Mon, 12 January 2015
តាំង វីដា
ភ្នំពេញប៉ុស្តិ៍
បាត់ដំបងៈ អាជ្ញាធរខេត្ត បានឲ្យដឹងកាលពីម្សិលមិញថា ការធ្វើកោសល្យវិច័យកំណត់អត្តសញ្ញាណជនជាតិលើសាកសពមនុស្សពីរនាក់ ដែលត្រូវទាហានថៃដុតទាំងរស់លើទឹកដីថៃ នៅត្រង់ច្រកព្រំដែនស្រុកសំពៅលូន នឹងចេញជាលទ្ធផល នៅប្រមាណ ១០ថ្ងៃទៀត ខណៈដែលសាច់ញាតិសពនិងមន្ត្រី ក្រសួងការបរទេស ព្រមាននឹងប្តឹងអាជ្ញាធរថៃ បើសិនរកឃើញថា ជនរងគ្រោះពីរនាក់នោះជាជនជាតិខ្មែរ។
មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន លោក អញ កាម៉ាល់ បានឲ្យដឹងថា ករណីទាហានថៃ ដុតសម្លាប់មនុស្សពីរនាក់នោះ គឺរហូតមកទល់ពេលនេះ អាជ្ញាធរកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យចូលទៅកន្លែងកើតហេតុនោះទេ។
លោកបន្តថា ៖ «បន្ទាប់ពីថ្ងៃកើតហេតុ សាកសពគឺត្រូវបានបញ្ជូនទៅកាន់ទីក្រុង បាងកក ប្រទេសថៃ ដើម្បីធ្វើកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណ។ យើងក៏បានកោះហៅ បុរសម្នាក់រស់នៅខេត្តសៀមរាប ដែលទាក់ទងមកថា ជាសាច់ញាតិសពឲ្យមកដាក់បណ្តឹងផងដែរ ដើម្បីបញ្ជាក់អត្តសញ្ញាណឲ្យកាន់តែច្បាស់»។
មន្រ្តីនាយកដ្ឋានព័ត៌មានអង្គភាពស្រាវជ្រាវនិងចារកម្មស្រុកសំពៅលូន ខេត្តបាត់ដំបង លោក មួង រិទ្ធីយ៉ា បានឲ្យដឹងថា សាកសពនោះកំពុងត្រូវអាជ្ញាធរថៃនៅទីក្រុង បាងកក ពិនិត្យនិងស៊ើបអង្កេត ដើម្បីកំណត់ថា ជាជនជាតិខ្មែរ ឬក៏ជនជាតិថៃផងដែរ ហើយពួកគេ នឹងផ្តល់ចម្លើយមកឲ្យយើងក្នុងរយៈពេល ១០ ថ្ងៃទៀត។
បើតាមលោក អញ កាម៉ាល់ ជុំវិញព័ត៌មានពីមន្រ្តីយោធាថៃម្នាក់ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុថ្ងៃទី៧ ខែមករានោះ គឺមានពលរដ្ឋខ្មែរ ៤ នាក់ លបឆ្លងដែនខុសច្បាប់ ដើម្បីទៅរកស៊ីអូសម៉ូតូឆ្លងដែនគេចពន្ធ។ លុះអូសបានជិតដល់ព្រំដែន ក៏បានជួបនឹងទាហានឈុតខ្មៅថៃនៃកងវរសេនាធំលេខ ១៣ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ទើបទាហានទាំងនោះដេញតាមបាញ់ប្រមាណ ១០ គ្រាប់ ប៉ុន្តែ ពុំមានត្រូវនរណាម្នាក់ឡើយ។
ក្រោយមក កម្លាំងទាហានថៃ បានពង្រាយគ្នាដេញចាប់ពួកគេ ដែលក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤ នាក់ គឺចាប់ខ្លួនបាន ២ នាក់ ខណៈ ២ នាក់ទៀត រត់គេចបាត់ ហើយទាហាននោះក៏បានយកសម្បកកង់រថយន្តមកដុតទាំងរស់តែម្តង សល់តែឆ្អឹងនិងកម្ទេចបន្តិចបន្ទួច ទើបពួកគេខ្ចប់សពបញ្ជូនទៅធ្វើកោសល្យវិច័យនៅទីក្រុង បាងកក ដើម្បីស៊ើបអង្កេត។
ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោក វឿន បៀន ដែលថា ជាបងប្អូនសាកសពនោះបានទេ កាលពីម្សិលមិញ ប៉ុន្តែតាមខ្សែអាត់សន្ទនាតាមទូរស័ព្ទ ដែលលោកបញ្ជាក់ទៅកាន់សមត្ថកិច្ចស្រុកសំពៅលូន ខេត្តបាត់ដំបង បានរៀបរាប់ថា ជនរងគ្រោះទាំងពីរនោះម្នាក់ឈ្មោះ សូវ រស់ ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ វឿន ជី ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្រុកកំណើតឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកបន្តថា ៖ «ប្អូនខ្ញុំ និងបងខ្ញុំថា សុំម៉ែឪទៅរកស៊ីដាំអំពៅ ក្រោយមក ១ ថ្ងៃ ឮគេរាយការណ៍មកថា គេចាប់ខ្មែរបាន ខ្ញុំសង្ស័យ ខ្ញុំក៏តេទៅគាត់ទាំងពីរ តែតេអត់ចូល ពីមុនតេចូលជជែកគ្នារាល់ថ្ងៃសោះ ខ្ញុំមិនច្បាស់ថា ពួកគេធ្វើអីទេ។ ខ្ញុំដឹងតាមខ្មែរយើងអ្នកទៅដកដំឡូងនៅទីនោះ ប្រាប់មកថា គេ (ទាហានថៃ) ចាប់ខ្មែរបាន ហើយគេបានដុតទាំងរស់»។
យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឲ្យដឹងកាលពីម្សិលមិញនេះថា អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃ ទៅពិនិត្យមើលសាកសពទាំងពីរ ដែលត្រូវគេដុតរោលមើលលែងស្គាល់ក្នុងចម្ការដំឡូង នៅស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកបន្តថា អគ្គកុងស៊ុលកម្ពុជា បានកំពុងតាមដាន និងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីកំណត់ពីអត្តសញ្ញាណសាកសព និងស្រាវជ្រាវរកគ្រួសារសព ព្រោះថា ភាគីថៃ ក៏បានអះអាងថា ជាពលរដ្ឋថៃផង ដែរ។
លោក កុយ គួង បានបញ្ជាក់ថា៖ «នៅពេលរកឃើញថា សាកសព ជាជនជាតិខ្មែរពិតមែននោះ អគ្គកុងស៊ុលកម្ពុជា នឹងធ្វើការប្តឹងឲ្យចាប់ជនដៃដល់ទៅផ្តន្ទាទោស និងទាមទារសំណងជូនដល់គ្រួសារសព»។
បើតាមសេចក្តីរាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពលរដ្ឋ ២ នាក់ទៀត ដែលបានបាត់ខ្លួននោះគឺមិនទាន់ដឹងពីមូលហេតុថា ពួកគេរត់បាត់ ឬទៅណានៅឡើយទេ។ ជុំវិញការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរ ទៅរកការងារនៅប្រទេសថៃ តាមច្រករបៀងស្រុកសំពៅលូននេះ បើតាមពលរដ្ឋដែលរស់នៅក្បែរនោះ ឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញមានពលករខ្មែរឆ្លងដែនខុសច្បាប់យ៉ាងគគ្រឹកគគ្រេង តែមិនបានឃើញមានសមត្ថកិច្ចឈរជើងនៅទីនោះ ទប់ស្កាត់ពួកគេនោះទេ៕