​បទសម្ភាសន៍​៖ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​ការ​ជា​ចាំ​បាច់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ក្នុង​តំបន់​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃអង្គារ ទី5 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា អង្គការ​តម្លាភាព​អន្តរជាតិ បានដាក់​បង្ហាញ​របាយ​ការណ៍ និង​អនុសាសន៍​មួយចំនួន ដោយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ពិចារណា​ក្នុង​ការបង្កើត​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ថ្នាក់​តំបន់​មួយ ដោយ​ចាត់ទុកថា​ជា​ផ្នែក​សំខាន់​មួយ នៃ​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ។ អ្នក​ជំនាញ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អះអាងថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នេះ​គឺជា​យន្តការ​ចាំបាច់​មួយ​ក្នុងការ​កំចាត់​អំពើពុករលួយ​នៅក្នុង​តំបន់ ជា​ពិសេស​អំពើ​ពុករលួយ​ឆ្លងដែន ដែល​អាច​កើតមាន​ច្រើន​នៅពេល​ដែល​ប្រទេស​នៅក្នុង​អាស៊ាន​ធ្វើ​សមាហរណកម្ម​ទៅជា​តំបន់​សេដ្ឋកិច្ច​រួមមួយ ។​

​សូម​ស្ដាប់​បទសម្ភាសន៍​របស់​VOD​ជាមួយ​លោក Rukshana Nanayakkara ប្រធាន​ផ្នែកផ្សព្វផ្សាយ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (Regional Outreach Manager) ​របស់​អង្គការ​តម្លាភាព​ពិភពលោក ។

VOD៖ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​បង្កើតជា​ស្ថាប័ន​មួយ​សម្រាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក្នុង​តំបន់ ។ តើ​ស្ថាប័ន​នេះ​មាន​លក្ខណៈ​បែបណា​ដែរ ហើយ​វា​នឹង​ជួយ​ផ្ដល់​ប្រយោជន៍​អ្វីខ្លះ​ដល់​អាស៊ាន​ទាំងមូល​?

Rukshana៖ ​ដោយសារតែ​អំពើ​ពុករលួយ​គឺជា​បញ្ហា​ធំ​នៅក្នុង​តំបន់​អាស៊ាន អ្វី​ដែល​យើង​កំពុង​ស្នើឡើង​គឺ​យន្តការ​ក្នុង​ការប្រឆាំង​នឹង​បញ្ហា​នេះ ។ មួយវិញទៀត មិនទាន់​មាន​កិច្ចប្រឹងប្រែង​នៅក្នុង​តំបន់​ដើម្បី​ប្រយុទ្ធ​នឹង​អំពើពុករលួយ​នៅ​ឡើយ​ទេ ។ យើង​បានដឹង​ថា ការលើក​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ក្នុងនោះ​មិន​មាន​ការលើកឡើង​ជាក់​លាក់​ពី​ការប្រឆាំង​អំពើ​ពុករលួយ​នោះទេ ។ បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​ពិភពលោក​ទាំងមូល ការ​និយាយ​ពី​បញ្ហា​ពុករលួយ​មាន​ការវិវត្តន៍​ច្រើន ប៉ុន្តែ​យើង​មិនទាន់​ឃើញ​មាន​កិច្ចប្រឹងប្រែង​ណាមួយ​កើតមានឡើង​នៅក្នុង​តំបន់​អាស៊ាន​នៅ​ឡើយ​ទេ ។ ជាក់លាក់​ជាងនេះទៅទៀត កិច្ច​ប្រឹងប្រែង​នេះ​កើតចេញ​ពី​លទ្ធផល​នៃ​ការធ្វើ​សា​មា​ហ​រណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥​នេះ ។ ផ្ទុយទៅវិញ នៅពេលដែល​គេ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហានិភ័យ​នៃ​អំពើ​ពុករលួយ​អាច​នឹង​កើតមាន​ច្រើន ជា​ពិសេស​អំពើ​ពុករលួយ​ឆ្លងដែន និង​ទី​ពីរ​គឺ​ការ​សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​វិស័យ​ដ៏​ងាយ​រងគ្រោះ​មួយ​ដោយសារ​អំពើពុករលួយ ។​
​ជា​មូលដ្ឋាន អ្វី​ដែល​យើង​កំពុងតែ​ស្នើ​ឡើង​ជា​យន្តការ​៣​ថ្នាក់ ដែល​ជា​គណៈកម្មាធិការ ឬ​យើង​អាច​ហៅថា​ក្រុមប្រឹក្សា​អន្តរ​ក្រសួង​របស់​អាស៊ាន ជា​ស្ថាប័ន​ប្រមូល​ព័ត៌មាន​ពី​ក្រុមការងារ​ថ្នាក់​ជាតិ​នៃ​ប្រទេស​នីមួយៗ ហើយ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ទាំងនោះ​ប្រមូល​យក​ព័ត៌មាន​បាន​ពី​សហគមន៍​តំបន់​សេដ្ឋកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​របស់​ខ្លួន ។​

VOD៖ តើ​រហូតមកដល់​ពេលនេះ​មានការ​ឆ្លើយតប​យ៉ាងណា​ពី បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​?

Rukshana៖ ​យើង​បាន​ទទួល​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​ប្រទេស​ពីរ​គឺ​ប្រទេស​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ។ នៅពេលដែល​យើង​ចង់​ស្នើ​ឡើង​នូវ​យន្តការ​សម្រាប់​អាស៊ាន​នេះ​ជា​លើកដំបូង កាលពី​ឆ្នាំមុន យើង​បាន​ជួប​គ្នា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កិច្ចប្រជុំ​នោះ​ទទួល​រៀបចំ​ដោយ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​យើង​ក៏​បាន​ទទួល​ការគាំទ្រ​ពី​ការិយាល័យ​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​។ គាត់​បាន​ទទួលស្គាល់ថា​អំពើ​ពុករលួយ​ជា​បញ្ហា​ចម្បង ដែល​ត្រូវតែ​ដោះស្រាយ​ក្នុង​សហគមន៍​អាស៊ាន​នេះ ហើយ​នេះ​ជា​សញ្ញាណ​ភ្លើង​ខៀវ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ។ រីឯ​ចំណុច​វិជ្ជមាន ដែល​យើង​ទទួលបាន​ពី​ខាង​ម៉ាឡេស៊ី​វិញ​នោះ​គឺ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ទទួល​គាំទ្រ​ដល់​ការបង្កើតឡើង​នូវ​ភាព​ជា​អ្នកដឹកនាំ​ថ្នាក់​រដ្ឋមន្ត្រី​មួយ​ក្នុង​អាស៊ាន ដើម្បី​ដោះស្រាយ​អំពើ​ពុករលួយ​នេះ ដែល​ទទួលខុសត្រូវ ក្នុង​ពន្លឿ​ន និង​ផ្តល់​ជំនួយ​នូវ​កម្មវិធី​អ្នកដឹកនាំ​ក្នុង​អាស៊ាន​នេះ​។ យើង​ក៏​ត្រូវ​មានការ​ស្មើភាព​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ យើង​នៅ​មិនទាន់​បាន​ទាក់ទង​ជា​ផ្លូវការ​ណាមួយ​ទៅកាន់​ប្រទេស​ទាំងនោះ​នៅឡើយ​ទេ ប៉ុន្តែ​យើង​ពិត​ជា​ចាំបាច់​ត្រូវ​តែ​ទាក់ទង​ទៅកាន់​ពួកគេ ។ សារ​របស់​យើង​គឺ​មាន​ភាពច្បាស់លាស់ ដែល​អាច​ជា​យន្តកា​រស​ម​ស្រប​តាម​សហគមន៍​អាស៊ាន យើង​ចង់​លឺ​ពី​ការឆ្លើយតប​របស់​ប្រទេស​ទាំង ៨​ផ្សេង​ទៀត​ផង​ដែរ ។​

VOD៖ តើ​អង្គការ​តម្លាភាព​មាន​សុទិដ្ឋិនិយម​យ៉ាងណា​ចំពោះ​ការបង្កើត​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ក្នុង​តំបន់​នេះ​?

Rukshana៖ ​នៅពេល​យើង​ធ្វើ​ការងារ​ប្រភេទ​នេះ យើង​ត្រូវមាន​សុទិដ្ឋិនិយម​ចំពោះ​ការបង្កើត​នេះ ។ បើ​យើង​មើល​សុន្ទរកថា​ថ្លែង​ដោយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ាន​នានា ពួក​គេ​ទទួលស្គាល់​ថា អំពើ​ពុករលួយ​គឺជា​បញ្ហា ។ ប្រសិនបើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​តំបន់​ទាំងមូល វា​ច្បាស់​ណាស់​ថា សុចរិត​ភាព​របស់​ស​ហគ​មន៍​អាស៊ាន​គឺជា​យន្តការ​ដែល​យើង​កំពុងតែ​ស្នើឡើង ដើម្បី​ប្រឆាំង​នឹង​ហានិភ័យ​នៃ​អំពើពុករលួយ​ដែល​អាច​នឹង​កើតឡើង​នៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​បង្កើត ។​
​បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ តាម​ដែល​ខ្ញុំ​បានដឹង ស្ទើរតែ​គ្រប់​ប្រទេស​ទាំង​១០​នៅក្នុង​អាស៊ាន​មាន​ស្ថាប័ន ឬ​អង្គភាព​ថ្នាក់​ជាតិ​ប្រឆាំង​អំពើពុករលួយ​ស្រាប់​ហើយ តែ​អង្គភាព​នេះ​អាច​លើស​ពី​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ថ្នាក់ជាតិ ដូច​ដែល​ខ្ញុំ​បាន​និយាយ គេ​អាច​ប្រមូលផ្ដុំ​គណៈមេធាវី ឬ​ផ្នែក​មួយ​នៃ​គណៈមេធាវី ឬក៏​ស្ថាប័ន​ច្បាប់​ណាមួយ​ដែល​អាច​រ៉ាប់​រ៉ង​ការងារ​ពុករលួយ​បាន ។ ហើយ​ប្រហែលជា​មាន​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្សេង​ទៀត​ដែល​ធ្វើការ​លើ​ការប្រឆាំង​អំពើពុករលួយ​ឧទាហរណ៍​ដូចជា ការិយាល័យ​ទទួល​ពាក្យបណ្ដឹង​របស់​ប្រទេស​ហ្វីលីពីន ។ ដូច្នេះ​ពួកគេ​ទាំងអស់​គ្នា​អាច​បង្កើត​ជា​ក្រុមការងារ​ថ្នាក់ជាតិ ហើយ​យើង​ក៏​ចង់​រំឭក​ផងដែរ​ថា សមាជិក​សភា​ក៏​គួរ​ចូលក្នុង​ដំណើរការ​នេះ​ផងដែរ ។​

VOD៖ តើ​ធ្វើ​យ៉ាង​ដើម្បី​ឲ្យ​យន្តការ​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​តំបន់​នេះ​មាន​ប្រសិទ្ធិភាព​?

Rukshana៖ ​ការប្រឆាំង​អំពើ​ពុករលួយ គឺជា​កិច្ចការ​ដ៏​ពិបាក​មួយ យើង​ត្រូវតែ​មាន​ដំណោះស្រាយ​ជា​ដំណាក់កាល ហើយ​ការធ្វើ​ការងារ​នេះ​ដោយ​មាន​កិច្ចសហការ​គ្នា គឺ​នឹង​កាន់តែ​មាន​ភាពងាយស្រួល​ថែម​ទៀត ។ ហើយ​នៅពេល​ដែល​យើង​ធ្វើ​ការងារ​នេះ យើង​ត្រូវ​មាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់ជាតិ​ផងដែរ ដែល​ជាមួយ​គ្នា​នោះ គេ​អាចបង្កើត​ក្រុមការងារ​ថ្នាក់ជាតិ ដូច្នេះ នេះ​ជា​កិច្ចប្រឹងប្រែង​រួមមួយ ។ បន្ទាប់មក គេ​អាច​រួម​បញ្ចូល​គ្នា​ឲ្យក្លាយ​ទៅ​ជា​ស្ថាប័ន​ថ្នាក់​តំបន់​មួយ​ដែល​យើង​បាន​ស្នើ​ឡើង​ជា ក្រុមប្រឹក្សា​អន្តរ​ក្រសួង​របស់​អាស៊ាន ។​

VOD៖ តើ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​តំបន់​នេះ​រំពឹងថា​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ពេល​ណា​ដែរ​?

Rukshana៖ ​យើង​មិន​រំពឹងថា អង្គភាព​នេះ នឹង​កើតឡើង​នៅ​ថ្ងៃស្អែក​ទេ ព្រោះ​វា​ទាមទារ​ដំណើរការ​រៀបចំ​ច្រើន​ទៀត ប្រសិនបើ​វា​អាច​កើតមានឡើង​នៅ​ឆ្នាំ​២០១៦ ឬ​យ៉ាងយូរ​២០១៧ គឺជា​រឿង​ល្អ​បំផុត ព្រោះ​យើង​ឃើញ​ពី​បញ្ហា​ប្រឈម ដែល​សហគមន៍​ក្នុង​អាស៊ាន ត្រូវ​ដោះស្រាយ​ជាមុនសិន ។​

VOD៖ ដោយសារតែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ពុករលួយ​ជាងគេ​ក្នុង​តំបន់ តើ​វា​អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ដែរ​ទេ​?

Rukshana៖ ​ខ្ញុំ​មិន​គិតថា វា​នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​កម្ពុជា​នោះ​ទេ តែ​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ ព្រោះ​យើង​ធ្លាប់​ឮ​ថា កម្ពុជា មាន​អំពើ​ពុករលួយ​ខ្ពស់​គួរសម ស្រប​ពេល​គ្នា​នេះ យើង​បាន​ឮ​ពី​ថ្នាក់ដឹកនាំ​ថា វិស័យ​ឯកជន​ដែល​ចូលមក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​អំពើ​ពុករលួយ​ដែរ ។ ដូចនេះ ខ្ញុំ​គិតថា ក្នុង​ក្របខណ្ឌ​នេះ កម្ពុជា​អាច​នឹង​ទទួលបាន​នូវ​ជំនួយ​បច្ចេកទេស ក្នុង​ការស្វែងរក​ឬ​សគល់​នៃ​បញ្ហា​ពុករលួយ និង​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប ប៉ុន្តែ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​ទាមទារ​ឲ្យបាន​ឆន្ទៈនយោបាយ ក្នុងការ​ធ្វើ​វា ហើយ​ចាត់​វិធានការ​សមស្រប ។​

VOD៖ តើ​លោក​គិតថា រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​អ្វីខ្លះ​?

Rukshana៖ ​ខ្ញុំ​គិតថា រឿង​ដំបូង​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​គឺ​ផ្ដល់​ឆន្ទៈ​នយោបាយ​ក្នុង​ការបង្កើត​អង្គភាព​នេះ ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ហើយ យើង​នៅ​មិនទាន់​បាន​ទាក់ទង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជា​ផ្លូវ​ការពាក់ព័ន្ធ​នឹង​ការបង្កើត​នេះ​នៅឡើយ​ទេ តែ​យើង​ពិតជា​នឹង​ទាក់ទង ហើយ​បង្ហាញ​ពី​គំនិត​ក្នុង​ការបង្កើត​នេះ ។ ខ្ញុំ​ជឿថា រឿង​នេះ​មាន​នៅក្នុង​ចិត្ត​របស់​ពួកគេ​ស្រាប់​ហើយ ។ យើង​ចង់​ឮ​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ពី​ការយល់ឃើញ​របស់​ពួកគេ ថា​តើ​យន្តការ​នេះ​គឺជា​តម្រូវការ​ចាំបាច់​ឬ​អត់ ។ ប្រសិនបើ​គេ​និយាយថា យន្តការ​នេះ​មិន​មាន​តម្រូវការ​ចាំបាច់​នោះទេ តើ​មាន​ជម្រើស​ផ្សេង​បែប​ណា​ដែល​ពួក​គេ​ចង់​លើក​ឡើង ពីព្រោះ​គ្មាន​នរណា​ម្នាក់​ដែល​មើលមិនឃើញ​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ហានិភ័យ​នៃ​អំពើ​ពុករលួយ​នៅពេលដែល​មាន​សមាហរណកម្ម​សេដ្ឋកិច្ច​នោះទេ ។ ដូច្នេះ យើង​ទន្ទឹង​រង់ចាំ​ស្ដាប់​ពី​ការឆ្លើយតប​ពី​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​នេះ ។​

VOD៖ តើ​អង្គការ​តម្លាភាព​អន្តរជាតិ​គ្រោង​នឹង​ទាក់ទង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​និយាយ​ពី​បញ្ហា​នេះ​នៅ​ពេល​ណា​ដែរ​?

Rukshana៖ ​ខ្ញុំ​គិតថា នៅពេល​ពីរ​បី​ខែ​ទៀត យើង​នឹង​រៀបចំ​ទាក់ទង​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយ​ជាដំបូង​យើង​នឹង​ផ្ញើ លិខិត​សុំ​ជួប​ជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​នោះ​យើង​នឹង​ដឹង​ថា​តើ​យើង​អាច​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឬ​យ៉ាងណា ។​

VOD៖ តើ​លោក​មាន​សារ​អ្វី​ជា​ចុងក្រោយនេះ?

Rukshana៖ ​យើង​បានឃើញ​គ្រប់គ្រាន់​ហើយ​ពី​ទុក្ខវេទនា និង​ការ​រង​គ្រោះ​របស់​ពលរដ្ឋ​ព្រោះតែ​អំពើពុករលួយ ដូច​ដែល​ខ្ញុំ​បានលើកឡើង​កន្លងមក វា​ការធ្វើ​យ៉ាងណា​ជួយ​ឲ្យ​ជីវិត​អ្នក​ជំនាន់​ក្រោយ​កាន់តែ​ល្អ តាំងពី​ថ្នាក់​មូលដ្ឋាន ។ រឿង​វិជ្ជមាន​នោះ​គឺថា រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​អាស៊ាន​ទទួលស្គាល់ថា អំពើ​ពុករលួយ​គឺជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ក៏ដូចជា​តំបន់ ប៉ុន្តែ​ខ្ញុំ​គិតថា យើង​ត្រូវតែ​ធ្វើ​អ្វី​ឲ្យលើស​ពី​ការទទួលស្គាល់ គឺ​ត្រូវ​ឈាន​ទៅ​ដល់​ជំហាន​ច្បាស់លាស់ ។ យើង​បាន​ស្នើឡើង​យន្តការ​មួយ ហើយ​យើង​ស្វាគមន៍​ប្រទេស​អាស៊ាន​ទាំងអស់ឲ្យ​ទទួលស្គាល់​យន្តការ​នេះ ឬ​ធ្វើ​ការកែប្រែ​វាឲ្យ​ក្លាយទៅជា​យន្តការ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅក្នុង​តំបន់ ៕

​សូម​សរសេរ​មក​លោក អុិត សូធឿ​ត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles