​ព្រះសង្ឃ​៣​អង្គ​ដែល​ចូលរួម​ទាមទារ​សិទ្ធិសេរីភាព​គ្រង​ចីពរ​វិញ​ក្រោយ​ចេញពី​ពន្ធនាគារ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ព្រះ​សង្ឃ​បី​អង្គ​ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ នៅថ្ងៃនេះ (រូបថត៖ ហ្វេសប៊ុក​)

ព្រះសង្ឃ​បី​អង្គ​ដែល​ជាប់​ពន្ធនាគារ​ព្រៃ​ស​ជាង​៥​ខែ ដោយសារ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព​នោះ បាន​គ្រង​ស្បង់​ចីពរ​ឡើងវិញ បន្ទាប់​ពី​តុលាការ​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ​។​

ព្រះសង្ឃ​ទាំង​៣​អង្គ​នោះ​រួម​មាន​ព្រះអង្គ សឺ​ន ហាយ ឃិន វណ្ណៈ និងព្រះអង្គ​ សាង កុសល​ ។​

អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សអង្គការ​លីកាដូ​ លោក អំ សំអាត មានប្រសាសន៍ថា សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​ព្រះសង្ឃ​៣​អង្គ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នា​រសៀល​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​ថ្ងៃ​នេះ ​។ លោក​ថា មូលហេតុ​ដែល​ព្រះសង្ឃ​ទាំងនោះ​គ្រង​ស្បង់​ចីពរ​វិញ ដោយសារ​អាជ្ញាធរ​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ដោយ​ខុស​នឹង​ច្បាប់​សាសនា ហើយ​អំឡុងពេល​ជាប់​ពន្ធនាគារ​ព្រះសង្ឃ​ទាំងនោះ​មិន​បាន​ឆាន់​បាយល្ងាច​នោះទេ​ ។

យ៉ាងណាក៏ដោយ លោក សំ អា​ត អះអាងថា ការដោះលែង​ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់​នោះ គឺជា​រឿង​នយោបាយ ដោយសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម  រង្ស៊ី បាន​ចរចា​ត្រូវរ៉ូវ​គ្នា​លើ​ការរៀបចំ​សមាសភាព​សមាជិក គ​.​ជ​.​ប ថ្មី ទាំង​៩​នាក់ ​។ ទោះជា​យ៉ាងនេះក្តី លោក​ស្នើ​ទៅ​គណបក្ស​ទាំង​ពីរ​រក្សា​វប្បធម៌​សន្ទនា​គ្នា ដោយ​ឈប់​យក​ប្រជាពលរដ្ឋ​ខ្លួនឯង​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​ ។

ព្រះ​តេជគុណ ស៊ឹម វណ្ណឌី គង់​នៅ​រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា ព្រះអង្គ​ទាំងបី​អង្គ​នោះ​មិនបាន​ធ្វើ​ខុស​នោះទេ ព្រោះ​ព្រះអង្គ​ទាំងនោះ​មិន​បាន​សម្លាប់​មនុស្ស លួច​ទ្រព្យ​អ្នកដទៃ មិន​កុហក និង​មិន​បាន​សេព​ប្រពន្ធ​អ្នកដទៃ ​។ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​បន្តថា បើ​មើល​តាម​ច្បាប់​សាសនា ព្រះអង្គ​ទាំងបី​អង្គ​នៅ​តែ​មាន​ឈ្មោះ​ជា​ព្រះសង្ឃ​ដដែល ។

គួរ​រំ​ឭកថា ព្រះសង្ឃបី​អង្គ​ព្រះនាម ឃិត វណ្ណៈ និង សាន កុសល ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​តាំងពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ចោទ​ពីបទ ចូលរួម​សមាគម​ជន​ទុច្ចរិត​ដែល​ប្រឈម​ជាប់​ទោស​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ តាម​មាត្រា៤៩៩ ​នៃ​ក្រម​ព​ហម្ម​ទ​ណ្ឌ ​។ ចំណែ​ក​អតីត​ព្រះសង្ឃ សឺ​ន ហាយ ដែល​ធ្លាប់​ចេញមុខ​ដុត​ទង់ជាតិ​វៀតណាម​​ករណី​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នោះ ត្រូវ​តុលាការ​ចោទ​ពី​បទ​ប្រឆាំង​រាជការ​សាធារណៈ និង​បទ​ក្លែងបន្លំ​ឆាយា​ ។ ព្រះ​តេជគុណ សឺ​ន ហាយ ត្រូវបាន​អាជ្ញាធរ​ចាប់​ព្រះកាយ នៅពេល​ឃ្លាំ​មើល​អ្នក​ភូមិ​បឹងកក់​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​តុលាការ​កាត់ទោស​ស្ត្រី​១១​នាក់ ដែល​បិទផ្លូវ​ដើម្បី​ឲ្យ​អាជ្ញាធរ​រំដោះ​ទឹក​ជន់​លិច​ផ្ទះ​នៅ​បឹងកក់ ​៕

សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles