ដោយ៖ ទូច សុខា
ថ្ងៃព្រហស្បតិ៍ ទី19 មិនា 2015
http://vodhotnews.com
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ស្តីពីសិទ្ធិការងារ ដើម្បីទប់ស្តាត់ការរំលោភបំពានសិទ្ធិកម្មករនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សចេញផ្សាយពីទីក្រុងញូយ៉កនៅថ្ងៃនេះ ឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែមីនា អង្គការអន្តរជាតិមួយនេះបានផ្ញើលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការឆ្លើយតបនឹងលិខិតរបស់ក្រសួងការងារដែលបានច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស្ដីពីការរំលោភសិទ្ធិការងារ ។
នៅក្នុងខែមីនានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍ស្ដីពីការរំលោភសិទ្ធិការងារ ដែលមានចំណងជើងថា Work Faster or Get Out ។ របាយការណ៍កម្រាស់១៤៦ទំព័រនេះបានសរសេរថា រោងចក្រកាត់ដេរនៅកម្ពុជាជារឿយៗបានរើសអើង និងកេងប្រវ័ញ្ចចំពោះលក្ខខណ្ឌការងាររបស់កម្មរ ។ កម្មករភាគច្រើនបានទទួលកិច្ចសន្យាការងារមានថិរវេលាកំណត់ ដែលជាហេតុធ្វើឲ្យពួគាត់ងាយរងគ្រោះពីការបណ្តេញចេញ ។
កាលពីថ្ងៃទី១៣ ខែមីនា ក្រសួងការងារបានបដិសេធទៅនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ដោយចាត់ទុកថាសិក្សាស្រាវជ្រាវមិនមានមូលដ្ឋនច្បាស់លាស់ ។ ដូចគ្នានេះដែរ កាលពីថ្ងែទី១៧ ខែមីនា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចាត់ទុកសិក្សាស្រាវជ្រាវនេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃសិទ្ធិកម្មករ ព្រោះការសិក្សានេះបានសម្ភាសន៍តែកម្មករចំនួន២៧០ ដែលស្មើនឹង០,០៣៨ភាគរយ នៃកម្មករសរុបចំនួន៧០០ ០០០ នាក់នៅក្នុងឧស្សាហកម្មកាត់ដេរ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់នៅក្នុងលិខិតផ្ញើទៅកាន់លោក ហ៊ុន សែន ថា ខ្លួននៅតែរក្សាជំហរចំពោះលទ្ធផលដែលបានរកឃើញនៅក្នុងរបាយការណ៍ចេញផ្សាយនាពេលកន្លងមក ។ Human Rights Watch បានការពារការសិក្សាររបស់ខ្លួនថា ជាការសិក្សាដែលត្រូវបានធ្វើឡើងដោយមានការស្រាវជ្រាវ និងពិគ្រោះយោបល់យ៉ាងទូលំទូលាយ ។ Human Rights Watch បន្តថា ការសិក្សាស្រាវជ្រាវនេះ ក៏យោងទៅតាមរបាយការណ៍ពីស្ថាប័នឯករាជ្យផ្សេងទៀតដូចជា គម្រោងរោងចក្រកាន់តែប្រសើនៅកម្ពុជា (BFC) និងអង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ ។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បាននៅឡើយទេ ដោយទូរស័ព្ទចូលតែលោកចុចបិទ ។
សេចក្តីប្រកាសព័ត៌មានរបស់ Human Rights Watch បានស្នើឲ្យរដ្ឋាភិបាលគួរតែពង្រឹងកិច្ចសហការរវាងក្រសួងនានាឲ្យប្រាកដថា រោងចក្រកាត់ដេរទាំងអស់ត្រូវបានចុះបញ្ជី និងទទួលបានការត្រួតពិនិត្យដោយទៀងទាត់ពីអធិការកិច្ចការងារ ។ Human Rights Watch ក៏បានជម្រុញឲ្យប្រមុខរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម បង្កភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសាធារណៈ ៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com