ដោយ៖ ខាន់ លក្ខណា
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
អភិបាលខេត្តបន្ទាយមានជ័យអះអាងថា មិនមានវិធានការទប់ស្កាត់ពលករចំណាកស្រុកវិលល្ងាចនៅតាមច្រករបៀងនោះទេ ដោយសារពួកគេមានជីវភាពក្រីក្រ ពិបាកទៅធ្វើលិខិតឆ្លងដែន ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការនគបាលជាតិបានរកឃើញថា មន្ត្រីនគរបាលបង្កើតច្រករបៀងខុសច្បាប់នៅក្រុងប៉ោយប៉ែតសម្រាប់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងមួយថ្ងៃៗរាប់រយនាក់ ហើយក្នុងម្នាក់ត្រូវបង់ប្រាក់៥០០បាត ដែលស្មើនឹងជាង៥០០០០រៀល ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ប្រាប់ VOD កាលពីថ្ងៃអាទិត្យម្សិលថា លោកទទួលស្គាល់ថា ក្នុងមួយថ្ងៃមានពលករចំណាកស្រុកខុសច្បាប់ទៅធ្វើការវិលល្ងាចប្រមាណ២០០ទៅ៣០០នាក់មែន តែលោកថាអាជ្ញាធរមិនមានវិធានការទប់ស្កាត់បាន ព្រោះអ្នកទាំងនោះទៅធ្វើការនៅប្រទេសថៃវិលល្ងាច ហើយពួកគេភាគច្រើនមានជីវភាពក្រីក្រ ពិបាកទៅធ្វើលិខិតឆ្លងដែនជាដើម ។ លោកមានប្រសាសន៍ថា «ឥឡូវខ្ញុំសួរ ទប់ស្កាត់យ៉ាងម៉េច សេរីភាពគេដែរ រឿងដើរហើរស្អីៗ មិនមានគោលការណ៍ទប់មិនឲ្យមនុស្សឆ្លងដែន មានទេ? (សំណួរអ្នកសារព័ត៌មាន៖ ប៉ុន្តែការឆ្លងដែនត្រូវមានលិខិតឆ្លងដែនស្របច្បាប់) ព្រោះគ្នាទៅព្រឹកមកល្ងាច ពិបាកទៅធ្វើលិខិតឆ្លងដែននៅភ្នំពេញ អ៊ីចឹងយើងធ្វើម៉េច គ្នាសុទ្ធតែអ្នកក្រីក្រ រវល់តែរត់ទៅធ្វើលិខិតឆ្លងដែននៅភ្នំពេញ អស់ប៉ុន្មានៗ ។ បើលិខិតឆ្លងដែន៦ដុល្លារទាល់តែទៅតាមក្រុមហ៊ុន នេះមិនមាន[ទៅតាម]ក្រុមហ៊ុនទេ ទៅព្រឹកមកល្លាច» ។
លោក គោ ស៊ុំសារឿត បញ្ជាក់ថាចំពោះការចោទប្រកាន់ថា អាជ្ញាធរយកលុយពីពលករនោះ លោកមិនបានដឹងនោះទេ ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋឆ្លងដែនទៅធ្វើការនៅប្រទេសថៃខុសច្បាប់ ដោយសារតែមន្ត្រីនៅតាមច្រកព្រំដែនទទួលបានផលប្រយោជន៍ពីពលករដែលធ្វើចំណាកស្រុក ហើយអង្គភាពប្រឆាំងអំពើពុករលួយមិនដែលពិនិត្យពីបញ្ហាទាំងនេះទេ ។ លោកថា «បញ្ហាពុករលួយវិញគឺមហារលួយ វារលួយខ្លាំងពេកហើយ វាក្លាយទៅជាប្រអប់មួយដែលអ្នកទំនាក់ទំនងព្រំដែន ពិសេសអ្នកដែលនៅច្រកមួយក្លាយជាអ្នកដូរលុយកាក់ដើម្បីដូរនូវតំណែង[តំណែងមន្ត្រីនៅច្រកព្រំដែន]ហ្នឹង» ។
នៅដើមខែមករា ឆ្នាំ២០១៥នេះ គេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយថា ច្រករបៀងខុសច្បាប់នោះស្ថិតនៅចំណុចខាងលិចកាស៊ីណូហ្គោលឌិនក្រោន និងខាងជើងស្ពានមិត្តភាពកម្ពុជា-ថៃ ចម្ងាយ៥០០ម៉ែតពីច្រកអន្តរជាតិប៉ោយប៉ែត ដែលគ្រប់គ្រងដោយលោក ប៊ុន សុផា កូនចៅលោក សឹម សំអាត មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត ។
ប្រភពព័ត៌មានដដែលនេះឲ្យដឹងថា នៅត្រង់ចំណុចរបៀងនោះគេឃើញមានមន្ត្រីស្លៀកពាក់ស៊ីវិល ចាំយកប្រាក់ពីពលករខ្មែរដែលឆ្លងដែនខុសច្បាប់នោះ ដែលយ៉ាងហោចណាស់៣០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងម្នាក់ត្រូវបង់ប្រាក់៥០០បាត ដែលស្មើនឹងជាង៥០០០០រៀល ។
មន្ត្រីសង្គមស៊ីវិលធ្លាប់លើកឡើងថា បើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមិនទប់ស្កាត់ពលករខុសច្បាប់ទាំងនោះទេ គឺពលករខ្មែរទាំងនោះ អាចប្រឈមនឹងសមត្ថកិច្ចថៃចាប់ធ្វើទារុណ ឬបាញ់សម្លាប់ ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខណា តាមរយៈ khanleakhena@yahoo.com