​មន្ដ្រី​យោធា​សន្យា​ដោះស្រាយ ករណី​ប៉ះពាល់​ពី​គម្រោង​សង់​ទំ​បន់​អាងទឹក​​

ដោយ៖​ បូ សា​វី​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

​យោធាប្រដាប់​ដោយ​កាំ​ភ្លើង យាម​កាម​នៅ​កន្លែង​មាន​ជម្លោះ​បញ្ហា​ដី​ធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ (រួបថត​៖ បូ សាវី)

មន្ដ្រី​យោធា​នៅ​យោធភូមិភាគ​ទី​៤ សន្យា​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​នៅ​ថ្ងៃទី​១៤ ខែ​មករា​ខាងមុខ​នេះ បន្ទាប់​ពី​មាន​ការប្រឈមមុខ​ដាក់​ដោយ​ហិង្សា លើ​គម្រោង​សង់​ទំនប់​អាង​ស្ដុក​ទឹក​ទុក​ឲ្យ​កងទ័ព​ប្រើប្រាស់ នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ។​

លោក​ឧតម្ដសេនីយ៍ត្រី  ទេព រួន មានប្រសាសន៍ថា រាជ​រដ្ឋភិបាល​បាន​ប្រគល់​ដី​តំបន់​នោះ​ចំនួន​៥០០០​ហិកតា ដើម្បីឲ្យ​យោធភូមិភាគ​ទី​៤ ធ្វើ​ទីលាន​យុត្ដិសាស្ដ្រ​រឹងមាំ​របស់​កងទ័ព ដើម្បី​ជួយ​ដល់​ទីបញ្ជាការ​ទិស​មុខ និង​មាន​គម្រោង​ធ្វើ​ផ្លូវ​យុត្ដិសាស្ដ្រ និង​សង់​ទំនប់​ទឹក​សម្រាប់​កងទ័ព​ប្រើប្រាស់ ។ លោក​បន្ដថា ផល​ប៉ះពាល់​ពី​ការសង់​ទំនប់​ទឹក​នោះ​មាន​តិចតួច​ទេ ហើយ​ការអភិវឌ្ឍ​ដើម្បី​ផលប្រយោជន៍​ជាតិ​ច្រើនជាង ។ លោក​ឲ្យ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់ ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ ។​

​នៅពេល​ជួប​ផ្ទាល់​កាលពី​ថ្ងៃអាទិត្យ ប្រជាពលរដ្ឋ​សម្ដែង​ការឈឺចាប់​លាយឡំ​ទាំង​ទឹកភ្នែក ដោយ​បារម្ភ​ថា​ការសាងសង់​ទំនប់​ទឹក​កាត់​អូរ​ធម្មជាតិ​នោះ នឹង​បង្ក​ឲ្យ​ជន់​លិច​ផ្ទះ និង​ដី​របស់​អ្នកភូមិ ។ ពួកគេ​សម្ដែង​ការឈឺចាប់ ខណៈ​ឃើញ​យោធា​កាប់បំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ​មិន​មាន​អ្នក​ហាម​ហ៊ាន​ឃាត់ ប៉ុន្ដែ​សម្រាប់​ពលរដ្ឋ​ក្រក្រី​ដែល​កាប់ឆ្កា​ព្រៃ​ដំណាំ​តូចតាច​ដើម្បី​ចិញ្ចឹមជីវិត បែរ​ជា​យោធា​ប្រើ​អាវុធ​បាញ់​គំរាម ហើយ​ចាប់​ចង​ធ្វើ​ទារុណកម្ម​។

​អ្នកសម្របសម្រួល​អង្គ​ការការពារ​សិទ្ធិមនុស្ស​លីកាដូ ខេត្ដ​សៀមរាប លោក នូ ពុទ្ធិ យល់​ថា​ករណី​នេះ ជា​ភាព​ខ្សោយ​របស់​រដ្ឋាភិបាល​ដែល​មិន​បង្ហាញ​ពី​គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​សង្គម លើ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់ៗ​ជាមុន ហើយ​ពេល​អនុវត្ត​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ ។​

កាល​ពី​ម្សិលមិញ​កម្លាំងយោធា​យោធភូមិភាគ​ទី​៤ ប្រហែល​ពី​៣០​ទៅ​៤០​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​បាន​បិទផ្លូវ​មិន​ឲ្យ​ពលរ​ដ្ឋចេញ​ពី​ភូមិ​ដោយ​ព្រមាន​បាញ់សម្លាប់ ខណៈ​អ្នកភូមិ​គំរាម​ដុត​គ្រឿងចក្រ​របស់​យោធា ។ ប៉ុន្ដែ​សភាពការណ៍​បាន​ធូរស្រាល​វិញ​នៅ​ម៉ោងជាង​២​រសៀល  បន្ទាប់​ពី​មន្ដ្រី​យោធា​សន្យា​ដោះស្រាយ​នៅ​សប្តាហ៍​នេះ ៕

សូមសរសេរមកលោគ ​បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles