កម្មករ​រោងចក្រ​ខេថេក​នៅ​តាកែវ​ជាង​១០​នាក់​ទៀត​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​១​មេសា

ដោយ វោហារ ជាតិ
2015-04-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កម្មករ​រោងចក្រ គ័នថេក សន្លប់ ៦២០
កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Vohar Cheath

កម្មករ​រោងចក្រ គ័នថេក ខេមបូឌា ខបភើរ៉េហ្សិន (Kauntech Cambodia Cooperation Limited) ឬ ខេថេក (Ktec) នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជាង ១០​នាក់​ទៀត បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា។ មន្ត្រី​ជំនាញ​សង្ស័យ​ថា ការ​សន្លប់​នេះ គឺ​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ផង រួម​ផ្សំ​នឹង​រោងចក្រ​នេះ​មិន​បាន​បំពាក់​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន​ផង ទើប​ធ្វើ​ឲ្យ​កម្មករ​សន្លប់​ដូច្នេះ។

កម្មការិនី​រោងចក្រ​ដែល​ដួល​សន្លប់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​នៅ​ក្បែរ​រោងចក្រ​នោះ។

បើ​តាម​ប្រភព​ពី​កម្មការិនី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ដួល​សន្លប់​នោះ គឺ​បណ្ដាល​មក​ពី​ធាតុ​អាកាស​ក្ដៅ​ខ្លាំង និង​រោងចក្រ​មិន​មាន​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន៖ «នៅ​តែ​ខ្សោយ​អ៊ីចឹង អ្នក​ទាំងអស់​គ្នា​ហ្នឹង​នៅ​តែ​រាង​ខ្សោយៗ​អ៊ីចឹង អត់​មាន​កង្ហារ​អត់​មាន​អី​ក្ដៅ ប៉ុន្តែ​ខ្លះ​ធ្វើ​ការ​កើត អ្នក​អត់​ធ្វើ​ការ​កើត​គេ​ឲ្យ​ទៅ​ផ្ទះ តែ​អត់​ដឹង​មូលហេតុ​អី​ទេ​ដឹង​តែ​ខ្សោយ​អស់​កម្លាំង»

នេះ​ជា​ថ្ងៃ​ទី​ពីរ​ហើយ​ដែល​កម្មករ​រោងចក្រ ខេថេក ដួល​សន្លប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា។ កាល​ពី​ថ្ងៃ​ទី​៣១ មីនា កន្លង​ទៅ​នេះ កម្មករ​រោងចក្រ​នេះ​ជាង ៣០​នាក់ បាន​ដួល​សន្លប់​ដូច​គ្នា តែ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ​មក​ទល់​ថ្ងៃ​ទី​១ មេសា។

ចំណែក​មន្ត្រី​បេឡា​ជាតិ​នៃ​របប​សន្តិសុខ​សង្គម​សាខា​ខេត្ត​តាកែវ លោក សួន វណ្ណៈ ដែល​ចុះ​ទៅ​ជួយ​អន្តរាគមន៍​សង្គ្រោះ​កម្មករ​នោះ បាន​យល់​ស្រប​អំពី​មូលហេតុ​នៃ​ការ​សន្លប់​នេះ គឺ​ដោយសារ​ធាតុ​អាកាស​ក្ដៅ​ខ្លាំង និង​ខ្វះ​ប្រព័ន្ធ​ខ្យល់​មែន។ ក៏ប៉ុន្តែ​លោក​ថា រឿង​សំខាន់​មួយ​ទៀត​នោះ គឺ​អារម្មណ៍​របស់​កម្មករ​នៅ​តែ​ស្រមើស្រមៃ​រឿង​កម្មករ​ជាង ៣០​នាក់​បាន​សន្លប់​ស្រស់ៗ កាល​ពី​ថ្ងៃ​ទី​៣១ មីនា នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​កម្មករ​ពេល​ចូល​ធ្វើ​ការ​ថ្ងៃ​បន្ទាប់​នៅ​តែ​តក់ស្លុត៖ «ព្រោះ​ថា​ធម្មតា​អា​ករណី​សន្លប់​អ៊ីចេះ គឺ​កំសួល​វា​រយៈពេល​មួយ​អាទិត្យ រយៈពេល​ពី ៣​ថ្ងៃ​ទៅ​មួយ​អាទិត្យ បាន​កម្មករ​ស្ងប់​អារម្មណ៍​វិញ។ ហើយ​ថ្ងៃ​រសៀល​នេះ​ខាង​ខ្ញុំ​បាន​ស្នើសុំ​ជាមួយ​សហជីព​ហ្នឹង គឺ​ស្នើសុំ​ឲ្យ​ខាង​រោងចក្រ​រៀបចំ​ពិធី​សែន​ព្រេន​អី ព្រោះ​យើង​ដឹង​ហើយ​ប្រពៃណី​ខ្មែរ​យើង កម្មករ​គាត់​មាន​អា​ជំនឿ​ហ្នឹង អ៊ីចឹង​ខាង​រោងចក្រ​គាត់​ឯកភាព ហើយ​ពេល​ខ្ញុំ​រៀប​ចេញ​មក​មិញ​នេះ​ឃើញ​គាត់​ទិញ​ជ្រូក​ខ្វៃ​អី​ហ្នឹង​ចូល​ទៅ​ហើយ»

ទាក់ទង​ទៅ​នឹង​ការ​ខ្វះ​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន​នេះ តំណាង​កម្មករ​រោងចក្រ លោក មន សំណាង ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​រោងចក្រ​មិន​ទាន់​បាន​បំពាក់​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន​មែន តែ​ថៅកែ​រោងចក្រ​បាន​ឲ្យ​ក្រុម​ជាង​សង់​បង្អួច​ធំៗ​នៅ​តាម​ជញ្ជាំង​រោងចក្រ​យ៉ាង​ធំ​ទូលាយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្យល់​ធម្មជាតិ​ចេញ​ចូល​ជំនួស៖ «វា​ពិបាក​និយាយ​ដោយសារ… ប៉ុន្តែ​ឥឡូវ​វា​ធ្លាក់​ខ្យល់​ហើយ វា​មាន​ប្រភព​ខ្យល់ ប៉ុន្តែ​ប្រព័ន្ធ​កង្ហារ គឺ​យើង​និយាយ​ទៅ គ្រប់​បែប​យ៉ាង​ព្រិល គឺ​យើង​មាន​ជុំវិញ​ទាំងអស់ ខាង​លើ គឺ​បង្អួច គឺ​យើង​បើក ខាង​លើ គឺ​យើង​មាន​កម្ពស់​ខាង​ទទួល​ខ្យល់ គឺ​មាន​កម្ពស់​មួយ​ម៉ែត្រ​កន្លះ​ទទួល​ខ្យល់ ពេល​ខ្លះ​អាកាសធាតុ​ស្ងប់​ខ្យល់ ពេល​ខ្លះ​ក៏​មាន​ខ្យល់»

រោងចក្រ ខេថេក ជា​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ​៣ ក្បែរ​ស្ទឹង​ស្លាគូ ឋិត​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លើ​ទីតាំង​ធំ​ល្វឹងល្វើយ​មិន​មាន​ដើម​ឈើ​ទេ។ រោងចក្រ​នេះ​មាន​កម្មករ​ជាង ៤០០​នាក់ ទើប​ចាប់​ផ្ដើម​ដំណើរ​ការ​ថ្មីៗ​ដោយ​មិន​ទាន់​បាន​រៀបចំ​ប្រព័ន្ធ​បរិស្ថាន​បាន​ត្រឹមត្រូវ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles