ដោយ សេក បណ្ឌិត
2015-04-16
RFA

ពិធីស្រង់ព្រះនៅវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។ RFA/Sek Bandith
ពិធីស្រង់ព្រះ គឺជាទំនៀមមួយពីបុរាណរបស់ពលរដ្ឋខ្មែរដែលមានជំនឿតៗគ្នាជាយូរលង់ណាស់មកហើយ។ ពិធីនេះគេនិយមធ្វើឡើងនៅថ្ងៃទី៣ ឬជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីជានិមិត្តរូបនៃការគោរពដឹងគុណដល់ព្រះសម្មាសម្ពុទ្ធ ដែលផ្តល់ឱវាទល្អដល់មនុស្សសត្វផងទាំងពួង និងជាការរំឭកដល់គុណមាតាបិតា ព្រមទាំងផ្សងសុំសិរីសួស្តីត្រជាក់ត្រជុំ និងសុខក្សេមក្សាន្តដល់គ្រប់ក្រុមគ្រួសារទាំងអស់នៅក្នុងឆ្នាំថ្មីនេះតរៀងទៅ។
តើនៅតាមទីអារាមនីមួយៗក្នុងរាជធានីភ្នំពេញ មានប្រារព្ធពិធីនេះយ៉ាងដូចម្តេចខ្លះ?
នៅតាមទីអារាមភាគច្រើន បានរៀបចំបុស្បុកយ៉ាងល្អប្រណិត មានផ្កាភ្ញី និងធុងទឹក មានតម្កល់ព្រះពុទ្ធរូបមួយព្រះអង្គ ឬច្រើនអង្គទៅតាមការរៀបចំរបស់វត្តអារាមនីមួយៗ។
ពុទ្ធបរិស័ទដែលមកធ្វើបុណ្យចូលឆ្នាំថ្មី ពួកគាត់អាចស្រង់សម្អាតព្រះបដិមាព្រះពុទ្ធអង្គដោយទឹកស្អាតផ្កាភ្ញីតាំងពីថ្ងៃទីមួយមកម្ល៉េះ ប៉ុន្តែបុរាណបានកំណត់យកថ្ងៃឡើងស័ក គឺជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំ ដើម្បីប្រារព្ធពិធីស្រង់ព្រះជាផ្លូវការ ដោយជួបជុំគ្នាទាំងអស់រួមមានព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទជិតឆ្ងាយដែលបានតាំងចិត្តចូលរួមក្នុងពិធីនេះ។
ទាក់ទងនឹងអត្ថន័យខ្លឹមសារ និងការអនុវត្តជាក់ស្តែងតាំងពីបុរាណ និងបច្ចុប្បន្ន ព្រះចៅអធិការវត្តទួលទំពូង រាជធានីភ្នំពេញ ព្រះតេជព្រះគុណ គៀត សុគន្ធា មានព្រះថេរដីកាដោយសង្ខេបថា ពិធីនេះតំណាងដល់ភាពត្រជាក់ត្រជុំ ហើយការប្រតិបត្តិរបស់ពុទ្ធបរិស័ទតាំងពីថ្ងៃទីមួយមកនោះ បានផលជួបនិស្ស័យបុណ្យដូចគ្នានឹងថ្ងៃចុងបញ្ចប់ដែរ៖ «យើងស្រង់ព្រះសូមឲ្យទឹកដែលយើងស្រង់ទៅហ្នឹងត្រជាក់នៅក្នុងគ្រួសារផង ផ្លូវចិត្ត និងសង្គមជាតិផង»។
ព្រះតេជព្រះគុណបន្តថា ដល់ថ្ងៃបញ្ចប់មានធ្វើពិធីរួមគ្នាប្លែកពីថ្ងៃទីមួយ និងថ្ងៃទីពីរខ្លះៗដែរ៖ «ប្លែកត្រង់ថាយើងបាននិមន្តព្រះសង្ឃក្នុងវត្តទាំងអស់ ហើយយើងធ្វើកិច្ចថ្វាយបង្គំព្រះ បានយើងស្រោចទឹក។ ខ្ញុំព្រះករុណាក៏មានកូនសិស្សមកថ្វាយបង្គំសុំស្រោចទឹក ដុសក្អែលជូនគ្រូដែរ ទាំងនេះជាវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណមក»។
នៅតាមវត្តខ្លះ ពិធីនេះធ្វើនៅពេលថ្ងៃត្រង់ ក្រោយព្រះសង្ឃទទួលចង្ហាន់រួច។ វត្តខ្លះទៀតច្រើននិយមធ្វើនៅពេលថ្ងៃបាក់រសៀល។
លោកគ្រូអាចារ្យ រស់ ណុប នៅវត្តពោធិ៍យារាម ហៅវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក៏បានបញ្ជាក់ពីការប្រារព្ធពិធីនេះស្រដៀងគ្នានឹងព្រះតេជព្រះគុណ គៀត សុគន្ធា ដែរ ប៉ុន្តែលោកគ្រូអាចារ្យរូបនេះបានសង្កត់ធ្ងន់ ឲ្យកូនចៅដែលធ្វើពិធីនៅវត្តហើយ សូមកុំភ្លេចធ្វើពិធីដដែលនេះនៅផ្ទះជាមួយឪពុកម្តាយ ជីដូនជីតាផង ព្រោះលោកជាព្រះកន្លោង ជាអ្នកមានគុណខ្ពស់បំផុតមិនអាចបំភ្លេចបានឡើយ៖ «ស្រង់ព្រះចង់និយាយថា ស្រង់ជម្រះរូបរាងកាយយើងចូលឆ្នាំថ្មីឲ្យបានស្អាតផូរផង់ កូនចៅងូតទឹកជូនមាតាបិតា គ្រូអាចារ្យ និងព្រះសង្ឃជម្រះដល់ព្រះពុទ្ធព្រះបដិមា»។
មិនខុសពីដំបូន្មានលោកគ្រូអាចារ្យ រស់ ណុប ទេ អ្នកស្រី សៅ ង៉ែត ធ្វើការនៅមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង បានឲ្យដឹងថា មុននឹងមកធ្វើបុណ្យនៅវត្ត គាត់បានធ្វើម្ហូបអាហារជូនឪពុកម្ដាយ និងចាស់ៗអ្នកជិតខាងរួចហើយ និងមានពិធីងូតទឹកជូនពួកគាត់ដូចពិធីស្រង់ព្រះនៅទីអារាមដែរ នៅពេលល្ងាចចុងបញ្ចប់បុណ្យចូលឆ្នាំគម្រប់បីថ្ងៃនេះ៖ «មានងូតទឹកជូនគាត់ឲ្យស្អាត ហើយស្លៀកពាក់ខោអាវថ្មីជូនគាត់»។
ងាកមកមើលបរិយាកាសទូទៅនៅទីក្រុងភ្នំពេញវិញ។ នៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ តាំងពីព្រឹកព្រលឹមរហូតថ្ងៃត្រង់ នៅលើដងផ្លូវសំខាន់ៗ ចរាចរណ៍ស្ងប់ស្ងាត់ ហាងទំនិញភាគច្រើននៅបិទទ្វារនៅឡើយ ហើយនៅទីអារាមភាគច្រើន ឮតែសំឡេងសូត្រធម៌ប៉ុណ្ណោះ។ លុះដល់ពេលល្ងាចថ្ងៃដដែលនេះ ទើបមានមនុស្សមកពីបណ្ដាខេត្តផ្សេងៗវិញខ្លះ។ ពេលនោះ ភ្នំពេញមានសភាពអ៊ូអរបន្តិច ជាពិសេសពួកគេនិយមមកលេងនៅរមណីយដ្ឋានវត្តភ្នំដែលជាកន្លែងប្រជុំគ្នាចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ពិធីស្រង់ព្រះនៅវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។ RFA/Sek Bandith

ពិធីស្រង់ព្រះនៅវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។ RFA/Sek Bandith

ពិធីស្រង់ព្រះនៅវត្តទួលទំពូង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥។ RFA/Sek Bandith

ពិធីស្រង់ព្រះនៅវត្តពោធិ៍យារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វារ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។ RFA/Sek Bandith

ពិធីស្រង់ព្រះនៅវត្តព្រះពុទ្ធ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។ RFA/Sek Bandith

រូបតំណាងឆ្នាំទាំង១២ ដាក់តាំងនៅវត្តទួលទំពូង។ រូបថតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ RFA/Sek Bandith
អត្ថបទដែលទាក់ទង
- រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីក្នុងខេត្តស្វាយរៀង
- ពលរដ្ឋខ្មែរនៅឯនាយសមុទ្រជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា
- តើរឿងកបិលមហាព្រហ្មនិងធម្មបាលកុមារបង្កប់នូវខ្លឹមសារអ្វីខ្លះដល់សង្គមមនុស្ស?
- អត្ថន័យបទចម្រៀងភិសវង់នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
- សម្ភាសលោកសាស្ត្រាចារ្យ សួន ឱសថ អំពីអត្ថន័យនៃថ្ងៃចូលឆ្នាំទាំងបី
- យុវជនខេត្តស្វាយរៀងភាគច្រើនមិនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយ
- ក្រុមរបាំត្រុដិកុមារកំព្រាប្ដេជ្ញារក្សាទម្រង់របាំនេះឲ្យគង់វង្ស
- សកម្មភាពទូទៅក្នុងក្រុងភ្នំពេញថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ
- កសិករបន់ស្រន់ឲ្យឆ្នាំថ្មីមានទឹកភ្លៀងច្រើន