ដោយ រដ្ឋា វិសាល
2015-04-15
RFA

អ្នកទេសចរទៅលេងនៅរមណីយដ្ឋានបឹងយក្សឡោម ក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Ratha Visal
អាជ្ញាធរខេត្តរតនគិរី បានដឹកនាំ បង្កើតព្រឹត្តិការណ៍វប្បធម៌មួយតាមរយៈការសំដែងសិល្បៈប្រគំតន្ត្រី និងតាំងពិព័រណ៍វប្បធម៌ជនជាតិដើមភាគតិច ផ្សព្វផ្សាយបំផុសចលនាទាក់ទាញ អ្នកទេសចរនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ។ ចំណែកមន្ត្រីទេសចរណ៍ខេត្តឲ្យដឹងថា នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំអ្នកទេសចរច្រើនបានមកកម្សាន្តនៅខេត្តភាគឦសានមួយនេះ។
ភ្ញៀវទេសចរបាន កក់បន្ទប់ផ្ទះសំណាក់ជាង១ពាន់បន្ទប់នៅគ្រប់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែតពិទូ ប៉ាន់ប្រមាណថាកំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តនេះ នៅរដូវបុណ្យចូលឆ្នាំ នឹងកើនជាងឆ្នាំកន្លងទៅ ក៏ប៉ុន្តែការកម្សាន្តរបស់អ្នកទេសចរឆ្នាំនេះ មានលក្ខណៈវិលជុំ មានន័យថា អ្នកទេសចរធ្វើដំណើរកម្សាន្តរយៈពេលខ្លីហើយបន្តធ្វើដំណើរទៅខេត្តផ្សេងទៀត ក្នុងភាគឦសានមានខេត្តមណ្ឌលគិរីស្ទឹងត្រែងក្រចេះជាដើម។លោកកត់សំគាល់ថា សក្ដានុពលអភិវឌ្ឍន៍នាខេត្តភាគឦសាន ជាពិសេសផ្លូវគមនាគមន៍បានតភ្ជាប់ពីខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ឬស្ទឹងត្រែងទៅខេត្តព្រះវិហារជាដើម អំណោយផលសម្រាប់ដំណើរទេសចរណ៍វិលជុំ។ «»
អាជ្ញាធរខេត្តរតនគិរីបានចេញលិខិតណែនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ឲ្យរៀបចំធ្វើអនាម័យតាមដងផ្លូវ រៀបចំសួនច្បារ តាំងលំអភ្លើងបំភ្លឺតាមផ្លូវសាធារណៈដោតទង់ជាតិ នៅតាមអគាររដ្ឋបាលក្នុងខេត្ត និងតាមលំនៅឋានប្រជាពលរដ្ឋជាពិសេសរៀបចំលេងល្បែងប្រជាប្រិយ របាំវប្បធម៌ជនជាតិដើមភាគតិចនៅតាមតំបន់រមណីយដ្ឋានដើម្បីអបអរសាទរបុណ្យចូលឆ្នាំ។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ម៉ឺង ស៊ីនាត ហៅចំណាត់ការរបស់អាជ្ញាធរខេត្តថា ជាជំហ៊ានឆ្ពោះទៅកាន់ភាពអភិវឌ្ឍន៍ និងការទាក់ទាញវិស័យទេសចរណ៍។ លោកបញ្ជាក់ថា កងកម្លាំងប៉ូលិសនិងកងរាជអាវុធហត្ថត្រូវបានចាត់ឲ្យការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ក្នុងខេត្តនិងតំបន់ទេសចរណ៍។ «»
អាជ្ញាធរក្រុងបាន់លុងឲ្យដឹងថានាឆ្នាំ២០១៤នេះ សណ្ឋាគារ និងផ្ទះសំណាក់បានកើនឡើងរហូតជាង១ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារមាន១៤កន្លែង និងផ្ទះសំណាក់មាន៣៥កន្លែង។ ដោយឡែកមានសណ្ឋាគារខ្នាតទំនើបចំនួន៥ និងតំបន់កម្សាន្តទំនើបមានអាងហែលទឹកចំនួន៣ បានសាងសង់រួច។
អ្នកទេសចររស់នៅក្នុងខេត្តរតនគិរី លោក ង៉ែត សារុំ ចាប់អារម្មណ៍ថា អាជ្ញាធរខេត្តចាត់តាំងរៀបចំសម្រាប់បុណ្យចូលឆ្នាំមានសភាពប្លែក និងទាក់ទាញច្រើន។ លោកថា តំបន់ទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ ឆ្នាំនេះមានអ្នកទេសចរច្រើនកុះករ។ «»
កាលពីរដូវចូលឆ្នាំថ្មី២០១៤ តួលេខរបស់មន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ចំនួនអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តនេះ មានចំនួនជាង៤ម៉ឺននាក់ រយៈពេលបីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមរបាំត្រុដិកុមារកំព្រាប្ដេជ្ញារក្សាទម្រង់របាំនេះឲ្យគង់វង្ស
- សកម្មភាពទូទៅក្នុងក្រុងភ្នំពេញថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ
- កម្ពុជាជាប់ឯកត្តកម្មពិភពលោកមួយបន្ថែមទៀតផ្នែករាំម៉ាឌីហ្សូន
- កសិករបន់ស្រន់ឲ្យឆ្នាំថ្មីមានទឹកភ្លៀងច្រើន
- កម្មករដាំដំឡូងនៅព្រំដែនថៃឆ្លៀតមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
- អាជ្ញាធរខេត្តតាកែវផ្ដោតលើការការពារសុវត្ថិភាពចរាចរណ៍ពេលបុណ្យចូលឆ្នាំខ្មែរ
- ពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃដំបូងនៅរមណីយដ្ឋានប្រាសាទឯកភ្នំខេត្តបាត់ដំបង
- ការវិវឌ្ឍន៍ថ្មីៗនៃពិធីពូនភ្នំខ្សាច់បច្ចុប្បន្ន
- រមណីយដ្ឋានធម្មជាតិបឹងត្រាវកុដិនៅសៀមរាបដែលអ្នកទេសចរគួរទៅកម្សាន្ត