សកម្មជន​ដីធ្លី​ធ្វើ​លំហាត់​សមយុទ្ធ​បាតុកម្ម​អហិង្សា​ថ្ងៃ​នេះ

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​កន្លង​មក​ដែល​តែង​តែ​ប្រឈម​ជាមួយ​សមត្ថកិច្ច​ពេល​ចេញ​តវ៉ា​​។ រូបថត ម៉ៃ វីរៈ

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​កន្លង​មក​ដែល​តែង​តែ​ប្រឈម​ជាមួយ​សមត្ថកិច្ច​ពេល​ចេញ​តវ៉ា​​។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ និង​ សហគមន៍​មួយ​ចំនួន​ទៀត ដែល​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជធានី​ភ្នំពេញ គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​លំ​ហាត់ «សមយុទ្ធ​បាតុកម្ម​អហិង្សា» ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​ព្រឹក​ចន្ទ​នេះ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជា​មួយ​ អាជ្ញាធរ​សាធារណៈ និង​ដើម្បី​ពង្រឹង​សមត្ថភាព ការ​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់ និង​នីតិវិធី​នៃ​ការ​តវ៉ា​ទាម​ទារ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​រាជរដ្ឋាភិបាល។

ការ​ប្រមូល​ផ្ដុំ​ធ្វើ​លំហាត់​សមយុទ្ធ​បាតុកម្ម​អហិង្សា​នេះ​ នឹង ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​មាន​ទី​តាំង​នៅ​ក្បែរ​សាកល​វិទ្យាល័យ កសិកម្ម​ចម្ការ​ដូង។ បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រី​ប៊ូវ សោភា តំណាង​ប្រជាសហគមន៍​បឹងកក់ អ្នក​ចូល​រួម​នៅ​ក្នុង​លំហាត់​សមយុទ្ធ​បាតុកម្ម​អហិង្សា​នេះ​មាន​ចំនួន​ជិត ១០០ នាក់។

អ្នកស្រីថ្លែង​ថា៖ «នៅ​ពេល​សហគមន៍​យើង​ខ្ញុំ​ជួប​ប្រឈម​ទៅ​នឹង​បញ្ហា​ការ​រំលោភ​បំពាន​សិទ្ធិ​ និង​ដីធ្លី និងការ​លង់​លិច​ផ្ទះ​សំបែង ដោយ​សារ​កង្វះ​ខាត​​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ហើយ​នាំគ្នា​ធ្វើ​ការ​តវ៉ា​ទាមទារ​ដំណោះ​ស្រាយ​ ត្រូវ​បាន​អាជ្ញាធរ​វាយ​បង្ក្រាប​ និងចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ថា​ ល្មើស​នឹង​ច្បាប់​នេះ​ ច្បាប់​នោះ ​ប៉ុន្តែ​ ដំណោះ​ស្រាយ​នៅ​តែ​គ្មាន»។

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា ​ពេល​ខ្លះ​គាត់​បាន​ឮ​មន្ត្រី​សាធារណៈ​មួយ​ចំនួន​ បាន​និយាយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ ដែល​កើត​ឡើង ដូច​ជា​ករណី​ជំនន់​ទឹក​ភ្លៀង​ពី​ដើម​ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៤ កន្លង​ទៅ។

អ្នក​ស្រី​ថា៖​ «ឥឡូវ​យើង​ធ្វើ​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​​បន្ថែម​ទៀត​អំពី​ផ្លូវ​ច្បាប់ និង អំពី​របៀប​នៃ​ការ​ធ្វើ​បាតុកម្ម​​ដោយ​អហិង្សា ដើម្បី​ធ្វើ​ការ​ទាម​ទារ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​រាជរដ្ឋាភិបាល​ ប្រកប​ដោយ​តម្លាភាព​និង​គតិយុត្តិ»​។

ប្ដីអ្នក​ស្រី​ទេព វន្នី គឺលោក អ៊ូ គង់ ជា បាន​និយាយ​ថា លំហាត់​សមយុទ្ធ​បាតុកម្ម​អហិង្សា​នេះ នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​សម្រាប់​ប្រជាសហគមន៍​ ដែល​មាន​ជម្លោះ​ដីធ្លី អំពី​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ការ​បញ្ចៀសឲ្យ​បាន​នូវ​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ពី​អាជ្ញាធរ​សាធារណៈ។

លោកបាន​បញ្ជាក់​ថា មេ​រៀន​សំខាន់ៗ​ ដែល​ត្រូវ​ហាត់​រៀន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រួម​មាន​ការ ដើរ​ក្បួន និង​ឈរ​តវ៉ា​ដោយ​សន្តិ​វិធី ​និង​មិន​បង្ក​ភាព​កក​ស្ទះ​ចរាចរណ៍​សាធារណៈ ការ​បញ្ជូន​សារ​ទៅ​អាជ្ញាធរ​សាធារណៈ អំ​ពី​បញ្ហា​ប្រឈម​ពិត​ប្រាកដ​របស់​​សហគមន៍ និង មាន​ការ​ដាក់​បញ្ចូល​នូវ​ទ្រឹស្ដី និង​នីតិវិធី​​ច្បាប់​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ទាក់​ទង​ទៅ​នឹង​ច្បាប់​បាតុកម្ម។

លោកថា៖ «លំហាត់​សមយុទ្ធ​បាតុកម្ម​អហិង្សា​សកម្ម​របស់​យើង​ខ្ញុំ​នៅ​ពេល​នេះ ​មិន​មែន​ធ្វើ​ឡើងក្នុង​គោល​បំណង​ប្រឆាំង​ទៅ​នឹង​អាជ្ញាធរ​សាធារណៈ​នោះ​ទេ គឺ​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា»។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ បាន​និយាយ​ថា​ ប្រសិន​បើ​​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មាន​ភាព​សហការ​គ្នា​ល្អ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ដែល​​បាន​ ឬ ​កំពុង ​ឬ ​រៀប​ នឹង​កើត​មាន​ឡើង ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ និងមិន​ដំ​អែ​ដំអក់​ទេ​នោះ​ បាតុកម្ម​វា​នឹង​មិន​កើត​មាន​ឡើង​ ហើយ​ក៏​គ្មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​នោះ​ដែរ​៕​


What Next?

Recent Articles