ធនាគារពិភពលោក៖ ការនាំចេញ​លើ​វិស័យ​​​កាត់ដេរ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២០១៥នេះ

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មករ​រោង​ចក្រកាត់​ដេរ​ កំពុង​បំពេញការងាររបស់​ខ្លួន

ធនាគារ​ពិភពលោក​បាន​ព្យាក​រថា ក្នុង​ឆ្នាំ​២០១៥​នេះ វិស័យ​កាត់ដេរ​កម្ពុជា​នឹង​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ព្រោះ​តែ​ការនាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​មានកា​រ​ធ្លាក់ចុះ ។​

​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ឲ្យដឹង​ថា​វិស័យ​កាត់ដេរ​កម្ពុជា​នឹង​មាន​ការធ្លាក់ចុះ​ក្នុង​ឆ្នាំនេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ដែល​បណ្ដាល​មកពី​ការនាំ​ចេញ​ផលិតផល​កាត់ដេរ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ ហើយ​សហគមន៍​អឺរ៉ុប​ក្លាយ​ជា​ទីផ្សារ​នាំចូល​សម្លៀកបំពាក់​កាត់ដេរ​កម្ពុជា​ធំជាងគេ​ទៅវិញ ។ របាយការណ៍​បញ្ជាក់​បន្ថែម​ថា ការរំជើបរំជួល​រប​ស់កម្មករ​នា​ពេលកន្លងមក កំណើន​ប្រាក់​ដុល្លារ និង​ការកើនឡើង​ដៃគូរ​ប្រកួតប្រជែង​ប្រាក់​ឈ្នួល​ទាប​របស់​ប្រទេស​ក្នុង​តំបន់ ក៏​ជា​ហេតុផល​ធ្វើឲ្យ​វិស័យ​កម្ពុជា​មាន​ការធ្លាក់ចុះ​ផងដែរ ។​

​របាយការណ៍​នោះ​បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៤ ការនាំ​ចេញ​ផលិតផល​កាត់ដេរ​ទៅ​ទីផ្សារ​អន្ដរជាតិ​មាន​ចំនួន​៥,៥​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់​១,៤​ពាន់​លាន​ដុល្លារ​ទទួលបាន​ពី​ការនាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ផ្សេងៗ​ក្រៅ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ ក្រៅ​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា មាន​វិស័យ​ធំៗ​ផ្សេងទៀត​ដូច​ជា​សិកម្ម នឹង​ធ្លាក់​ចុះ​ផងដែរ ព្រោះតែ​ការប្រកួតប្រជែង​របស់​អង្ករ​ថៃ និង​មី​យ៉ាន់​ម៉ា ។ ចំណែក​វិស័យ​ទេសចរណ៍​ក៏​មាន​ការធ្លាក់ចុះ​ជា​ង​ឆ្នាំ​២០១៤​ដែរ ។​

​ធនាគារពិភពលោក​ក៏​បាន​ព្យាករ​ដែរ​ថា ការធ្លាក់ចុះ​របស់​វិស័យ​គោល​ទាំង​៣​នេះ​នឹង​នាំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​នៅត្រឹម​៦,៩ ភាគរយ​ក្នុង ២០១៥ និង​២០១៦ ដែល​កំណើន​នេះ​តិច​ជាង​កំណើន​ឆ្នាំ​២០១៤ ។ ធនាគារពិភពលោក​ក៏​បាន​ព្យាក​រថា​នៅ​ឆ្នាំ​២០១៧ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ត្រឹម ៦,៨​ភាគរយ ។​

​ធនាគារពិភពលោក​ក៏​បាន​បង្ហាញ​ផ្លូវ​ដល់​កម្ពុជា​ដែរថា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​នោះ កម្ពុជា​ត្រូវ​កាត់បន្ថយ​ការចំណាយ​លើ​អគ្គិសនី ស្វ័យប្រវត្តិកម្ម​ដំណើរការ​ធុរកិច្ច និង​ការពង្រឹង​បរិយាកាស​វិនិយោគ ការបង្កើន​ការប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​(​ធ្វើឲ្យ​សេដ្ឋកិច្ច​បែប​ចម្រុះ​) ។ ក្រៅពី​នោះ​ទៀត​ការកែលម្អ​ការដឹក​ជញ្ចូន​តាម​ផ្លូវគោក និង​ការសម្របសម្រួល​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន នឹង​ជួយ​បង្កើន​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង ។ ការបង្កើន​ទិន្នផល និង​គុណភាព​ស្រូវ ការកាត់បន្ថយ​ចំណាយ​លើ​ថ្លៃ​កិនស្រូវ និង​ការចំណាយ​លើ​ផ្នែក​ភស្ដុភារ នឹង​ជួយ​លើកកម្ពស់​ការប្រកួតប្រជែង​ស្រូវ​របស់​កម្ពុជា​បាន​ផងដែរ ។​

​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) លោក ខេន លូ មានប្រសាសន៍​ថា​វិស័យ​កាត់ដេរ​របស់​កម្ពុជា​ពិតជា​មាន​ការធ្លាក់ចុះ​មែន ដែល​បណ្ដាលមកពី​កត្តា​ជាច្រើន ។ ប៉ុន្តែ​លោក​ថា​កត្តា​សំខាន់​ជាងគេ គឺ​កត្តា​វិវាទ​បស់​សហជីព​រោងចក្រ និង​ការឡើង​ថ្លៃទំនិញ​នាំ​ចេញ​ពី​កម្ពុជា ក្រោយ​ពេល​ដំឡើង​ប្រាក់ខែ​ឈ្នួល​គោល​អប្បបរមា​ដល់​កម្ម​ក​រ ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​បញ្ជា​ទិញ​ទៅរក​ទិញ​នៅ​ប្រទេស​ផ្សេង​ដែល​មាន​តម្លៃថោក​ជាង​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​។​

​លោក ខេន លូ មានប្រសាសន៍ថា​«​មាន​ហេតុផល​ច្រើន ប៉ុន្ដែ​ហេតុផល​សំខាន់​ជាងគេ​មាន​ពីរ ទី​១​បញ្ជា​ទិញ​គាត់​មាន​ការព្រួយបារម្ភ បារម្ភ​រឿង​អី បារម្ភ​រឿង​ថា​នៅ​ស្រុក​ខ្មែរ សហជីព​គេ​ធ្វើ​កូតកម្ម​អត់​តាម​នីតិវិធី គំរាមកំហែង​ធ្វើ​កូដកម្ម​អត់​តាម​វិធី​រហូត អាហ្នឹង​រឿង​មួយ ទី​ពីរ ពេល​ដែល​ឡើង​ប្រាក់​ឈ្នួល​អតិបរមា តម្លៃ​យើង​ថ្លៃ​ជាងគេ​»​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ការ​ព្យាករ​របស់​ធនាគារ​ពិភព​មាន​ភាព​ផ្ទុយគ្នា​នឹង​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​៧,៣ ភាគរយ​ក្នុង​ឆ្នាំ​២០១៥​នេះ​។ ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​គូសបញ្ជាក់ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា គឺ​ដោយសារ​ភាព​កាន់តែ​រឹងមាំ​របស់​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​រួម​មាន​សហរដ្ឋអាមេរិក ថៃ និង​សហភាព​អឺរ៉ុប ភាព​ធូរស្រាល​នៃ​ស្ថានភាព​នយោបាយ និង​ទីផ្សារ​ក្នុងស្រុក ភាព​ធូរស្រាល​នៃ​ស្ថានភាព​នយោបាយ និង​ទីផ្សារ​ពលកម្ម​ក្នុងស្រុក រួម​នឹង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ ៕

​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com​

What Next?

Recent Articles