ដោយ ជិន ជេដ្ឋា
2015-04-15
RFA

សកម្មភាពប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។ Photo: RFA
កម្មករធ្វើចម្ការដំឡូង ចម្ការតាង៉ែន និងចម្ការសាវម៉ាវជាដើម នៅជាយដែនថៃក្នុងទឹកដីខេត្តបាត់ដំបង និងបន្ទាយមានជ័យ នាំគ្នាសម្រុកមកលេងស្រុកកំណើតនៅភាគកណ្ដាល ប្រទេសកម្ពុជា។នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរម្ដងៗ ពួកគាត់ប្រញាប់មកស្រុកកំណើត តែមិនបានចំណាយពេលច្រើន ដើម្បីជួបឪពុកម្ដាយ និងបងប្អូនសប្បាយរីករាយនោះទេ គឺត្រូវប្រញាប់ប្រញាល់ត្រឡប់ទៅរកប្រាក់នៅជាយដែនថៃវិញ។
រថយន្តឈ្នួលប្រភេទសាំយ៉ុង ផ្ទុកមនុស្សជិត៣០នាក់ ដែលភាគច្រើនជាកម្មករធ្វើចម្ការ ចេញដំណើរពីច្រកឡែម នៃព្រំដែនខ្មែរ–ថៃ បានឈប់ដាក់មនុស្សចុះតាមខេត្តជាច្រើននាក់ តាមផ្លូវជាហូរហែ តាំងពោធិ៍សាត់ រហូតដល់ខេត្តកំពត។ អ្នកដំណើរទាំងនោះបានបង្ហាញពីគម្រោងទៅធ្វើបុណ្យដាក់បាត្រ និងជួបជុំជាមួយបងប្អូននៅស្រុកកំណើតក្នុងរយៈពេលដ៏ខ្លី នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិឆ្នាំ២០១៥ នេះ។
កម្មករធ្វើចម្ការដំឡូងមីនៅស្រុកសំពៅលូន ខេត្តបាត់ដំបងអ្នកស្រី ឌុច ចាន់ថន មានប្រសាសន៍ថា រូបគាត់ និងអ្នកភូមិចំនួន២០នាក់ទៀតមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានឈប់ពីការងារធ្វើចម្ការ ហើយជិះឡានឈ្នួលមកស្រុកបន្តបន្ទាប់គ្នាចាប់តាំងពី១០ ខែមេសា មក។ អ្នកស្រីថា បីឆ្នាំជាប់ៗគ្នា នៃពិធីបុណ្យឆ្នាំខ្មែរ រូបគាត់ និងគ្រួសារមានពេលវេលាជួបជុំគ្នាតិចតួច ដោយអ្នកស្រីប្រញាប់ត្រឡប់ទៅជាយដែនធ្វើចម្ការរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារវិញ។ យ៉ាងណាអ្នកស្រីមិនភ្លេចស្រុកកំណើត ឬទៅវត្តធ្វើបុណ្យទានជាមួយគ្រួសារនោះទេ៖ «ខ្ញុំទៅសាមុនមកម្ដងៗ៥ខែមកម្ដងទៅដល់ផ្ទះម្ដង ឥឡូវទៅដាំឡូងវិញបានជាង១០ថ្ងៃ ហើយឥឡូវខ្ញុំមកចូលឆ្នាំ។ នៅចូលឆ្នាំប្រហែលថ្ងៃទី២០ (ខែមេសា ឆ្នាំ២០១៥) វិលត្រឡប់ទៅវិញ។ ខ្ញុំដាំគិតជារ៉ៃឲ្យគេ ដាំរបស់ខ្លួនបាន៥រ៉ៃ ហើយដាំស៊ីឈ្នួលគេនៅលើភ្នំមួយថ្ងៃ២ម៉ឺនរៀល នៅសាស្ដា ស្រុកសំពៅលូន »។
អ្នកស្រីរំលឹកថា កូនប្រុសអាយុជាង១០ឆ្នាំ និងរូបអ្នកស្រីផ្ទាល់ដែលពេលនេះមានវ័យ៤៩ ឆ្នាំហើយនោះ បានចាកចោលស្រុកកំណើត ដើម្បីស៊ីឈ្នួលរកប្រាក់តាមចម្ការនៅខេត្តផ្សេងៗ រយៈពេលបីឆ្នាំហើយ។ អ្នកស្រីត្អូញត្អែរថា នៅខេត្តភាគកណ្ដាល នៃប្រទេសកម្ពុជាលំបាករកប្រាក់ ដោយគាត់រៀនសូត្របានតិច ហើយម្យ៉ាងគាត់មានវ័យចំណាស់ បើចង់ចូលធ្វើការរោងចក្រក៏គេមិនយកធ្វើដែរ។
ចំណែកកម្មករម្នាក់ទៀតមានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក អ៊ុង ឈីម រៀបរាប់ថា ជាច្រើនឆ្នាំហើយដែលលោក និងប្រពន្ធចេញទៅស៊ីឈ្នួលដាំ និងគាស់មើមដំឡូងមីនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយឆ្នាំខ្លះធ្លាក់ទៅស៊ីឈ្នួលគេដល់ទឹកដីប្រទេសថៃក៏មាន។ លោកថា នៅស្រុកកំណើតគ្រួសារគាត់មានដីស្រែចម្ការគ្រប់គ្រាន់ ដើម្បីបង្កបង្កើនផលស្រូវ ប៉ុន្តែលោកសុខចិត្តជួលគេធ្វើ ពីព្រោះនៅពេលទូទាត់ផលចំណេញពីការធ្វើស្រែ និងធ្វើជាកម្មករនៅជាយដែន គឺធ្វើជាកម្មករគេចំណេញជាង ត្បិតវាហត់នឿយកម្លាំងជាងបន្តិច៖ «នៅខាងហ្នឹង(ជាយដែនថៃ)ស្រួលជាងបង មានការងារធ្វើ ចំណែកយើងនេះធ្វើតែស្រែហើយអត់មានការងារធ្វើ។ ទៅហ្នឹងដាំដំឡូង កាប់បញ្ចាំដំឡូង បើស៊ីឈ្នួលដឹកដើមដំឡូងបានៗច្រើន។ ទៅណោះខ្ញុំធ្វើនៅក្នុងទឹកដីខ្មែរ ព្រោះខ្ញុំអត់សូវមាំទាំនឹងគេព្រោះទៅថៃហត់ដែរ ដើរផងអីផង»។
លោក អ៊ុង ឈីម បញ្ជាក់ថា លោកទើបបើកប្រាក់ឈ្នួលបាន៦០ម៉ឺនរៀល ហើយប្រាក់នេះសល់ពីការហូបចុកតាមផ្លូវ និងជិះឡាន លោកនឹងផ្ដល់ឲ្យកូនមួយចំនួន និងចាត់ចែងធ្វើបុណ្យទានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។ លោកបន្ថែមថា នៅរដូវវស្សាឆ្នាំនេះគ្រួសារលោកនឹងចំណាយប្រាក់ដើម្បីជួលគេធ្វើស្រែទៀត ព្រោះលោកជាប់រវល់ស៊ីឈ្នួលធ្វើស្មៅចម្ការ និងគាស់ដំឡូងគេនៅបាត់ដំបង។
នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិប្រមាណប្រាំថ្ងៃ មានកម្មករទាំងក្រៅ និងក្នុងប្រទេសបានសម្រាកពីការងាររៀងៗខ្លួន ហើយឆ្លៀតទៅលេងស្រុកកំណើតធ្វើបុណ្យទានយ៉ាងច្រើនកុះករ។
តៃកុងឡានរត់ឈ្នួល ពីច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅមកខេត្តកំពត លោក គន សុខា មានប្រសាសន៍ថា ក្នុងរយៈពេលបីថ្ងៃមុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះកម្មករ នាំគ្នាសម្រុកចេញពីទឹកដីប្រទេសថៃ និងពីតាមខេត្តមួយចំនួនជាប់ព្រំដែនថៃមកលេងស្រុកកំណើត។ លោកថា ឡានលោកមួយគ្រឿងប្រភេទសាំយ៉ុង និងឡានអ្នកភូមិរបស់លោកចំនួន២០គ្រឿងផ្សេងទៀត បានដឹកកម្មករពេញៗឡាន បីបួនថ្ងៃជាប់គ្នា។ ចំណែកតម្លៃជិះវិញមនុស្សម្នាក់ចន្លោះពី៣ម៉ឺន៥ពាន់រៀល ទៅ៤ម៉ឺនរៀល ពីព្រំដែន ដល់ខេត្តកំពង់ស្ពឺ ឬខេត្តកំពត ដែលតម្លៃនេះពុំមានការឡើងចុះខុសគ្នារវាងថ្ងៃធម្មតា ឬថ្ងៃបុណ្យនោះទេ៖ «នៅអំឡុងពេលចូលឆ្នាំនេះរត់ឡានបានប៉ុន្មានជើងដែរ? ក្នុង១ជើងដាក់បាន២២នាក់ទេអស់ហើយ ព្រោះអីវ៉ាន់ច្រើនពេក។ រវាងរត់ថ្ងៃធម្មតា និងថ្ងៃចូលឆ្នាំខុសគ្នាយ៉ាងម៉េច? តម្លៃមនុស្សជិះដូចគ្នា ប៉ុន្តែអ្នកជិះមានអីវ៉ាន់ច្រើនមកពីស្រុកថៃ(គិតថ្លៃអីវ៉ាន់តិចតាមតិចច្រើនតាមច្រើន»។
ចំពោះបញ្ហាសុវត្ថិភាពរបស់ភ្ញៀវដែលជិះឡានរបស់លោកវិញ គឺលោកមិនដាក់មនុស្សលើដំបូល ហើយកង់ និងម៉ាស៊ីនឡានលោកបានពិនិត្យជាប្រចាំ។ លោកថា ធ្វើបែបនេះ គឺបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ម្យ៉ាងមិនព្រួយបារម្ភរឿងប៉ូលិសផាកពិន័យតាមផ្លូវផង។ ប៉ុន្តែមានឡានខ្លះដែលរត់ទៅមកដឹកភ្ញៀវពីព្រំដែនដូចគ្នាបានដាក់មនុស្សលើដំបូលផង និងតកន្ទុយឡានឲ្យមនុស្សជិះជាច្រើននាក់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមរបាំត្រុដិកុមារកំព្រាប្ដេជ្ញារក្សាទម្រង់របាំនេះឲ្យគង់វង្ស
- សកម្មភាពទូទៅក្នុងក្រុងភ្នំពេញថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ
- កម្ពុជាជាប់ឯកត្តកម្មពិភពលោកមួយបន្ថែមទៀតផ្នែករាំម៉ាឌីហ្សូន
- អ្នកទេសចរសម្រុកទៅលេងខេត្តរតនគិរីនាថ្ងៃចូលឆ្នាំមានចំនួនច្រើន
- កសិករបន់ស្រន់ឲ្យឆ្នាំថ្មីមានទឹកភ្លៀងច្រើន
- អាជ្ញាធរខេត្តតាកែវផ្ដោតលើការការពារសុវត្ថិភាពចរាចរណ៍ពេលបុណ្យចូលឆ្នាំខ្មែរ
- ពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃដំបូងនៅរមណីយដ្ឋានប្រាសាទឯកភ្នំខេត្តបាត់ដំបង
- ការវិវឌ្ឍន៍ថ្មីៗនៃពិធីពូនភ្នំខ្សាច់បច្ចុប្បន្ន
- ពលករខ្មែរមកពីថៃត្អូញត្អែរពិបាករករថយន្តត្រឡប់ទៅស្រុកកំណើត