ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ធ្វើ​ការ​នៅ​បរទេស​ផ្សាយ​ពាណិជ្ជកម្ម​បោកប្រាស់

ដោយ វោហារ ជាតិ
2015-03-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ខ្មែរ ប៉ោយប៉ែត ៧ - ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។ Photo: RFA

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន តវ៉ា​ថា ក្រុមហ៊ុន​ដែល​ផ្សាយ​ពាណិជ្ជកម្ម​ជ្រើស​រើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​មួយ​ចំនួន បាន​បោក​ប្រាក់​ពី​ពលករ​ក្រីក្រ​ជា​បន្តបន្ទាប់។ ចំណែក​រដ្ឋាភិបាល មិន​បាន​ចាត់​វិធានការ​តាម​ច្បាប់​ចាប់​ម្ចាស់​ក្រុមហ៊ុន​បោក​ប្រាស់​ទាំង​នោះ ទៅ​ផ្ដន្ទាទោស​ទេ។

សព្វថ្ងៃ​នេះ ស្ថានីយ​វិទ្យុ​ជាច្រើន​កំពុង​ត្រូវប៉ាន់ ឬ​ទទួល​ប្រាក់​ចំណូល​ច្រើន ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាណិជ្ជកម្ម។ ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​មាន​ដូចជា ផលិតផល​ពាណិជ្ជកម្ម កសិកម្ម និង​ឱសថ​ព្យាបាល ជាដើម ដែល​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ស្ដាប់​ទៅ​នាំ​ឲ្យ​អ្នក​ស្ដាប់​មាន​ជំនឿ​យ៉ាង​ខ្លាំង ជាពិសេស​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជន​ជ្រើសរើស​ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែល​ផ្សាយ​ប្រាប់​ទាំង​អាសយដ្ឋាន​របស់​ក្រុមហ៊ុន ទាំង​លេខ​ទូរស័ព្ទ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ដែល​កំពុង​គ្មាន​ការងារ​ធ្វើ​ចាប់​អារម្មណ៍ និង​ជឿជាក់​ទាំង​ស្រុង។

ក៏ប៉ុន្តែ រយៈពេល​កន្លង​មក មាន​ក្រុមហ៊ុន​ខ្លះ​បាន​ផ្សាយ​ពាណិជ្ជកម្ម​បោកប្រាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​ស្រាប់ រឹត​តែ​ក្រ​ថែម​ទៀត ដោយសារ​ចាញ់​បោក​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ។ «កសិករ​រៀបរាប់» នេះ​ជា​ការ​រៀបរាប់​របស់​កសិករ​ម្នាក់​ឈ្មោះ សាត់ ពិសិដ្ឋ រស់នៅ​ភូមិ​ខ្នាធំ ឃុំ​ពីរាម ស្រុក​បាទី ខេត្ត​តាកែវ ដែល​ចាញ់​បោក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយ​ឈ្មោះ មជ្ឈមណ្ឌល ជីភីស៊ី (GPC) កាល​ពី​ដើម​ឆ្នាំ​នេះ។

លោក សាត់ ពិសិដ្ឋ អាយុ ២៧​ឆ្នាំ រំឭក​ថា គាត់ និង​ប្អូនប្រុស ២​នាក់​ទៀត គឺ​សាត់ ពិសាល និង សាត់ ពិសី សុទ្ធតែ​វ័យ​ពេញ​កម្លាំង​ពលកម្ម ក៏​បាន​សម្រេច​ចិត្ត​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ​ដោយ​ដាក់​ប្លង់​ផ្ទះ និង​ប្លង់​ដី ដើម្បី​យក​ប្រាក់​ជិត ១​ពាន់​ដុល្លារ ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​នៅ​ភ្នំពេញ ក្នុង​ក្ដី​រំពឹង​ថា​នឹង​បាន​ការងារ​ធ្វើ និង​មាន​ជីវភាព​ប្រសើរ​ជាង​មុន។ ពេល​យក​ប្រាក់​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​នៅ​ភ្នំពេញ​ហើយ បង​ប្អូន​បី​នាក់​ក៏​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ដើម្បី​រង់ចាំ​ក្រុមហ៊ុន​ទូរស័ព្ទ​ហៅ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ចាំ​បាត់ៗ។ ឃើញ​ដូច្នេះ សាត់ ពិសិដ្ឋ ក៏​ឡើង​ទៅ​រក​ជួប​មន្ត្រី​ក្រុមហ៊ុន​នៅ​ភ្នំពេញ តែ​ក្រុមហ៊ុន​នោះ​បាន​រើ​ការិយាល័យ​បាត់​អស់។ ចំណែក​លេខ​ទូរស័ព្ទ​ដែល​ផ្សាយ​តាម​វិទ្យុ​នោះ ក៏​ទាក់ទង​មិន​បាន​ទៀត ទើប​ដឹង​ខ្លួន​ថា​ចាញ់​បោក​គេ៖ «»។

សព្វថ្ងៃ បងប្អូន​បី​នាក់​មិន​ត្រឹម​តែ​មិន​បាន​ការងារ​ធ្វើ​ទេ តែ​ថែម​ទាំង​ទទួល​បន្ទុក​រក​ប្រាក់​សង​ថ្លៃ​ជំពាក់​ធនាគារ មិន​ខុស​ពាក្យ​ចាស់​លោក​ពោល​ថា ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់​ទេ។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន មិន​មែន​មាន​តែ​បងប្អូន​បី​នាក់​នេះ​ទេ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ​ទេ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែល​មាន​វាសនា​មិន​ខុស​ពី​បងប្អូន​បី​នាក់​នេះ​ដែរ។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ពីរាម លោក ហេង គឹមស្រ៊ន រំឭក​បន្ថែម៖ «»។

ទាក់ទង​ទៅ​នឹង​ប្រជាពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នេះ មន្ត្រី​សមាគម​អាដហុក (Adhoc) ប្រចាំ​រាជធានី​ភ្នំពេញ អ្នកស្រី ឆន សុគន្ធា ឲ្យ​ដឹង​ថា ចំនួន​ពលករ​ដែល​ចាញ់​បោក​គេ​មាន​ការ​កើន​ឡើង​រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០១៥ ប្រៀបធៀប​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ អ្នកស្រី​មិន​បាន​បូក​ទិន្នន័យ​សរុប​នៅ​ឡើយ។ អ្នកស្រី​បាន​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ស្រាវជ្រាវ​រក​ក្រុមហ៊ុន​ដែល​បោកប្រាស់​នោះ ដើម្បី​ផ្ដល់​សំណង​ដល់​ពលករ និង​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ តែ​មក​ទល់​ពេល​នេះ អ្នកស្រី​នៅ​មិន​ទាន់​ទទួល​ចម្លើយ​នៅ​ឡើយ៖ «»។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាច្រើន​ថ្ងៃ​មក​ហើយ​ដែរ តែ​ក្រុម​មន្ត្រី​ឆ្លើយ​ថា ម្ដង​ជាប់​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស ម្ដង​ថា​ជាប់​រវល់​ប្រជុំ។

ទោះ​យ៉ាង​ណា អ្នកស្រី ឆន សុគន្ធា យល់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។ អ្នកស្រី​បញ្ជាក់​ថា ដល់​ពេល​រដ្ឋាភិបាល​ត្រូវ​ចាប់​ផ្ដើម​ចាត់ការ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ក្លែងក្លាយ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទៅ​ផ្ដន្ទាទោស​ហើយ បើ​មិន​ដូច្នេះ​ទេ នឹង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ទៀត​ត្រូវ​ចាញ់​បោក​ក្រុមហ៊ុន​ទាំង​នោះ​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​វិញ​ទៀត អ្នកស្រី​បាន​អំពាវនាវ​ដល់​ក្រសួង​ព័ត៌មាន ឲ្យ​រឹត​បន្តឹង​កុំ​ឲ្យ​មាន​ក្រុមហ៊ុន​បោកប្រាស់​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​អកុសល​ដូច្នេះ​បន្ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles