

បើ​តាម​ទិន្នន័យ​​របស់​ក្រសួង​រ៉ែ និង​ថាមពល ពី​មុន​ក្រុម​ហ៊ុន​បូមខ្សាច់ទូទាំង​ប្រទេស​ដែល​មាន​សុពល​ភាព​មាន​​​ទៅ​ដល់​១១៥​​។

លោក ម៉េង សក្តិ​ធារ៉ា ឲ្យ​ដឹង​ទៀត​ថា​ក្រុម​ហ៊ុនបូម​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស​វិញមាន​ចំនួន​៤​ក្រុម​ហ៊ុន​ដែល​មាន​សុពលភាព គឺ​នៅ​ខេត្ត​កោះ​កុងចំនួន​២ក្រុម​ហ៊ុន និង​នៅ​ខេត្ត​ព្រះសីហនុ​​ចំនួន​២។ កាល​ពី​មុន ក្រុមហ៊ុន​ចំនួន​​២២​ដែល​មាន​អាជ្ញា​ប័ណ្ណ​ក្នុង​ការ​បូម​ខ្សាច់​សមុទ្រ​ទៅ​ក្រៅ​ប្រទេស។​

នៅ​ខេត្ត​​កោះ​កុង ក្រុម​ហ៊ុនចំនួន២​ដែល​ទទួល​បាន​ការ​បូម​ខ្សាច់​សមុទ្រនោះ រួម​មាន​ក្រុមហ៊ុន​Direct Accessដែល​បូម​នៅ​តំបន់​ប្រេងអណ្តូង​ទឹក ស្រុក​បុទម​សាគរ ហើយ​សុពល​ភាព​មាន​ទៅ​ដល់​ខែ​សីហាឆ្នាំ​២០១៥។ ចំណែក​ក្រុមហ៊ុន​International Rainbow បូម​នៅតាម​ដង​ព្រែក​កន្ទួត​ ហើយ​នឹង​ផុត​សុពល​ភាព​នៅឆ្នាំ​២០១៥។

លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះក្រសួង​មិន​បាន​បន្ត​សុពលភាពដល់​ក្រុម​ហ៊ុន​​​ទៀត​នោះ​ទេ ដោយ​រង់​ចាំ​ឲ្យ​មាន​ការ​សិក្សា​​ជលវិទ្យាពី​ផលប៉ះពាល់​បរិស្ថានពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។​ លោកថា​ដោយ​សារតែ​​ក្រុម​ហ៊ុន​​​ដែល​នៅ​មាន​សុពល​ភាព​បូម​ខ្សាច់​មាន​ចំនួន​តិច បណ្តាល​ឲ្យ​មាន​ការ​ខ្វះ​ខាតខ្សាច់​ក្នុង​ការ​ធ្វើ​សំណង់ ហើយ​តម្លៃ​ខ្សាច់​ឡើង​​ថ្លៃ​ជាដើម។​

គួរ​រំឮកថា ថ្មីៗនេះ រដ្ឋមន្រ្តី​ក្រសួ​ងរ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ស្នើ​ឲ្យ​អភិបាលរាជធានីភ្នំពេញ ខេត្ត​កណ្តាល និង​ព្រៃវែង ចាត់​វិធានការ​ម៉ឹងម៉ាត់​ទៅ​តាម​ផ្លូវ​ច្បាប់​លើ​ការ​បន្ត​បូម​ខ្សាច់ទន្លេ​ នៅ​ក្នុង​តំបន់​របស់ខ្លួន ដោយ​​បញ្ជាក់​ថា​បុគ្គល ឬ​ក្រុម​ហ៊ុន​ទាំងនោះ​មិន​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នោះ​ទេ។​ លោក ស៊ុយ សែម​ បញ្ជាក់ថា​​ក្រសួង​បាន​ប្រកាសនិរាករណ៍​រាល់​អាជ្ញា​ប័ណ្ណ​បូម​ខ្សាច់​ទាំងអស់ក្នុង​តំបន់​ទាំងនេះតាំង​ពី​ឆ្នាំ​២០១១មក​ម្ល៉េះ ហើយ​កន្លងមក​ក្រសួង​រ៉ែ និងថាមពល​ មិន​ដែ​ល​​ផ្តល់​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​ដល់​នីតិ​បុគ្គល ឬ​រូបវន្ត​បុគ្គល​ណាមួយក្នុងតំបន់​ទាំង​នេះទេ។

ចំណែក កាលពីថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នៅ​កម្ពុជា   លោក លឹម គាន​ហោ ឲ្យដឹងថា​អាជីវកម្ម​បូម​ខ្សាច់​សព្វថ្ងៃនេះមិន​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​នោះទេ  ចាប់​តាំងពី​ការ​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ទី​៥​នេះ។ លោកព្រមាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់​ណាដែល​មិន​មាន​អាជ្ញាប័ណ្ណ ​ត្រឹមត្រូវ ដោយ​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​ទុកជា​សម្បត្តិ​រដ្ឋ។ លោក​មានប្រសាសន៍ថា«​ឆ្លៀត​ពេល​នេះ​ផ្តាំផ្ញើ​តែម្តង រហូត​ដល់​ថ្ងៃនេះអត់​ទាន់​មាន​ផ្តល់​នូវ​អាជ្ញាប័ណ្ណ ឬ​ការសម្រេច​ណាមួយ​ក្នុង​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទេ នេះ​ហើយ​ដែល​ហៅ​ថា​អ្នក​ល្មើស ដែល​យើងខ្ញុំ​ប្រើ​វិធានការ​ដោយ​ចាប់​ទុក ហើយ​ចាប់​ទុក​លើក​នេះ សូម​បញ្ជាក់​ជូន​ថា អត់​មាន​ធ្វើ​កិច្ចសន្យា​ដោះលែង​វិញ​ទេ គឺ​យើងខ្ញុំ​នឹង​ស្នើ​ដល់​រាជរដ្ឋាភិបាល​រឹបអូស​ជា​សម្បត្តិ​របស់​រដ្ឋ​»។​

កាល​ពីខែធ្នូ ឆ្នាំ​២០១៤ លោក លឹម គាន​ហោ ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​ មាន​ក្រុម​ហ៊ុន​ថ្មី​ចន្លោះ​ពី​៣០​ទៅ​៤០​ ដែល​បាន​ដាក់​ពាក្យ​សុំបើ​ក​អាជីវកម្ម​បូម​ខ្សាច់​សា​ជា​ថ្មី ហើយ​ក្រសួ​ងកំពុង​តែ​សិក្សា៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles