ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី30 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
វិមានសន្តិភាពរបស់រដ្ឋាភិបាលកម្ពុជា
របាយការណ៍មួយរបស់គម្រោងយុត្តិធម៌ពិភពលោក(World Justice Project)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងពិន្ទុទាបជាមួយលេខ៩៨ក្នុងចំណោម១០២ប្រទេស ដែលពិន្ទុនេះ គឺសម្រាប់រដ្ឋាភិបាលមិនបើកចំហ ។
របាយការណ៍ជាង៥០ទំព័ររបស់(WJP) ដែលត្រូវបានចេញផ្សាយសម្រាប់ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កម្ពុជាទទួលពិន្ទុ០,៣៦ធៀបលើកម្រិតពិន្ទុ១ គឺស្ថិតនៅចំណាត់ថ្នាក់លេខ៩៨ក្នុងចំណោម១០២ប្រទេស ។ ពិន្ទុ១បង្ហាញពីភាពបើកចំហរបស់រដ្ឋាភិបាលកាន់តែខ្លាំងបំផុត ។ របាយការណ៍បង្ហាញថាការដាក់ពិន្ទុនេះ គឺយោងតាមចម្លើយដែលចេញពីសំណាកចំនួន១០០០ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗ៣របស់ប្រទេសដែលត្រូវបានសិក្សា ។
ការដាក់ពិន្ទុ និងចំណាត់ថ្នាក់នេះ ពឹងផ្អែកលើធាតុសំខាន់ៗចំនួន៤សម្រាប់វាយតម្លៃរដ្ឋាភិបាលបើកចំហ រួមមានទិន្នន័យរដ្ឋាភិបាល និងច្បាប់នានាដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ជាសាធារណៈ សិទ្ធិទទួលព័ត៌មាន ការចូលរួមរបស់ប្រជាពលរដ្ឋ និងយន្តការនៃការទទួលពាក្យបណ្តឹង ។ ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លើប្រទេសតែចំនួន៤ប៉ុណ្ណោះ គឺប្រទេសអ៊ីរ៉ង់ មីយ៉ាន់ម៉ា Uzbekistan និង Zimbabwe ។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត ប្រទេសកម្ពុជានៅលើប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដោយនៅខ្សោយជាងប្រទេសម៉ាឡេស៊ី ចិន វៀតណាម ម៉ុងហ្គោលី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និងហុងកុងជាដើម ។
ប្រទេសដែលមានពិន្ទុខ្ពស់ជាងគេសម្រាប់រដ្ឋាភិបាលបើកចំហ រួមមានប្រទេសស៊ុយអែត នូវែលសេឡង់(New Zealand) និងន័រវែសជាដើម ។


របាយការណ៍ឲ្យដឹងទៀតថារដ្ឋាភិបាលបើកចំហមានន័យថារដ្ឋាភិបាលដែលចែករំលែកព័ត៌មាន លើកតម្កើងអំណាចរបស់ប្រជាជន ដើម្បីឲ្យរដ្ឋាភិបាលមានគណនេយ្យភាព និងជំរុញការចូលរួមប្រជាជននៅក្នុងការពិភាក្សាគោលនយោបាយសាធារណៈ ដែលជាធាតុសំខាន់នៃនីតិរដ្ឋ។
គម្រោងយុត្តិធម៌ពិភពលោកជាស្ថាប័នឯករាជ្យ ដែលធ្វើការលើផ្នែកជាច្រើនក្នុងគោលបំណងពង្រឹងនីតិរដ្ឋនៅលើពិភពលោក។
គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ទាក់ទងនឹងសិទ្ធិទទួលព័ត៌មាន ដែលច្បាប់នេះនឹងជំរុញឲ្យស្ថាប័នរដ្ឋបញ្ចេញនូវព័ត៌មាននានាសម្រាប់ប្រជាពលរដ្ឋ។ សេចក្តីព្រាងច្បាប់នេះគ្រោងនឹងត្រូវបញ្ចប់នៅឆ្នាំ២០១៧ ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com