​ក្រសួង​ព័ត៌មាន​គំរាម​ចាត់វិធានការ​ក្តៅ​លើ​អ្នក​បន្ត​ផ្សាយ​គ្រឿង​ស្រវឹង​រំលោភ​លើ​ការណែនាំ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com

​ក្រសួង​ព័ត៌មាន​គំរាម​បិទ​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍ និង​វិទ្យុ​មួយចំនួន បើ​ពួកគេ​នៅតែ​បន្ត​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ចន្លោះ​ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់ រំលោភ​លើ​សេចក្តីណែនាំ​របស់​ក្រសួង​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដល់​អនាគត​កុមារ ។​

​ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​ជូនដំណឹង​ពី​ការណែនាំ​នេះ​ជាង​៣​ខែ​មក​ហើយ តែ​គ្មាន​ប្រសិទ្ធភាព ។​

លិខិត​ព្រមាន​ថ្មី​ទៀត​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥ ឲ្យដឹងថា​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ក្នុងស្រុក​មួយ​ចំនួន បាន​អនុលោម​តាម​សេចក្តីណែនាំ​របស់​ក្រសួង ។ ប៉ុន្តែ​ស្ថានីយទូរទស្សន៍​មួយចំនួនទៀត នៅតែ​បន្ត​ចាក់ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ រំលោភ​លើ​សេចក្តីណែនាំ​របស់​ក្រសួង ។​

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុយ សា​រ៉ាវុធ ដដែល​ឲ្យដឹង​ទៀតថា បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​នៅតែ​បន្ត​ចាក់ផ្សាយ​រំលោភ​បន្តទៀត នោះ​ក្រសួង​នឹង​ចាត់វិធានការ​ឲ្យ​ផ្អាក​ការផ្សាយ ពី​២​សប្តាហ៍ ទៅ​មួយ​ខែ និង​អាចឈាន​ទៅ​ដក​អាជ្ញាប័ណ្ណ​ការផ្សាយ​ទាំងស្រុង ប្រសិនបើ​នៅ​តែ​ពុំ​រាងចាល ។​

​អគ្គនាយករង​ទូរទស្សន៍ CNC លោក ហ៊ុយ វណ្ណៈ លើកឡើងថា ជា​ការល្អ​ក្នុង​ការចូលរួម​គោរព​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន បើទោះបីជា​ការអនុវត្ត​នោះ​មាន​ផលប៉ះពាល់​ខ្លះ ដល់​ដំណើរ​ការរក​ប្រាក់ចំណូល​សម្រាប់​ស្ថាប័ន​លោក​ក៏​ដោយ ។​

​ប៉ុន្តែ​លោក​យល់ថា​ដោយសារ​ទីផ្សារ​នៅ​កម្ពុជា​ទើបតែ​ងើប ដូចនេះ​ការអនុវត្ត​ច្បាប់​ត្រូវ​ផ្ទៀងផ្ទាត់ និង​តុល្យភាព​នៃ​តម្រូវការ​សង្គម ។

​ប្រធាន​ការិយាល័យ​ផ្នែក​ព័ត៌មាន​នៅ​ទូរទស្សន៍​បាយ័ន BTV លោក ងួន ភារម្យ អះអាងថា​ការណែនាំ​របស់​ក្រសួង​ព័ត៌មាន​នេះ​វា​ជា​រឿង​ល្អ ។ ប៉ុន្តែ​លោក​មិន​អត្ថាធិប្បាយ​ថា ចាប់​ពី​មាន​សេចក្តីណែនាំ​ពី​ក្រសួងព័​ត៌​មក ទូរទស្សន៍​មួយ​នេះ​ឈប់​ចាក់ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង តាម​ការណែនាំ​ឬ​យ៉ាងណាទេ ។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប្រកាស​ឲ្យដឹង​ថា មនុស្ស​យ៉ាង​តិច​ជាង​២​ពាន់​នាក់​(២១៤៣​នាក់​) បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៤​នេះ ក្នុងនោះ​អ្នកស្លាប់​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ពេល​បើកបរ នៅតែ​ជាប់​លំដាប់​ថ្នាក់លេខ​២ ។ 

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា​ក្រសួង​ព័ត៌មាន​នឹង​បរាជ័យ​ម្តងទៀត បើ​ការចាត់វិធានការ​នោះ​មិន​អាច​ធ្វើ​ទៅលើ​មនុស្ស​មួយ​ក្រុម ដែល​មាន​ខ្នងបង្អែក​ធំៗ​អនុវត្ត​បាន​នោះ ។

​កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​ទូរទស្សន៍​ទាំង​វិទ្យុ​ក្នុង​ស្រុក​ទាំងអស់ ត្រូវ​ផ្អាក​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់  ដោយ​សំអាង​ថា​រយៈពេល​២​ម៉ោង​នោះ ជា​ពេល​ដែល​កុមារ​ភាគច្រើន​កំពុង​មើល​ទូរទស្សន៍ ពួកគេ​នឹង​អាច​ក្លាយជា​មនុស្ស​សេព​គ្រឿង​ស្រវឹង​ទៅ​ថ្ងៃ​អនាគត បើ​កុមារ​ទាំងនោះ​ខ្វះ​ការពិចារណា​តាម​ការផ្សព្វផ្សាយ ដែលថា ពួកគេ​នឹង​ក្លាយជា​អ្នកមាន​ពេល​ទទួលបាន​ពានរង្វាន់ តាមរយៈ​ការសេព​គ្រឿង​ស្រវឹង​នេះ ៕ 

​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com​

What Next?

Recent Articles