នាយករដ្ឋមន្រ្តី​សម្រេច​កាត់ដី​ជូនប្រជាពលរដ្ឋជាង​១៧០០គ្រួសារ រស់​នៅភូមិប្រម៉ា ស្រុកឆ្លូង​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី18 ឧសភា 2015
http://vodhotnews.com

លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចេញអនុក្រឹត្យមួយ​ ដោយសម្រេច​​កាត់ដីជាង​៦ពាន់ហិកតា ដើម្បី​ធ្វើប្រទាន​កម្មដល់​ប្រជា​ពលរដ្ឋ​ជាង​១៧០០គ្រួសារ ​រស់​នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ ដែល​តំបន់នោះ​ធ្លាប់​រង​ការ​ចោទប្រកាន់​ថាមាន​ការ​បង្កើត​​តំបន់​អបគមន៍ កាល​ពីឆ្នាំ២០១២។​

អនុក្រឹត្យចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៥ ឲ្យដឹងថា​​រដ្ឋាភិបាល​សម្រេច​កាត់ផ្ទៃដី​ចំនួ​ន​៨៤៨០,៧១ហិកតា នៅស្រុកឆ្លូង ​ខេត្ត​ក្រចេះ ចេញ​ពី​ដីគ្រោង​ផ្តល់​​សម្បទាន​សង្គមកិច្ច សម្រាប់ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​ និង​រក្សា​ទុក​មួយ​ចំណែក​ជា​ដី​ឯកជន​របស់​រដ្ឋ​ ព្រមទាំង​ផ្តល់សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​ក្បាលដី។ អនុក្រឹត្យ​បន្ត​ថា​ទំហំដី​ចំនួន​​៦១១១,៤១ហិកតា គឺ​សម្រាប់​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ ដែល​បាន​កាន់​កាប់​ប្រើប្រាស់​ និង​ដាំដុះ​ជាក់ស្តែង និង​ទំហំ​២៣៦៨,៣០ហិកតា គឺ​ដើម្បី​រក្សា​ទុក​ជា​ដី​ឯកជន​របស់​រដ្ឋ​ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។

អនុក្រឹត្យ​បញ្ជាក់​ថា​ដី​​ជាង​៦ពាន់ហិកតា​ត្រូវ​​បាន​ផ្តល់សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​២៨៦៣ក្បាល​ដី ជូន​ប្រជា​ពល​រដ្ឋ​១៧៤០គ្រួសារ​ នៅ ភូមិប្រម៉ា ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។

បើតាម​អនុក្រឹត្យ​ ក្នុង​ពេល​ដំណើរ​ការ​វាស់វែង និង​បែង​ចែក​ជាក់ស្តែង គណៈ​កម្មាធិការគ្រប់​គ្រង​ដីរដ្ឋខេត្ត​ក្រចេះ ត្រូវ​កាត់​ចេញ​នូវ​ចំណែក​ដី​មួយ​ចំនួន​សមស្រប ដើម្បីរក្សា​ទុក​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ជាអាទិ៍​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​សង្គម​ នៅ​ក្នុង​មូលដ្ឋាន។

គួររំឮកថា កាលពីឆ្នាំ២០១២ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីនៅ​ភូមិប្រម៉ា រដ្ឋាភិបាល​បាន​ចោទ​ថា​មាន​ការ​បង្កើតតំបន់​អបគមន៍​ ដោយ​ថាប្រជា​ពលរដ្ឋ​បាន​ប្រដាប់ដោយអាវុធ ដូចជាពូថៅ កាំបិត ចបកាប់ ស្នា និង ព្រួញជាដើម​។ រដ្ឋាភិបាល​បានបញ្ជាឲ្យ​​មាន​ការ​បាញ់ប្រហារ​បង្រ្កាបតំបន់នោះ បណ្តាល​ឲ្យស្លាប់កុមារី
អាយុ១៤ឆ្នាំ ម្នាក់។ មនុស្ស​មួយចំនួន​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​នោះ​មាន​លោក ប៊ុន រដ្ឋា ដែល​ជា​សមាជិក​សមាគម​អ្នកប្រជាធិបតេយ្យ​ ផងដែរ។

ចំណែក​ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និង​ជា​នាយកវិទ្យុសំបុកឃ្មុំ​ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន និង​ត្រូវ​បាន​ចោទប្រកាន់ក្នុងបទល្មើសចំនួន៤ រួមមានទី១-ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២- ធ្វើកុបកម្ម ជ្រៀតជ្រែក ខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈរបស់អាជ្ញាធរ ទី៣- ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។

កាលពីខែមិថុនា ឆ្នាំ​២០១២ លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​​ចាប់ខ្លួន​មេក្លោង៥​នាក់​ នៅ​ក្នុង​ភូមិប្រម៉ា ឃុំកំពង់ដំរី​ដែល​ជា​សមាជិក​សមាគម​អ្នក​ប្រ​ជា​ធិបតេយ្យ។

ប្រជាពលរដ្ឋ​អះអាង​ថា​ជម្លោះដីធ្លីនៅភូមិប្រម៉ាពាក់ព័ន្ធនឹងក្រុមហ៊ុនកាសូទីម (Casotim)៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles