អាជ្ញាធរ​ខេត្ត​កំពង់ធំ​រៀបចំ​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​រាជធានី​ខ្មែរ​បុរាណ

ដោយ​ សូត សុខប្រាថ្នា
2015-04-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដំណឹង​ពី​ខេត្ត​កំពង់ធំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​ខេត្ត ​ត្រៀម​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​នៅ​សំបូរព្រៃគុក ដែល​ជា​អតីត​រាជធានី​បុរាណ​ខ្មែរ​មួយ​ពី​ដើម​មាន​ឈ្មោះ​ថា ឥសានបុរៈ ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក​សព្វ​ថ្ងៃ។ ពិធី​នេះ នឹង​ប្រារព្ធ​ឡើង​ចំនួន​បី​យប់​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ដ៏​ចំណាស់​នៃ​កន្លែង​ប្រវត្តិសាស្ត្រ​មួយ​នេះ។

ស្រប​ពេល​នៅ​ឯ​ខេត្ត​សៀមរាប មាន​រៀប​ចំ​ពិធី​អង្គរ​សង្ក្រាន្ត​យ៉ាង​ធំ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមែ នោះ នៅ​ឯ​ខេត្ត​កំពង់ធំ​វិញ ក៏​មាន​រៀបចំ​ពិធី​ស្រដៀង​គ្នា​នេះ ដែល​ឱ្យ​ឈ្មោះ​ថា ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​សំបូរ​ព្រៃគុក។ មូលហេតុ​ដែល​ហៅ​ដូច្នេះ ដោយសារ​តែ​ពិធី​ទទួល​សង្ក្រាន្ត​ឆ្នាំ​ថ្មី គឺ​គេ​រៀប​ចំ​នៅ​បរិវេណ​ប្រាសាទ​សំបូរ​ព្រៃគុក ស្ថិត​ក្នុង​ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ ដែល​មាន​ចម្ងាយ​​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កំពង់ធំ លោក ជា វ៉ាន់ចាន់ មាន​ប្រសាសន៍​ថា គោល​បំណង​ដែល​ខាង​លោក​រៀបចំ​ពិធី​នេះ​ឡើង គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្មែរ​នា​ដើម​សតវត្ស​ទី​៧។ បន្ថែម​ពី​នេះ ដើម្បី​ឈ្វេង​យល់​ពី​សិល្បៈ​នៃ​ការ​ចែក​រំលែក ការ​រាប់អាន ភាព​ទន់ភ្លន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក។ ម្យ៉ាង​ទៀត​ក៏​ជា​ឱកាស​សម្រាប់​ពាណិជ្ជករ សហគ្រិន អាជីវករ អាច​ចូល​រួម​បង្ហាញ​នៅ​ផលិតផល​ម្ហូប​អាហារ ពាណិជ្ជកម្ម និង​សេវាកម្ម​នានា​របស់​ខ្លួន ពិសេស គឺ​ផលិតផល​សិប្បកម្ម និង​ឧបករណ៍​បរិក្ខារ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់។

លោក ជា វ៉ាន់ចាន់៖ «ជា​ការពិត​ទៅ ជា​គោលដៅ​របស់​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​នេះ គឺ​យើង​ចង់​រំលេច​ឱ្យ​ឃើញ​ពី​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​មាន​វ័យ​ចំណាស់​នេះ​ឱ្យ​បង​ប្អូន​នៅ​ខេត្ត​កំពង់ធំ ពិសេស​បងប្អូន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​គាត់​ចាប់​អារម្មណ៍​ ដើម្បី​ឱ្យ​គាត់​មក​សិក្សា​ស្វែង​យល់​ក៏​ដូចជា​មក​កម្សាន្ត»

លោក​ឱ្យ​ដឹង​ទៀត​ថា កម្មវិធី​ដែល​ក្រុម​យុវជន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ធ្វើ​ឡើង​រួម​មាន​ ពិធី​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា និង​ពិធី​ក្រុងពាលី​នៅ​ប្រាសាទ​យាយ​ព័ន្ធ នៅ​រសៀល​ថ្ងៃ​ទី​១៣ មេសា។ ចំណែក​នៅ​ថ្ងៃ​បន្តបន្ទាប់ មាន​ការ​ដង្ហែ​ក្បួន​របស់​យុវជន​លាយ​ឡំ​ជាមួយ​សិល្បៈ​របាំ​ប្រពៃណី ល្បែង​ប្រជាប្រិយ​ផ្សេងៗ រួម​នឹង​ក្បួន​ដង្ហែ​ក្រុម​ប្រណាំង​រទេះ​គោ​ផង។ ក្រៅ​ពី​នេះ ក៏​មាន​ការ​តាំង​ផលិតផល​ និង​នំ​ចំណី​របស់​ពលរដ្ឋ​ក្នុង​តំបន់ នៅ​កន្លែង​មួយ​ហៅ​ថា ភូមិ​ខ្ញុំ​សម្បូរ​វប្បធម៌ ហើយ​ក៏​មាន​ការ​បង្កើត​ជា​ប្រាសាទ​និម្មិត​ជាដើម។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​កំពង់ធំ ដដែល បញ្ជាក់​ថា នៅ​ថ្ងៃ​បញ្ចប់ គឺ​មាន​ពិធី​សំខាន់ៗ​មួយ​ចំនួន​ទៀត​រួម​មាន ពិធី​ពូន​ភ្នំខ្សាច់ និង​ពិធី​ស្រង់​ព្រះ ដែល​គេ​នឹង​ធ្វើ​ឡើង​នៅ​ប្រាសាទ​ស្រង់​ព្រះ​តែ​ម្តង។

បន្ថែម​លើនេះ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​រៀប​ចំ​ពិធី​នេះ​ឡើង ពីព្រោះ​វា​កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​ជាតិ និង​អន្តរជាតិ​ យល់​ច្បាស់​ពី​វប្បធម៌​ប្រពៃណី សាសនា​របស់​ខ្មែរ។ លើស​ពី​នេះ​ទៀត ក៏​ជាការ​ផ្សព្វផ្សាយ​មួយ​យ៉ាង​សំខាន់​ដល់​តំបន់​ប្រវត្តិសាស្ត្រ និង​ជា​តំបន់​ដែល​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ដ៏​សំខាន់​ប្រចាំ​ខេត្ត​កំពង់ធំផង៖ «ទី​បី​យើង​បង្កើត​ឱ្យមាន​ព្រឹត្តិការណ៍​ឡើង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ មាន​ន័យ​ថា ភ្ញៀវទេសចរ​ហ្នឹង​គាត់​ចាប់​អារម្មណ៍​កាន់​តែខ្លាំងឡើង ហើយ​គាត់​ចូល​ទស្សនា»

លោក​សម្ដែង​សុទិដ្ឋិនិយម​ថា ពិធី​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ កាន់​តែ​ច្រើន​បន្ថែម​ទៀត ឱ្យ​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​មួយ​នេះ។ តាម​ការ​គ្រោង​ទុក​របស់​អ្នក​រៀបចំ​កម្មវិធី គឺ​ពួកគេ​រំពឹង​ថា អាច​មាន​មនុស្ស​ប្រមាណ ៣ ទៅ ៤​ម៉ឺន​នាក់​នឹង​មក​លេងកម្សាន្ត​តំបន់​រមណីយដ្ឋាន​សំបូរព្រៃគុក ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​បី​ថ្ងៃ។ រមណីយដ្ឋាន​សំបូរ​ព្រៃគុក ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​បរទេស​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា​ ឥសានបុរៈ ឬ ឥសានបុរី ក្នុង​រាជ្យ​ព្រះបាទ ឥសាន​វរ្ម័ន​១ នា​ដើម​សតវត្ស​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ ចំណែក​អ្នក​កសាង​បន្ត​ទៀត គឺ​ព្រះបាទ ភវរ័្មនទី​២ ដោយ​ដាក់​នាមថា ភវបុរៈ គឺ​ដូចគ្នា​ទៅ​នឹង​បច្ឆាមរណៈ​នាម​របស់​ព្រះអង្គ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles