ដោយ ឡេង ម៉ាលី
2015-04-14
RFA
ពុទ្ធបរិស័ទធ្វើពិធីស្រង់ព្រះនៅវត្តតាខ្មៅ។
ថ្ងៃទី១៤ មេសា ជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទោះជាស្ថានភាពមនុស្សម្នានៅទីក្រុងភ្នំពេញ មានសភាពស្ងាត់បន្តិចក្ដី ក៏យើងសង្កេតឃើញថា មានពលរដ្ឋពុទ្ធបរិស័ទច្រើនបង្គួរដែរ នាំគ្នាទៅវត្តនៅថ្ងៃសង្ក្រាន្តទី១ នេះ។
ថ្វីបើនៅពេលព្រឹកមិនទាន់ដល់វេលាទេវតាឆ្នាំថ្មីចុះមកដល់ក្ដី ក៏យើងឃើញមានប្រជាពលរដ្ឋជាពុទ្ធបរិស័ទមួយចំនួនបាននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្ត។
ពលរដ្ឋមួយរូបនៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ អ្នកស្រី សូ រី មានប្រសាសន៍ថា អ្នកស្រីមានចិត្តជ្រះថ្លាក្នុងការរៀបចំចង្ហាន់មកប្រគេនព្រះសង្ឃនៅថ្ងៃចូលឆ្នាំទី១ និងម្យ៉ាងទៀត ដើម្បីទទួលអំណរ និងពរជ័យពីព្រះសង្ឃនៅវត្តចាក់អង្រែក្រោម៖ «ដោយថាបរិបូណ៌ដោយផ្លូវចិត្តជឿជាក់លើព្រះពុទ្ធសាសនា យកចង្ហាន់មកប្រគេនព្រះសង្ឃ និងអង្គុយថ្វាយបង្គំព្រះដើម្បីសុំពរសុំជ័យពីព្រះសង្ឃ ដើម្បីសេចក្ដីសុខខ្លួនឯង និងក្រុមគ្រួសារ»។
ដោយឡែកពុទ្ធបរិស័ទចំណុះជើងវត្ត ដែលអ្នកឧបត្ថម្ភគាំទ្រពិធីបុណ្យនៅវត្តចាក់អង្រែក្រោម មួយរូប គឺអ្នកស្រី ជុំ ឆេងលាង ថ្លែងថា ពលរដ្ឋដែលមកវត្តនៅថ្ងៃទី១ ឆ្នាំនេះ មានចំនួនតិចជាងឆ្នាំមុន៖ «ឆ្នាំហ្នឹងខ្ញុំមើលទៅ មនុស្សដូចជាតិចជាងឆ្នាំទៅ ព្រោះឆ្នាំទៅមនុស្សច្រើន ហើយរៀបតុរៀបអី។ ឥឡូវនេះអត់មានរៀបអីទេ ភ្ញៀវតិចជាងរាល់ឆ្នាំ ព្រោះចេញទៅក្រៅ ដូចជាអ្នកកាត់ដេរអី គ្នាអាចទៅក្រៅ ទៅស្រុកគេហើយ។ អ៊ីចឹងវារាងស្ងាត់ពីស្រុកពីភូមិ»។
ចំណែកព្រះសាសនមង្គល គាន សុគន្ធា ព្រះចៅអធិការវត្តទួលទំពូង រាជធានីភ្នំពេញ មានថេរដីកាថា មានពុទ្ធបរិស័ទច្រើនមកវត្តទួលទំពូង ប៉ុន្តែលោកតា នូ នឹម ហៅ នួន នៅ នៅវត្តនួនមណនី ហៅវត្តថាន់ មានប្រសាសន៍ថា ជាទូទៅរាល់ឆ្នាំនៅថ្ងៃសង្ក្រាន្តទីមួយ មិនសូវមានមនុស្សទេ៖ «សង្ក្រាន្តទីមួយមិនសូវប៉ុន្មានទេ។ ចាំមើលស្អែកទីពីរមើល៎… ដូចថា ពាក់កណ្ដាល គ្រាន់បើទៅចុះ។ កាលយើងចូលឆ្នាំមមី ប្រហែលប៉ុណ្ណឹង អាហ្នឹងសង្ក្រាន្តទីមួយថ្ងៃហ្នឹង។ ចាំមើលសង្ក្រាន្តទីពីរមើល។ ឆ្នាំមុនៗ ដូចតែគ្នាតើ។ បើទីពីរ ហើយបើច្រើន គឺចុងបញ្ចប់ទីបីអាហ្នឹងច្រើនណាស់»។
រីឯនៅវត្តកណ្ឋារាម ហៅវត្តតាខ្មៅ ក្នុងស្រុកតាខ្មៅ ខេត្តកណ្ដាល វិញ មានមនុស្សសន្ធឹកសន្ធាប់នាំគ្នាធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅក្នុងវត្តនេះ។
ទោះជាដូច្នេះក្ដី អ្នកឧបត្ថម្ភគាំទ្រកម្មវិធីបុណ្យនៅវត្តតាខ្មៅ លោក ឡុង សេរី ឱ្យដឹងថា ស្ថានភាពពុទ្ធបរិស័ទដែលមកវត្តតាខ្មៅ នៅថ្ងៃទីមួយ មិនខុសប្លែកពីឆ្នាំមុនៗទេ៖ «មនុស្សវាច្រើនមធ្យមដែរ មិនច្រើនណាស់ណាពេកទេ។ ថ្ងៃទីមួយហ្នឹងបានមកច្រើន តែមានអ្នកមកអ្នកទៅ មិនអាចសន្និដ្ឋានថា មានប៉ុន្មានម៉ឺននាក់ ឬប៉ុន្មានសែននាក់ទេ ព្រោះទៅមកៗ មានច្រើន។ មើលស្ថានភាពទៅឆ្នាំមុនប្រហាក់ប្រហែលគ្នា»។
វត្តអារាមទាំងនេះស្ទើរតែទាំងអស់ យើងមិនឃើញមានយុវជនយុវនារីលេងល្បែងប្រជាប្រិយ ឬសម្ដែងសិល្បៈអ្វីទេ។ វត្តទាំងនេះមានសភាពស្ងាត់មនុស្សនៅពេលថ្ងៃត្រង់ លើកលែងតែវត្តខ្លះ ចាក់ភ្លេងពិណពាទ្យ ឬភ្លេងចម្រៀងសម័យ ដើម្បីកុំឱ្យស្ងាត់ពេក។ ដូចជានៅវត្ត ចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ នៅពេលរសៀលម៉ោង ២ និង ២នាទី ដែលជាវេលាទេវតាឆ្នាំថ្មីចុះ ក៏មិនមានទូងស្គរស្វាគមន៍ និងអបអរថ្មីដែរ គឺមានតែការដាក់ធុងបាស ចាក់សំឡេងប្រកាសបន្តពីវិទ្យុជាតិប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពលរដ្ឋនាំគ្នារាប់បាត្រនៅវត្តកណ្ឋារាម ហៅវត្តតាខ្មៅ នាក្រុងតាខ្មៅ។
ពលរដ្ឋរៀបចំចង្ហាន់សម្រាប់ប្រគេនលោកនៅវត្តកណ្ឋារាម ហៅវត្តតាខ្មៅ។
ពលរដ្ឋអុជធូបថ្វាយព្រះនៅវត្តកណ្ឋារាម ហៅវត្តតាខ្មៅ។
ពលរដ្ឋនៅធ្វើពិធីពូនភ្នំខ្សាច់នៅវត្តចាក់អង្រែក្រោម។
ពុទ្ធបរិស័ទធ្វើពិធីស្រង់ព្រះនៅវត្តតាខ្មៅ។
កុមារនាំគ្នាធ្វើពិធីស្រង់ព្រះនៅវត្តទួលទំពូង។
ពុទ្ធបរិស័ទប្រគេនចង្ហាន់ព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលដល់សាច់ញាតិដែលចែកឋាន។
ពលរដ្ឋធ្វើពិធីពូនភ្នំអង្ករនៅវត្តតាខ្មៅ។
ពលរដ្ឋជិះម៉ូតូចេញពីវត្តនួនមណីរាម ហៅវត្ត ថាន់។

ព្រះសង្ឃសូត្រធម៌ទទួលទេវតាឆ្នាំថ្មី នាវត្តស្វាយពពែ។

គ្រឿងរណ្ដាប់សម្រាប់ថ្វាយទេវតាឆ្នាំថ្មីដែលគេរៀបចំនៅខាងមុខក្រុមហ៊ុនមួយ នារាជធានីភ្នំពេញ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខ្មែររៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- ពិធីបុណ្យចូលឆ្នាំថ្ងៃទី១នៅខេត្តកំពង់ចាម
- នាយករដ្ឋមន្ត្រីនិងមេបក្សប្រឆាំងចូលរួមបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប
- ប្រភពដើមនិងអត្ថន័យនៃពិធីផ្ទេរតំណែងទេវតា
- អាជ្ញាធរខេត្តកំពង់ធំរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មីនៅរាជធានីខ្មែរបុរាណ
- ការវិវឌ្ឍន៍ថ្មីៗនៃពិធីពូនភ្នំខ្សាច់បច្ចុប្បន្ន
- អ្នកភូមិអន្លង់រមៀតចង់ឲ្យមានការអភិរក្សទម្លាប់រាំវង់លក់ផ្កា
- ទីក្រុងភ្នំពេញចាប់ផ្ដើមស្ងប់ស្ងាត់មុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំ