ដោយ ម៉ែន សុធីរ
2015-04-16
RFA

ពុទ្ធបរិស័ទយកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។ RFA/Men Sothy
រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំក្នុងខេត្តស្វាយរៀង ពុទ្ធបរិស័ទច្រើនសម្រុកទៅវត្តអារាមយ៉ាងច្រើនរួមទាំងយុវជន យកចង្ហាន់ប្រគេនព្រះសង្ឃ ស្រង់ទឹកព្រះ ពូនភ្នំខ្សាច់ តែពុំសូវឃើញមានអ្នកលេងល្បែងប្រជាប្រិយទេ។ ចំណែកតាមទីជនបទ មានយុវជនជួបជុំគ្នាជាក្រុមៗផឹកស៊ី រាំធុងបាស និងលេងល្បែងស៊ីសង។ ចំណែកតាមដងផ្លូវមួយចំនួនក្នុងទីរួមខេត្តស្វាយរៀង មានសភាពស្ងាត់ជាងសព្វដង។
ក្នុងទីរួមខេត្តស្វាយរៀង ក្នុងឆ្នាំនេះ ហាងធំៗមួយចំនួនត្រូវបិទទ្វារ ចំណែកផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនធំ ក៏ត្រូវបិទដែរ ព្រោះមិនសូវមានភ្ញៀវទេសចរមកកម្សាន្ត។ ចំណែកអាជីវករលក់ដូរត្រីសាច់នៅផ្សារវាលយន្ត លក់ដូចធម្មតាមិនសម្រាកឡើយ ព្រោះពួកគាត់យល់ថា លក់នៅក្នុងពិធីបុណ្យលក់ដាច់ជាងសព្វដង។
នៅតាមទីវត្តអារាមស្ទើរតែទាំងអស់ ឃើញមានតែរាំធុងបាស កម្រឃើញមានលេងល្បែងប្រជាប្រិយ។ យុវជនច្រើនតែចូលចិត្តរាំចង្វាក់ញាក់ មិនសូវរាំវង់សារវ៉ាន់ដែលជាប្រពៃណីខ្មែរទេ។ លើសពីនេះទៀត ពេលរាត្រី យុវជនជាក្រុមៗតែងជិះម៉ូតូទៅរាំធុងបាសនៅវត្តអារាម និងកន្លែងផ្សេងៗរហូតដល់ទល់ភ្លឺក៏មានដែរ។
ក្រុមយុវជនជាច្រើនដែលធ្វើដំណើរទៅវត្តអារាម បានបញ្ចេញមតិរៀងៗខ្លួនថា ពួកគេក៏មានបំណងចង់លេងល្បែងប្រជាប្រិយខ្មែរដែរ តែពុំមានអ្នករៀបចំ។
ស្រដៀងគ្នាដែរ ចំណែករឿងគ្រោះថ្នាក់ចរាចរណ៍វិញ យុវជនម្នាក់រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លោក នាង រក្សា កត់សម្គាល់ថា ឆ្នាំមុនមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី។ ដោយឡែកឆ្នាំនេះ លោកពុំឃើញមានឡើយ។ លោកថា មូលហេតុដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែយុវជនយល់ដឹងច្រើន និងមិនសូវឈ្លោះប្រកែកវាយតបគ្នា៖ «ឆ្នាំមុនគ្រោះថ្នាក់ចរាចរណ៍ច្រើនគួរសមដែរ តែឆ្នាំនេះបរិវេណខេត្តតែម្តងអត់មានគ្រោះថ្នាក់ចរាចរណ៍សោះ ឆ្នាំមុនមានត្រឹម ៦-៧ករណី ដល់ពេលឆ្នាំនេះអត់មានសោះ»។
ជាអ្នករត់ម៉ូតូកង់បីនៅក្រុងស្វាយរៀង វ័យជាង ៧០ឆ្នាំ លោក មែក សារី ឲ្យដឹងនៅថ្ងៃទី១៦ មេសា ថា ឆ្នាំនេះប្លែកជាងចូលឆ្នាំពីដើមឆ្ងាយ។ លោកប្រៀបធៀបក្នុងពិធីបុណ្យចូលឆ្នាំកាលពីដើម និងនៅបច្ចុប្បន្នខុសគ្នាស្រឡះ។ លោកបន្តថា ជាពិសេសគឺនៅតាមវត្តអារាម លោកកម្រឃើញមានការរៀបចំលេងល្បែងប្រជាប្រិយ ឃើញតែមានកន្លែងស្រង់ព្រះ ពូនភ្នំខ្សាច់ និងមានពុទ្ធបរិស័ទយកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្ត ហើយពុទ្ធបរិស័ទទៅវត្តអារាមក៏មានតិចជាងឆ្នាំមុនដែរ។ លើសពីនេះទៀត ពលរដ្ឋមួយចំនួននៅទីរួមខេត្តស្វាយរៀង ច្រើនតែទៅកម្សាន្តនៅខេត្តឆ្ងាយៗ។ យ៉ាងណាលោកថា ក៏មានយុវជនមួយចំនួនរៀបចំមុជទឹកជូនឪពុកម្ដាយ ឬអ្នកមានគុណ ដើម្បីជាការតបស្នងសងគុណ។ តែលោកពន្យល់ថា កូនចៅមិនត្រឹមតែមុជទឹកជូនឪពុកម្តាយនៅថ្ងៃចូលឆ្នាំទេ គឺត្រូវធ្វើជូនអ្នកមានគុណពេលលោកចាស់ជរា ដែលមិនអាចមុជខ្លួនឯងបាន៖ «ចូលឆ្នាំទៅវត្តគេលេងទាញព្រ័ត្រ បោះអង្គញ់ចោលឈូង។ ដល់ឥឡូវគ្មានទេ នាំគ្នាមកដល់ផ្ទះហូបស្រាបណ្តោយបាត់អស់ប្រពៃណីហ្នឹង»។
ចាស់ព្រឹទ្ធាចារ្យម្នាក់ដែលមានវ័យជាង ៧០ឆ្នាំ ស្នាក់នៅវត្តសន្តិភាព ក្រុងស្វាយរៀង លោកយាយ ញ៉ែម សាមុត យល់ថា ឆ្នាំនេះពុទ្ធបរិស័ទមកទីវត្តអារាមតិចជាងឆ្នាំមុន។ លោកយាយបន្ថែមថា ការដែលវត្តមិនបានរៀបចំឲ្យមានលេងល្បែងប្រជាប្រិយ ព្រោះតែពុំសូវឃើញមានយុវជនមកលេង។ តួយ៉ាងវត្តក៏ធ្លាប់បានរៀបចំល្បែងប្រជាប្រិយដែរកាលពីឆ្នាំមុន តែមិនសូវមានយុវជនមកលេងទេ។ លោកយាយពន្យល់ថា នៅវត្តសន្តិភាពបានធ្វើពិធីស្រង់ព្រះ គឺដើម្បីប្រាថ្នាខ្លួនគ្រប់ជាតិមានសម្រស់ស្អាត និងដើម្បីជម្រះភាពសៅហ្មងក្នុងខ្លួនចេញឲ្យអស់ ដោយត្រឡប់មកវិញតែអ្វីដែលថ្មី មានសេរីសួស្តី។ លោកយាយថា ការស្រង់ព្រះនៅវត្តមិនគ្រប់ទេ គឺត្រូវស្រង់ទឹកចំពោះមាតាបិតានៅតាមផ្ទះផង ទើបជាការប្រសើរ៖ «យាយតាបាក់បែកចែកឋានទៅ រំឭកដល់គាត់ឧទ្ទិសផលឲ្យគាត់ ឲ្យកូនចៅរកស៊ីមានបាន ត្រជាក់ត្រជុំចូលឆ្នាំថ្មីខែថ្មី»។
វត្តមួយចំនួនធំនៅទីរួមខេត្តស្វាយរៀង ច្រើនមានពិធីស្រង់ព្រះ ចំណែកវត្តនៅតាមជនបទពុំសូវមានពិធីស្រង់ព្រះទេ មានតែពិធីពូនភ្នំខ្សាច់។ ដោយឡែកកងកម្លាំងសន្តិសុខវិញ ឃើញមានស្ទើរតែគ្រប់វត្តអារាម ហើយក៏មានកម្លាំងនគរបាលខ្លះលេងល្បែងប្រជាប្រិយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទំនៀមទម្លាប់នៃពិធីស្រង់ព្រះនៅតាមទីអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ
- ពលរដ្ឋខ្មែរនៅឯនាយសមុទ្រជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា
- តើរឿងកបិលមហាព្រហ្មនិងធម្មបាលកុមារបង្កប់នូវខ្លឹមសារអ្វីខ្លះដល់សង្គមមនុស្ស?
- អត្ថន័យបទចម្រៀងភិសវង់នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
- សម្ភាសលោកសាស្ត្រាចារ្យ សួន ឱសថ អំពីអត្ថន័យនៃថ្ងៃចូលឆ្នាំទាំងបី
- យុវជនខេត្តស្វាយរៀងភាគច្រើនមិនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយ
- ក្រុមរបាំត្រុដិកុមារកំព្រាប្ដេជ្ញារក្សាទម្រង់របាំនេះឲ្យគង់វង្ស
- សកម្មភាពទូទៅក្នុងក្រុងភ្នំពេញថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ
- កសិករបន់ស្រន់ឲ្យឆ្នាំថ្មីមានទឹកភ្លៀងច្រើន