Mon, 23 March 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: រូបថតបង្ហាញពីជីវិតប្តីប្រពន្ធរបស់តារាចម្រៀង កែវ ច័ន្ទសម្ផស្ស និងស្វាមីថៅកែចម្ការកៅស៊ូ រួមជាមួយកូនប្រុសរួមតំណក់ឈាមមានអាយុប្រហែលជាបីឆ្នាំនោះ ត្រូវបានទម្លាយចេញពីអ្នកគាំទ្រផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ខណៈសាមីខ្លួនជាតារាចម្រៀងស្រីក្នុងជួរកងទ័ពម្នាក់ដ៏ល្បីឈ្មោះរូបនេះ បានព្យាយាមបំភាន់ភ្នែកមហាជនជាងបីឆ្នាំ ជាមួយនឹងការប្រកាសយ៉ាងក្តែងៗក្នុងកញ្ចក់ទូរទស្សន៍ថា ខ្លួនមិនមានប្តី និងមិនទាន់បានរៀបការដូចព័ត៌មានល្បីនោះទេ។
ប៉ុន្តែទោះជាយ៉ាងណាដំណឹង កែវ ច័ន្ទសម្ផស្ស រៀបការមានប្តីនោះ នាងក៏ធ្លាប់បានស្នើសុំភ្នំពេញ ប៉ុស្តិ៍ សុំកុំបរិយាយវែងឆ្ងាយពីរឿងនេះ ផងដែរ ខណៈដែល ភ្នំពេញ ប៉ុស្តិ៍ មានរូបថតនាង និងស្វាមីដែលថតបានដោយកម្រ គ្រានាងបណ្តើរគ្នាចូលញ៉ាំអាហារពេលរាត្រីនោះ។
កន្លងមកធ្លាប់មានសម្ដីសារភាពពីសាច់ញាតិថា វេលាជ័យចូលរោងផ្កាស្លា ក្រាបផ្ទឹមបញ្ចប់ភាពនៅលីវរបស់តារាចម្រៀង កែវ ច័ន្ទសម្ផស្ស និងថៅកែចម្ការកៅស៊ូ ដែលមានឋានៈជាមន្ត្រីកងទ័ព ធ្វើនៅថ្ងៃទី ៣១ ខែធ្នូ និងបញ្ចប់នៅដើមឆ្នាំ ២០១២ ត្រូវបានរៀបចំនៅទឹកដីខេត្តបន្ទាយមានជ័យ។
ប៉ុន្តែ ដំណឹងនេះបែរជាធ្វើឲ្យមហាជនខកចិត្ត ក្រោមក្តីទន្ទឹងចាំបាត់ៗទាំងផ្សាភ្នែក មិនឃើញមានរូបភាពដែលបង្ហាញពីពិធីរៀបអាពាហ៍ពិពាហ៍លេចចេញតាមប្រព័ន្ធផ្សព្វផ្សាយណាមួយ សូម្បីមួយសន្លឹកបង្ហាញពីសក្ខីភាពនៃថ្ងៃមង្គលរបស់នាង និងថា តើប្តីតារាចម្រៀងរូបនេះមានមុខមាត់យ៉ាងម៉េចនោះ?
ក្រោយមកទៀតតារាចម្រៀងសំនៀងមនោសញ្ចេតនាក្នុងជួរកងទ័ព នាង កែវ ច័ន្ទសម្ផស្ស រឹតតែធ្វើឲ្យមហាជនភ្ញាក់ស្រឡាំងកាំង ជាមួយពាក្យបដិសេធច្បាស់ៗតាមកញ្ចក់ទូរទស្សន៍ថា នាងមិនទាន់បញ្ចប់ភាពនៅលីវ ដូចពាក្យល្បីនោះទេ។
នៅរាត្រីថ្ងៃអាទិត្យទី ២៣ ខែកញ្ញា ឆ្នាំ ២០១២ ពីក្នុងកម្មវិធីជីវិតសិល្បៈ របស់ស្ថានីយទូរទស្សន៍លេខ ៩ ដែលមានលោក សុះ ម៉ាច និង តារាចម្រៀង ជុំ ម៉ាយ៉ាវីន ជាពិធីករនោះ កែវ ច័ន្ទសម្ផស្ស បានប្រកាសថា៖ «នាងខ្ញុំមិនមានកូន ហើយក៏មិនទាន់មានស្វាមីដែរ»។
យ៉ាងណា ភ្នំពេញ ប៉ុស្ដិ៍មិនបានរំលោភសិទ្ធិនាងសុំមិនឲ្យទម្លាយរូបភាពនាង និងប្តីនោះឡើយ ក្នុងចន្លោះជាងបីឆ្នាំមកនេះ។ ប៉ុន្តែនៅពេលនេះការពិតបានធ្លាយចេញពីក្នុងបណ្តាញសង្គម ដែលមិនត្រឹមតែបង្ហាញថា តារាចម្រៀងស្រីម្នាក់នេះពិតជាបានរៀបការជាមួយប្តី ជាថៅកែចម្ការកៅស៊ូនោះទេ ក៏បង្ហាញផងដែរថា មកដល់ពេលនេះ តំណក់ឈាមរួមថៅកែសម្បូរទ្រព្យវ័យចំណាស់ ស្នងត្រកូលខាងឪពុកនោះ ក៏មានវ័យធំធាត់ហើយដែរ។
តាមការមើលឃើញពីកាយសម្បទាធំធាត់ដ៏ទ្រលុកទ្រលន់អាចស្ថិតក្នុងអាយុបីខួបនោះ ឃើញថា កូនប្រុសច្បងរបស់ កែវ ច័ន្ទសម្ផស្ស ជាមួយនឹងថៅកែចម្ការកៅស៊ូនោះ មានវ័យស្របតាមវេលាដែលគេល្បីថា នាងចូលរោងការស្ងាត់ៗនោះមែន។
ខណៈការពិតត្រូវបានទម្លាយ ផ្ទុយស្រឡះពីការអះអាងរបស់ កែវ ច័ន្ទសម្ផស្ស នោះ មជ្ឈដ្ឋាននិយមគាំទ្រនាង បានបង្ហាញការរិះគន់យ៉ាងខ្លាំងលើភាពមិនទទួលការពិតនេះ ដោយពួកគេបរិយាយថា៖ «កែវ ច័ន្ទសម្ផស្ស អើយ! ចាំបាច់អី ទៅព្យាយាម បង្វែងការពិតនៃជីវិតដែលធម្មជាតិតាក់តែងមកនេះម្ល៉េះ? ឬមួយថា កែវ ច័ន្ទសម្ផស្ស គិតថា ក្រដាសអាចខ្ចប់ភ្លើងបាន ឬបានជានាងខំព្យាយាមបិទបាំងណាស់ ដល់ថ្នាក់ស្នើសុំមិនឲ្យចេញផ្សាយព័ត៌មានរឿងនាងមានប្តីហ្នឹង?»។
បន្តនូវប្រយោគសំណួរបែបចំអកឡកឡឺយនោះ ពួកគេបាននិយាយថា៖ «នាងចង់រកទីផ្សារអីទៀត មិនខ្វះទេសិល្បៈស្រីៗខ្លះគេមិនទាំងបានចូលរោងការផងគេប្រាប់ក្តែងថា មានប្តីហើយចុះចាំបាច់អី កែវ ច័ន្ទសម្ផស្ស បានរៀបការក្រាបក្បាលដល់កន្ទេលហើយនោះនៅលាក់គេដែរ ប្តីនាងលួចគេមែនបានជានាងព្យាយាមធ្វើបែបនេះ?»។
យ៉ាងណា ចម្លើយស្រាយចម្ងល់មហាជន ក្រោយបែកធ្លាយការពិតរូបថតប្តីប្រពន្ធមានទាំងកូនមួយហ្វូងផងនេះ នៅមិនមានការតបវិញពីតារាចម្រៀង កែវ ច័ន្ទសម្ផស្ស ខណៈ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងនាងបានឡើយ។
ប៉ុន្តែ តាមរយៈរូបថតមានទាំងកូន និងរូបថតដែលភ្នំពេញ ប៉ុស្តិ៍ ថតបានកាលពីបីឆ្នាំមុននោះបាន បញ្ជាក់ដល់មហាជនថាតារាចម្រៀងបែបស្រគត់ស្រគំរូបនេះ ពិតជាមានគ្រួសារហើយមែន។ សង្ឃឹមថានាងនឹងចេញមុខបកស្រាយឲ្យមហាជនបានអស់មន្ទិលសង្ស័យ៕
