មនុស្ស​ស្លាប់​២១​នាក់​និង​របួស​១៣២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ

ដោយ ទីន ហ្សាការីយ៉ា
2015-04-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១០ (RFA/Uy Sophea)

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១០ (RFA/Uy Sophea)

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដដែល ពុំ​មាន​ការ​ថយ​ចុះ​ទេ​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ មេសា នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ។

គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​កង្វល់​នៃ​បញ្ហា​សុខភាព​សាធារណៈ ដែល​នៅ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​របួស និង​ស្លាប់​ជា​បន្តបន្ទាប់។ អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​ចរាចរណ៍​លើក​ឡើង​ថា មាន​តែ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ទេ ទើប​អាច​មាន​ជោគជ័យ​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ទាំង​នោះ​បាន។

របាយការណ៍​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ១៥០​នាក់​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​របាយការណ៍​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ គឺ​នៅ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ មាន​គ្រោះថ្នាក់​ចំនួន ៦៣​លើក មនុស្ស​ស្លាប់​ចំនួន ២១​នាក់ របួសធ្ងន់ ៧៣​នាក់ និង​របួស​ស្រាល​ចំនួន ៥៩​នាក់​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា ចំពោះ​របាយការណ៍​គ្រោះថ្នាក់​នៅ​ថ្ងៃ​ទី​៣​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេសា គេ​មិន​ទាន់​បាន​ប្រមូល​បូក​សរុប​រួច​រាល់​នៅ​ឡើយ។

នៅ​ក្នុង​របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា មូលហេតុ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មក​ពី​ការ​បើកបរ​មិន​ប្រកាន់​ស្ដាំ ស្រវឹង មិន​គោរព​សិទ្ធិ​គ្នា បើក​ប្រជែង​គ្នា ល្បឿន​លើស​កំណត់​ជាដើម។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​ថា ខាង​អង្គការ​លោក​នឹង​បញ្ចេញ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ នៅ​ថ្ងៃ​ទី​១៧ មេសា។ លោក​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​នេះ មិន​ថយ​ចុះ​នោះ​ឡើយ ដោយសារ​មនុស្ស​មិន​សូវ​យល់​ពី​ច្បាប់ ហើយ​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត​នៅ​ឡើយ៖ «ប្រជាជន​លោក​មិន​បាន​យល់​ពី​ច្បាប់ ឬ​ពី​ការ​បញ្ជា​យានយន្ត​ឲ្យ​បាន​ច្បាស់លាស់​ទេ គឺ​ក្នុង​ចំណោម ១០០​នាក់ គឺ​មាន​តែ ៤០​នាក់​មាន​ប័ណ្ណ​បើកបរ ចំពោះ​អ្នក​ជិះ​ម៉ូតូ​វិញ​ស្ទើរ​តែ​ទាំងអស់​គ្មាន​ប័ណ្ណ​បើកបរ»

រដ្ឋាភិបាល​មាន​ទិសដៅ​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​យ៉ាង​តិច ១០​ភាគរយ​នៅ​ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​ទិសដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​ចរាចរណ៍​លើក​ឡើង​ថា ទិសដៅ​នេះ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ចោទ​ខ្លាំង​នៅ​ឡើយ។

របាយការណ៍​របស់​គណៈកម្មការ​ជាតិ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បង្ហាញ​របាយការណ៍​ថា អំឡុង​ពេល ៥​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​២០១៤ គឺ​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៤៨​នាក់ អ្នក​រង​របួស ២៥០​នាក់។

អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា ដាប់បែលយូ.អេច្ឆ.អូ (WHO) បាន​បង្ហាញ​របាយការណ៍​ថា កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ កម្ពុជា ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៣៣៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ទឹក​ប្រាក់​ខាតបង់​នេះ គឺ​កើន​ឡើង​ចំនួន ៨​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១២ កន្លង​ទៅ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ខូចខាត​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៣២៩​លាន​ដុល្លារ​អាមេរិក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles