ដោយ៖ អុិត សូធឿត | ថ្ងៃសុក្រ ទី17 មេសា 2015
http://vodhotnews.com
ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានចោទប្រកាន់ថាជាមេខ្លោងសម្លាប់ឧកញ៉ា អុឹង ម៉េងជឺ កាលពីចុងឆ្នាំ២០១៤ ត្រូវបាននគរបាលចាប់ខ្លួន និងកំពុងធ្វើការសាកសួរ ។
សារព័ត៌មាន Fresh News រាយការណ៍ដោយដកស្រង់សម្តីស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ ថា អាជ្ញាធរវៀតណាមបានចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ បានកាលពីយប់ថ្ងៃព្រហស្បតិ៍ រួចបញ្ជូនខ្លួនមកប្រគល់ឲ្យនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះនៅម៉ោងប្រមាណ៨និង៣០នាទី ។
ចំណែកសារព័ត៌មានដើមអម្ពិលបានចុះផ្សាយដោយដកស្រង់សម្ដីមន្ត្រីនគរបាលរាជធានីភ្នំពេញថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៊ិនទៀង និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បាននិងកំពុងធ្វើការសួរនាំឧកញ៉ា ថោង សារ៉ាត់ នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ។ ក្រោយការសួរនាំ ឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់ ។
VOD មិនអាចទាក់ទងសុំការបញ្ជាក់ពីស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ចន្ទថារិទ្ធិ បាននៅឡើយទេ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល ។
គួររំឮកថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវេលាម៉ោងជាង៧យប់ លោកឧកញ៉ា អឹុង ម៉េងជឺ ត្រូវបានបាញ់សម្លាប់៦គ្រាប់នៅចំណុចមុខហាងលក់ផ្លែឈើ ឡោ តិចសេង តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
