ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះអង្គ ថាច់ ហាសំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សី (រូបភាពកន្លងមក)
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យព្រះសង្ឃ៥អង្គ នៅវត្តសាមគ្គីរង្សី រួមទាំងព្រះចៅអធិការវត្តផង និមន្តមកតុលាការនៅចុងសប្តាហ៍ក្រោយនេះដើម្បីចោទសួរពីបទប្រើហិង្សា និងបរិហាកេរ្តិ៍ជាសាធារណៈ ។
តាមដីកាកោះរបស់តំណាងអយ្យការលោកគី ប៊ុណ្ណារ៉ា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ តម្រូវឲ្យព្រះសង្ឃទាំង៥អង្គនោះនិមន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ឈ្មោះសុទ្ធ ឆៃយ៉ា ប្តឹងពីបទ ហិង្សាដោយចេតនា និងបរិហាកេរ្តិ៍ជាសាធារណៈ ។
តាមដីកាកោះ៥ដាច់ដោយឡែកពីគ្នារបស់លោក គី ប៊ុណ្ណារ៉ា ឲ្យដឹងថា ព្រះសង្ឃទាំង៥អង្គនោះមានព្រះចៅអធិវត្តសាមគ្គីរង្សី ព្រះតេជគុន ថាច់ ហាសំអាង ព្រះតេជគុន ថាច់ វណ្ណា ថាច់ ដែន លីវ នឿ និងព្រះតេជគុន លីវ នេន ។
ព្រះសង្ឃទាំង៥អង្គត្រូវតុលាការបង្គាប់ឲ្យនិមន្តចូលបំភ្លឺពេលបរិច្ឆេទខុសគ្នា គឺនៅថ្ងៃទី២៥ -២៦និង២៧ខែមីនាឆ្នាំ២០១៥ ។
ក្រោយការបោះឆ្នោតព្រះសង្ឃច្រើនរយអង្គបានចេញធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ប្រឆាំងលទ្ធផលបោះឆ្នោត និងព្រះសង្ឃខ្លះទៀតចូលរួមសកម្មប្រឆាំងការបណ្តេញចេញ និងទាមទាមទារយុត្តិធម៌សង្គម ។
មកដល់ពេលនេះ ព្រះសង្ឃដែលធ្លាប់និមន្តចេញតវ៉ាយ៉ាងតិច៣ព្រះអង្គត្រូវតុលាការបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ចោទពីបទផ្សេងៗគ្នា ដូចជាព្រះតេជគុន ស៊ឺន ហាយ ព្រះតេជគុន សាង កុសល និងព្រះតេជគុន ឃិត វណ្ណៈ ដែលព្រះសង្ឃទាំង៣អង្គគង់នៅវត្តស្ទឹងមានជ័យ ។
ព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃ៤អង្គផ្សេងទៀត គឺព្រះតេជគុន ថាច់ វណ្ណា មានថេរដីកាថា ព្រះសង្ឃទាំង៥អង្គទំនងជាពិចារណាមិនមកបំភ្លឺតាមដីកាកោះរបស់តុលាការទេ ដោយព្រះអង្គអះអាងថា ព្រះសង្ឃទាំង៥អង្គមិនដែលបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ ។
ព្រះតេជគុន ថាច់ វណ្ណា យល់ថា ការចោទប្រកាន់នេះទំនងជាការរៀបចំទុករបស់ភាគីណាមួយ ក្នុងបំណងធ្វើបាបព្រះសង្ឃខ្មែរក្រោម ដែលតែងទាមទារសិទ្ធិ រស់នៅលើទឹកដីកំណើត ដែលគ្រប់គ្រងដោយប្រទេសវៀតណាម ។
វត្តសាមគ្គីរង្សី ដែលមានទីតាំងនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ជាវត្តមួយគ្រប់គ្រងដោយ ព្រះសង្គខ្មែរកម្ពុជាក្រោម ។
ព្រះសង្ឃគង់នៅវត្តនេះ ធ្លាប់និមន្តចូលរួមជាមួយពុទ្ធបរិស័ទអ្នកមានជម្លោះដីធ្លីទាមទារ យុត្តិធម៌សង្គម ប្រឆាំងនឹងមន្ត្រីស្ថានទូតវៀតណាម ទាក់ទិននឹងការបំភ្លៃប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីខ្មែរក្រោម ឲ្យទៅវៀតណាមគ្រប់គ្រងជាដើម ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com