ដោយ ជិន ជេដ្ឋា
2015-04-16
RFA

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រចាំខេត្តពោធិ៍សាត់។ រូបថតកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ (RFA/Chin Chetha)
គ្រូបង្រៀន និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តពោធិ៍សាត់ ចោទប្រធានមន្ទីរ និងប្រធានការិយាល័យបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តនេះ ថាមានចេតនាធ្វើបាបគ្រូបង្រៀន និងមានការរើសអើងនិន្នាការនយោបាយ។
ការចោទនេះ គឺបន្ទាប់ពីគ្រូបង្រៀនម្នាក់ទាមទារបើកប្រាក់ខែមុនថ្ងៃបុណ្យចូលឆ្នាំ ដែលមន្ទីរបានបង្កកចំនួនពីរខែ។
រឿងរ៉ាវបង្កកប្រាក់បៀវត្សរ៍ខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៥ របស់ លោក សោម សារាវុត ជាគ្រូបង្រៀននៅវិទ្យាល័យស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនទាន់ដោះស្រាយចប់នៅឡើយ។ លោកគ្រូថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ លោកបានទៅសួររកបើកប្រាក់ខែពីថ្នាក់ដឹកនាំមន្ទីរ ប៉ុន្តែប្រធានមន្ទីរ និងបក្ខពួកបានគាបសង្កត់ និងនិយាយរឿងនយោបាយច្រើនជាងរឿងបើកប្រាក់ខែទៅវិញ។
លោក សោម សារាវុត មានប្រសាសន៍នៅថ្ងៃទី១៤ ខែមេសា ថា ករណីបង្កកប្រាក់ខែលោក គឺជារឿងអយុត្តិធម៌នៅក្នុងស្ថាប័នអប់រំ ដោយថ្នាក់ដឹកនាំមន្ទីរ ឬការិយាល័យអប់រំ មិនបានគិតគូរស្រាវជ្រាវរកហេតុផលពិតប្រាកដ ដែលលោកជាប់ពន្ធនាគារ គឺរង់ចាំតែបង្កកប្រាក់ខែកូនចៅក្រោមឱវាទរបស់ខ្លួន។ លោកថា នៅក្រោយបុណ្យចូលឆ្នាំ លោកនឹងរៀបចំពាក្យបណ្ដឹងមួយតាមរយៈមន្ត្រីគណបក្សសង្គ្រោះជាតិ ដាក់ទៅគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីឲ្យស៊ើបអង្កេតករណីលោកជាប់ពន្ធនាគារ និងបង្កកប្រាក់ខែដោយអយុត្តិធម៌កាលពីពេលកន្លងទៅនេះ៖ «»។
មន្ទីរអប់រំ បានស្នើសុំបង្កកប្រាក់ខែ លោក សោម សារាវុត ចំនួនពីរខែ បន្ទាប់ពីតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោមបទចោទឆបោកទាក់ទងនឹងរឿងទិញលក់ដីធ្លីមួយកន្លែង កាលពីឆ្នាំ២០០៨។ រយៈពេលជិតពីរខែនៅក្នុងពន្ធនាគារ ធ្វើឲ្យលោកខានបានទៅបង្រៀនសិស្សជិតពីរខែដែរ។ ក្រោយចេញពីពន្ធនាគារភ្លាមៗលោកប្រកាសថា ការចាប់ខ្លួនលោកដាក់គុក ហើយបង្កកប្រាក់ខែ គឺចេតនាធ្វើបាបរបស់ថ្នាក់ដឹកនាំមន្ទីរអប់រំ និងអាជ្ញាធរមូលដ្ឋានមកលើរូបលោក ដោយសារកន្លងទៅរូបលោកមានភាពសកម្មក្នុងការតវ៉ារឿងដីធ្លីរបស់ខ្លួន។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ លោក សួង សុភី បញ្ជាក់ថា នៅថ្ងៃទី២០ ឬថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ក្រោយបុណ្យចូលឆ្នាំ មន្ទីរនឹងធ្វើសំណើទៅក្រសួង ដើម្បីបើកប្រាក់ខែដែលបង្កកនោះឲ្យលោកគ្រូវិញ ពីព្រោះនៅពេលតុលាការចាប់ខ្លួន លោក សោម សារាវុត នោះ មន្ទីរបានរាយការណ៍ទៅក្រសួងសុំឲ្យបង្កកប្រាក់ខែ។ លោកថា ការសម្រេចបង្កកប្រាក់ខែ ឬមិនបង្កក មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺជានីតិវិធីរបស់តុលាការ ហើយស្ថាប័នអប់រំរង់ចាំតែបង្កក ឬចាត់ចែងរឿងប្រាក់ខែនោះយ៉ាងណាទៅតាមតុលាការស្នើមកប៉ុណ្ណោះ៖ «»។
ទាក់ទងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តពោធិ៍សាត់ អ្នកស្រី គឹម តារានី យល់ថា ថ្នាក់ដឹកនាំមន្ទីរអប់រំមានចេតនាធ្វើបាប និងក្រោយមកចង់អូសទាញ លោក សោម សារាវុត ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារលោកជាសកម្មជនគណបក្សសង្គ្រោះជាតិ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយជាគ្រូបង្រៀនម្នាក់សកម្មនឹងការងារបង្រៀនសិស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទស្សនៈសង្គមស៊ីវិលចំពោះដំណើរការចាត់ចែងការបោះឆ្នោតរបស់គ.ជ.បថ្មី
- អូស្ត្រាលីនឹងបញ្ជូនជនភៀសខ្លួនលើកដំបូងពីកោះណាវរូមកកម្ពុជានៅក្រោយចូលឆ្នាំ
- បក្សប្រឆាំងនិងអង្គការសិល្បៈខ្មែរអមតៈគ្រោងប្រារព្ធពិធីរំឭកខួបថ្ងៃទី១៧មេសា
- គ.ជ.បថ្មីនឹងជ្រើសរើសអគ្គលេខាធិការក្រោយចូលឆ្នាំ
- សង្គមស៊ីវិលនិងអ្នកវិភាគរិះគន់វប្បធម៌សន្ទនារបស់មេដឹកនាំបក្សជាប់ឆ្នោតទាំងពីរ
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- បក្សសង្គ្រោះជាតិអះអាងថាមិនប្ដូរជំហរនិងគោលដៅក្នុងការចរចា
- នាយករដ្ឋមន្ត្រីនិងមេបក្សប្រឆាំងចូលរួមបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប
- ប្រធានគ.ជ.បថ្មីលោក ស៊ិក ប៊ុនហុក សរសើរការងាររបស់គ.ជ.បចាស់