ចំនួន​ក្រុមហ៊ុន​វិនិយោគ​នៅកម្ពុជាកើនឡើង​ក្នុង​ពេល​៣ខែ​ដើមឆ្នាំ២០១៥​

ដោយ៖​ ណុប វី​ | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com

ចំនួន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នៅក្រសួង​ពាណិជ្ជកម្ម កើនឡើង៤​% នៅ​ត្រឹម​៣ខែ​ដើម​ឆ្នាំ​២០១៥ នេះ​បើ​ប្រៀប​ធៀប​នឹង​៣ខែ​ដើម​ឆ្នាំ២០១៤។​

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា​ ប្រាប់​ VOD ក្នុង​បទ​សម្ភាសន៍​​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៣ ខែ​មេសា ថាមាន​ក្រុម​ហ៊ុន​ថ្មី​ចំនួន​១១០៨​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចាប់​ពី​ខែ​មករា​មកដល់​ខែ​មិថុនា ខណៈ​៣ខែ​ដើម​ឆ្នាំ​២០១៤​មាន​តែ​១០៦៦​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី។​ តាម​លោក កែន រដ្ឋា ក្រុម​ចិន​បាន​នាំ​មុខ​គេ​ក្នុង​ចំនួន​ក្រុម​ហ៊ុន​ដែល​ចូល​មក​វិនិយោគក្នុង​រយៈ​ពេល​៣ខែ​ដើម​ឆ្នាំនេះ។ ក្រុមហ៊ុន​កូរ៉េ ម៉ាឡេស៊ី និង​ជប៉ុន​ស្ថិត​នៅក្នុង​លំដាប់​ទី២។ ក្នុង​ឆ្នាំ២០១៤ មានក្រុមហ៊ុន​ចំនួន​​៣៨៥០​ក្រុមហ៊ុន បាន​ចុះ​បញ្ជី​នៅក្រសួង​ពាណិជ្ជកម្ម។​

លោក កែន រដ្ឋា មាន​ប្រសាសន៍ថា ការ​រី​កចម្រើន​នេះ គឺដោយ​សារ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិ​រភាព​នយោបាយ​ដែលប្រសើរ​ឡើង កត្តា​ច្បាប់​ដែល​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ និង​ផល​ប្រយោជន៍​​ដែល​បាន​ពីកិច្ច​ព្រមព្រៀង​ទ្វេរ​ភាគី​និង​ថ្នាក់​តំបន់​ដែល​កម្ពុជា​មាន​ជា​មួយ​ដៃគូរ​របស់ខ្លួន។​

បើ​តាម​លោក កែន រដ្ឋា ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ចប់ ​និង​ឈាន​ទៅ​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែលទាក់ទងនឹងការ​វិនិយោគ។ ច្បាប់​នោះ​រួមមានច្បាប់ការពារ​អ្នក​ប្រើ​ប្រាស់ដែល​បាន​ដាក់ទៅ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​រួចហើយ ច្បាប់​ទាក់ទងនឹងការ​ប្រកួត​ប្រជែងដែល​បាន​កំពុងតែបញ្ចប់​ពង្រាង ច្បាប់​ការធ្វើ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អនឡាញ​ដែល​កំពុង​ស្ថិត​នៅក្នុងការ​ពង្រាង​ចុង​ក្រោយ ហើយគ្រោង​នឹង​ដាក់​ជូន​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី។

រដ្ឋ​លេខាធិការ​ក្រសួង​​ការបរទេស លោក កៅ គឹមហួន​ មាន​ប្រ​សាសន៍​ប្រាប់​VODក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ៨ ខែ​មេសាថាមានក្រុម​ហ៊ុន​ជប៉ុន​ចំនួន​៩៨​កំពុង​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា។ លោក​មាន​ប្រសាសន៍​​ដែរថា​អ្នក​វិនិយោគ​អាមេរិក​មួយ​ក្រុម​នឹង​មក​ដល់កម្ពុជា​ក្នុង​ខែ​មិថុនា​ខាងមុខ​នេះ ​ដើម្បី​ពិនិត្យ​មើល​ឱកាស​វិនិយោគ៕​

សរសេរមកកាន់លោក ណុប វី​ តាមរយៈnopvy@vodhotnews.com

What Next?

Recent Articles