ដោយ៖ ស៊ុន ណារិន
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
សកម្មភាពនៃការប្រឡងនៅខេត្តពោធិ៍សាត់(រូបថតពីហ្វេសប៊ុកយុវជន តាន់ តួថាំង)
យុវជនមួយក្រុមដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បានរួមគ្នារៀបចំព្រឹត្តិការណ៍«ប្រឡងកំពូលប្រាជ្ញា»(King Of Intelligence Contest) ដែលមានគោលបំណងជំរុញឲ្យសិស្សានុសិស្សក្នុងខេត្តពោធិ៍សាត់អាចបញ្ចេញសមត្ថភាពខាងចំណេះដឹងទូទៅ
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមយុវជនដែលមានសមាជិកប្រមាណ៣០នាក់ឲ្យដឹងថាព្រឹត្តិការណ៍នៃការប្រឡងនេះបានចាប់ផ្តើមពីខេត្តពោធិ៍សាត់ដំបូងគេ គឺនៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៥នេះ។
យុវជន តាន់ តួថាំង ដែលជាប្រធានក្រុមរៀបចំការប្រឡង និងជានិស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងសិក្សានៅប្រទេសជប៉ុន បានលើកឡើងថានេះជាកម្មវិធីប្រឡងថ្មីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។លោកបន្តថាសិស្សដែលសិក្សានៅវិទ្យាល័យខេត្តពោធិ៍សាត់ជាង២០០នាក់ត្រូវបានជ្រើសរើសដើម្បីចូលរួមការប្រឡងនេះ។
តាន់ តួថាំង បន្តថា«ការប្រឡងនេះគឺផ្តោតទៅលើចំណេះដឹងទូទៅទូលំទូលាយ និងការប្រើប្រាស់ប្រាជ្ញា ដើម្បីចង់លើកទឹកចិត្តសិស្សានុសិស្សជំនាន់ក្រោយឲ្យផ្តោតអារម្មណ៍បន្ថែមទៅលើចំណេះដឹងជុំវិញខ្លួនមិនថាក្នុងសាលា ឬក្រៅសាលា។ ម៉្យាងទៀតប្អូនៗដែលមានប្រាជ្ញាខ្លាំង និងចំណេះដឹងទូលំទូលាយគួរតែត្រូវបានផ្តល់ឱកាសឲ្យបញ្ចេញសមត្ថភាព»។យុវជនរូបនេះបន្តទៀតថា«ខ្ញុំរំពឹងថាប្អូនៗជំនាន់ក្រោយ នឹងទទួលបាននូវចំនេះដឹងថ្មីការយល់ឃើញថ្មីពីការប្រកួតប្រជែងប្រាជ្ញាដែលមិនធ្លាប់មានពីមុនមកនេះផងដែរ។ ខ្ញុំក៏រំពឹងថានឹងអាចបន្តរៀបចំការប្រឡងកំពូលប្រាជ្ញានេះនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជាបន្ទាប់ពីការប្រឡងលើកទីមួយនេះ»៕
