ដោយ៖ ញឹម សុខន | ថ្ងៃសៅរ៍ ទី11 មេសា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពនៃការប្រមូលសំរាម (រូបភាពពីបណ្តាញសង្គម)
សាលារាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋ ទុកដាក់សំរាម តាមទីតាំង ដែលអាជ្ញាធរបានកំណត់ទុក ខណៈកម្មករក្រុមហ៊ុនប្រមូលសំរាម ឈប់សម្រាក៥ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលពិធីបុណ្យ ជាតិនេះ នឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ ។
តាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៩ខែមេសាឆ្នាំ២០១៥ ឲ្យដឹងថាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៥នេះ កម្មករ ក្រុមហ៊ុនស៊ីនទ្រី ដែលទទួលភារកិច្ចប្រមូល និងដឹកជញ្ជូនសំរាម ត្រូវបានឈប់សំរាករយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែមេសា ។
សាលារាជធានីឲ្យដឹងទៀតថា អំឡុងពេលឈប់សំរាកនេះ ការប្រមូលនិងជញ្ជូនសំរាម ដំណើការទៅក្នុងរាជធានីភ្នំពេញ នឹងដំណើរកាទៅមិនពេញលេញ ។
លិខិតដដែល ឲ្យដឹងទៀតថា ក្រោមហេតុផលនេះ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងអនាម័យក្នុងក្រុង ពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវវេចខ្ចប់ និងទុកដាក់សំរាម ក្នុងធុងសំរាម ធំៗ ដែលក្រុមហ៊ុនស៊ីនទ្រី បានដាក់ពង្រាយរូចជាស្រេច នៅតាមគោលដៅមួយចំនួន ក្នុងខណ្ឌសង្កាត់ និងទីសាធារណមួយចំនួនទៀត ក្នុងរាជធានី ។
សាលារាជធានភ្នំពេញបញ្ជាក់ថា ការប្រមូលនិងដឹកជញ្ជូនសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ដំណើរការ ពេញលេញឡើងវិញ ចាប់ពីថ្ងៃទី១៧ខែមេសាទៅ ពោលគឺក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរហើយ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com