ដើម​បណ្ដឹង​រដ្ឋប្បវេណី​បង្ហាញ​ទុក្ខសោក​និង​ការ​ឈឺ​ចាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម

ដោយ ឡេង ម៉ាលី
2015-04-01
RFA

សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០
ទិដ្ឋភាព​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។ Photo courtesy of ECCC

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១ មេសា បន្ត​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២​រូប ដែល​រង​ការ​ឈឺ​ចាប់​ដោយសារ​របប​ខ្មែរ​ក្រហម។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២​រូប​នេះ គឺ​មក​ពី​ខេត្ត​តាកែវ ដូច​គ្នា ម្នាក់​ឈ្មោះ តាក់ សាន់ បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា អ្នកស្រី​បាត់បង់​ប្ដី​រហូត​មក​ដល់​សព្វថ្ងៃ បន្ទាប់​ពី​ខ្មែរ​ក្រហម​បញ្ជា​ឲ្យ​ទៅ​ដឹក​ស្រូវ។

ដោយ​ឡែក​ដើម​បណ្ដឹង​រដ្ឋប្បវេណី ១​រូប​ទៀត ឈ្មោះ អៀម យ៉េន ថ្លែង​ថា អ្នកស្រី​រង​ការ​ឈឺ​ចាប់​ខ្លាំង​នៅ​ក្នុង​របប​នោះ ដោយសារ​តែ​ពួក​ខ្មែរ​ក្រហម​ចាប់​ចង​អ្នកស្រី ហើយ​កប់​ដី ពេល​អ្នកស្រី​លួច​រត់​ទៅ​ជួប​ឪពុក​ម្ដាយ៖ «ខ្ញុំ​លួច​រត់​មក​អ៊ីចឹង គេ​តាម​មក​ចាប់​ខ្ញុំ​យក​ទៅ គេ​វាយ​ខ្ញុំ ហើយ​គេ​ជីក​ដី​កប់។ គេ​កប់​ខ្ញុំ​រយៈពេល​ប្រហែល​ជា​ពីរ ឬ​បី​ម៉ោង​អ៊ីចឹង ហើយ​គេ​ព្រមាន​ខ្ញុំ​ថា នាង​ឯង​ឈប់​ធ្វើ​អ៊ីចឹង​ទៀត ធ្វើ​អ៊ីចឹង​ទៀត ថ្ងៃ​ក្រោយ​គេ​សម្លាប់​ហើយ។ នាង​ខ្ញុំ​ស្រេក​ទឹក បាយ​ក៏​ឃ្លាន រាង​កាយ​ខ្ញុំ​ដែល​គេ​កប់​ខ្ញុំ​ដក​ដង្ហើម​មិន​ចង់​រួច ខ្ញុំ​សឹង​តែ​ស្លាប់។ ខ្ញុំ​ស្រែក​ហៅ​ម៉ែៗ​ក៏​មិន​ឃើញ​មក​ជួយ ឪៗ​ក៏​មិន​ឃើញ​មក​ជួយ។ ដល់​អ៊ីចឹង​ខ្ញុំ​ថា ខ្ញុំ​គ្មាន​សេចក្ដី​សុខ​ទេ គឺ​មាន​តែ​សេចក្ដី​ទុក្ខ​ប៉ុណ្ណឹង»

សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី អៀម យ៉េន នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​ស្ដាប់​ដើម​បណ្ដឹង​រូប​នេះ​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២ មេសា។ បន្ទាប់​ពី អ្នកស្រី អៀម យ៉េន អង្គ​ជំនុំ​ជម្រះ​ក៏​នឹង​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​ចំនួន ៣​រូប​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles