Mon, 23 March 2015
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: រូបភាពព្រះសង្ឃព្រះពុទ្ធសាសនាមួយអង្គនិមន្ដប្រោះព្រំបណ្ដេញឧបទ្រពចង្រៃចេញពីផ្ទះ អមពីក្រោយដោយនារីសក់ទង់ដែង ៥ នាក់ ខណៈតួឯករងប្រុសម្នាក់យួរកាបូប និងឧបករណ៍ភ្លេងដើរឆ្លងកាត់មួយភ្លែតដូចផ្លេកបន្ទោរ មើលមិនចង់ទាន់ គឺជាឈុតឆាកនៃការសម្ដែងរបស់តារាភាពយន្ដខ្មែរនៅលើឆាកហូលីវូដដ៏កម្រ។
ថ្វីដ្បិតតែឈុតសម្ដែងឃើញដូចអំពិលអំពែកត្រឹមតែ ៥ វិនាទី ក្នុងភាពយន្ដយ៉ាងណាក៏ដោយ ក៏តារាលំដាប់ហូលីវូដ វ័យ ៤៧ ឆ្នាំ លោក ប្រាក់ ដេវិដ មានសេចក្ដីសោមនស្សរីករាយណាស់។
លោកបានឲ្យដឹងថា៖ «ខ្ញុំសម្ដែងជាតួរាយរងមួយប៉ុណ្ណោះ ប៉ុន្ដែខ្ញុំពេញចិត្ដក្នុងការរួមចំណែកក្នុងភាពយន្ដលំដាប់ហូលីវូដនេះ។ Inherent Vice បានជាប់ជាភាពយន្ដសម្រាំងសម្រាប់ប្រកួតពានរង្វាន់អូស្ការ ២ ប្រភេទ គឺទីមួយ ការសម្ដែងសមឥតខ្ចោះ ហើយទីពីរ ការរចនាសម្លៀកបំពាក់ល្អបំផុត»។
តារាដើមកំណើតខ្មែររូបនេះបន្ដថា៖ «ខ្ញុំនៅតែមានក្ដីរំភើបរីករាយ បើទោះបីជាភាពយន្ដទសវត្សរ៍ទី ៧០ នេះ មិនឈ្នះពានរង្វាន់អូស្ការណាមួយយ៉ាងណាក៏ដោយ។ ខ្ញុំសង្ឃឹមថា នេះគឺជាជំហានដ៏ជោគជ័យសម្រាប់ខ្ញុំ»។
គួរបញ្ជាក់ ភាពយន្ដ Inherent Vice បានចូលរួមដណ្ដើមពានអូស្ការឆ្នាំ ២០១៥ នេះ ឆ្លុះបញ្ចាំងពីដំណើររឿងក្នុងឆ្នាំ ១៩៧០ ប៉ូលិសស៊ើបអង្កេតករណីការជួញដូរគ្រឿងញៀននៅក្រុងឡូសអេនជឺលេស ឡារី «ដក» ស្ប៉តតេឡូ បានស៊ើបអង្កេតករណីបាត់ខ្លួនរបស់អតីតមិត្ដស្រី។
អតីតចោរសមុទ្រក្នុងរឿង «Pirates of the Caribbean» រូបនេះ បានឲ្យដឹងថា លោក គឺជាសមាជិកក្រុមការងារផលិតដ៏សកម្មមួយរូប ហើយថ្មីៗនេះ លោកបានសម្ដែងនៅក្នុងភាពយន្ដបែបបាញ់ប្រហារប្រកបដោយរូបភាពស្រើបស្រាល គឺរឿង «Blonde Squad»។
Blonde Squad គឺជាបេសកកម្មវាយកម្ទេចដើម្បីបញ្ឈប់ក្រុមមេដឹកនាំកុម្ម៉ង់ដូដែលបំផ្លិចបំផ្លាញជីវិតមនុស្សលើផែនដីដោយប្រើអាវុធមីស៊ីលនុយក្លេអ៊ែរដ៏មហាប្រល័យ។
នៅឆ្នាំ ២០១៥ នេះ ក្រុមការងារផលិតរបស់លោកនឹងថតភាពយន្ដបាញ់ប្រហារមួយរឿងទៀតចំណងជើងថា «Syndicate Smasher» ដែលនិពន្ធដោយ Benny Tjandra និង Doug Tochioka។
ដំណើររឿងផ្ដើមពីអតីតទាហានមួយក្រុមធ្វើជាឃាតករស៊ីឈ្នួលត្រូវបានក្រុមម៉ាហ្វីយ៉ា ក្រុមយ៉ាគូហ្សា ក្រុម រ៉ាសសៀន ម៉ុប និងក្រុមតុង រួមគ្នាវាយកម្ទេច។
លោក ប្រាក់ ដេវិដ គឺជាតារាភាពយន្តខ្មែរនៅហូលីវូដ នៃរដ្ឋកាលីហ្វ័រនីញ៉ា។ លោកប្រសូតនៅក្នុងរាជធានីភ្នំពេញ ប៉ុន្ដែបានភៀសខ្លួនទៅរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងទឹកដីថៃក្នុងរបបខ្មែរក្រហម។ លោកបានឃ្លាតឆ្ងាយក្រុមគ្រួសាររយៈពេល ២៥ ឆ្នាំ រហូតដល់ឆ្នាំ ២០០១ ។
ភាពយន្ដដែលលោកបានសម្ដែងមាន រឿង «Syndicate Smasher» មានឈ្មោះជា ដេវិដ សម្រាប់បញ្ចាំងក្នុងឆ្នាំ ២០១៦ រឿង «Supernal Darkness/Protege Project» ឈ្មោះ ឌេម៉ូនីកា ឆ្នាំ ២០១៦ រឿង «Blonde Squad» ឈ្មោះ រ៉ុកវែល ក្នុងឆ្នាំ ២០១៤ រឿង «Inherent Vice» សម្ដែងជាព្រះសង្ឃព្រះពុទ្ធសាសនា ក្នុងឆ្នាំ ២០១៤ រឿង «Trade of Innocents» ឈ្មោះ ខ្មែរ វីអូ ក្នុងឆ្នាំ ២០១២ រឿង «The LBC: Smile Now, Cry Later» ឈ្មោះ ទីម ក្នុងឆ្នាំ ២០០៩ រឿងភាគ «Tim and Eric Awesome Show, Great Job!» ឈ្មោះ មុន្នី ប៊យ ក្នុងឆ្នាំ ២០០៩ រឿងភាគ «Journeyman» ជាជនភៀសខ្លួនកម្ពុជា ក្នុងឆ្នាំ ២០០៧ រឿងភាគ «Guys Choice» ជាព្រះសង្ឃព្រះពុទ្ធសាសនា ក្នុងឆ្នាំ ២០០៧ រឿង «Pirates of the Carribbean: At World’s End» ជាចោរសមុទ្រ ក្នុងឆ្នាំ ២០០៧ និងរឿង «The Rundown» ជាឧទ្ទាម ក្នុងឆ្នាំ ២០០៣៕
