ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះសង្ឃបីអង្គ ដែលត្រូវបានដោះលែង
សកម្មជនគណបក្សសង្រ្គោះជាតិ៥នាក់ និងព្រះសង្ឃ៣អង្គទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅរសៀល ម៉ោងប្រមាណ២និង៣០នាទី ថ្ងៃចន្ទនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកការសាកសួរករណីសុំឲ្យនៅក្រៅឃុំកាលពីព្រឹកថ្ងៃចន្ទ។
សកម្មជនទាំង៥នាក់នោះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង និងលោក កែ ឃីម។ ព្រះសង្ឃ៣អង្គទៀត រួមមានព្រះអង្គ សឺន ហាយ ឃិន វណ្ណៈ និង សាង កុសល។
សកម្មជន៥នាក់ និងព្រះសង្ឃ៣អង្គ ត្រូវបានចាប់ខ្លួនអំឡុងខែកញ្ញា និងវិច្ឆិកា ឆ្នាំ២០១៤ ដោយប្រឈមនឹងបទចោទផ្សេងៗគ្នា។
មេធាវីការពារសកម្មជនគណបក្សសង្គ្រោះជាតិ លោក ជូង ជូងី មានប្រសាសន៍ថាការសម្រេចឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់នៅក្រៅឃុំបណ្តោះអាសន្នជារឿងយុត្តិធម៌មួយសម្រាប់កូនក្តីរបស់លោក។
សកម្មជនគណបក្សសង្រ្គោះជាតិទាំង៥នាក់ នឹងតម្រូវឲ្យបង់ប្រាក់ជាថ្នូរនឹងការនៅក្រៅឃុំនៅត្រឹមថ្ងៃទី២០ខែមេសា។ លោកមាជ សុវណ្ណារ៉ា ត្រូវបង់ប្រាក់១០លានរៀល និងមនុស្ស៤នាក់ទៀតត្រូវបង់ប្រាក់៣លានរៀលម្នាក់ៗ។
ការដោះលែងនេះត្រូវបានធ្វើឡើងក្រោយពីមានការលើកឡើងថាសកម្មជនគណបក្សសង្រ្គោះជាតិនឹងត្រូវដោះលែងមុនចូលឆ្នាំខ្មែរ ក្រោយពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិចរចាត្រូវរ៉ូវគ្នាលើការរៀបចំសមាសភាពសមាជិកគជបថ្មីទាំង៩នាក់។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ដែលបានតាមដានព្រឹត្តិការណ៍នេះយល់ឃើញថាការសម្រេចដោះលែងឲ្យនៅក្រៅឃុំនេះជាហេតុផលនយោបាយច្រើនជាងការសម្រេចដោយផ្ទាល់របស់តុលាការ។
គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ៕

សកម្មជនគណបក្សសង្រ្គោះជាតិ
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
តុលាការសម្រេចឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ៥នាក់នៅក្រៅឃុំបណ្តោះអាសន្ន (វីដេអូ)
ដោយ៖ សីហា | ថ្ងៃចន្ទ ទី13 មេសា 2015, 01:32 PM
http://vodhotnews.com
តុលាការសម្រេចឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ៥នាក់នៅក្រៅឃុំបណ្តោះអាសន្ន (វីដេអូ)