ជនជាតិ​ភាគតិច​ដាក់​បណ្តាសា អ្នក​រំលោភ​យក​ដី បំផ្លាញ​ព្រៃ

ក្រុម​អ្នក​ភូមិ​ជនជាតិ​ភាគតិច​នៅក្នុង​ពិធី​ដាក់​បណ្តាសា​អ្នក​វាត​យក​ដីធ្លី​របស់​ពួកគាត់​។

ក្រុម​អ្នក​ភូមិ​ជនជាតិ​ភាគតិច​នៅក្នុង​ពិធី​ដាក់​បណ្តាសា​អ្នក​វាត​យក​ដីធ្លី​របស់​ពួកគាត់​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ព្រះវិហារៈ នៅពេល​ដែល​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន​ រក​ច្រក​ចេញ​មិន​ទាន់​រួច​នោះ សហគមន៍​ជនជាតិ​ភាគតិច​ភូមិ​​ប្រមេរុ​ជាង ១០០ នាក់ បាន​ជួបជុំ​គ្នា ធ្វើ​ពិធី​ដាក់​បណ្តាសា​ដល់​ក្រុមហ៊ុន និង​អ្នក​ដែល​ឃុបឃិត និង​រំលោភ​យក​ដី​របស់​ពួកគាត់​តាំងពី​ឆ្នាំ​ ២០១២ ​មក​។

ជនជាតិ​ភាគតិច​កួយ​ក្នុង​ភូមិ​ប្រមេរុ ភូមិ​ស្រែព្រាង និង​ភូមិ​បុះធំ ក្នុង​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ជួបជុំ​គ្នា​សាជាថ្មី​ម្តង​ទៀត កាលពី​ម្សិលមិញ ដោយ​មាន​រៀបចំ​បាយសី​ ៧ ​ថ្នាក់ ជ្រូក ៧ ក្បាល មាន់ ៧ ក្បាល ទឹកក្រូច​ ៧ ​ដប ផ្លែឈើ​គ្រប់​មុខ ៧ គូ អំបិល និង​ម្ទេស​ជាដើម។ ពួកគាត់​បាន​អុជ​ទៀន​ធូប និង​ធ្វើ​ពិធី​បួងសួង និង​ដាក់​បណ្តាសា​ក្រោម​កម្ដៅ​ថ្ងៃ ដោយ​មាន​លើក​បដា​ប្រមាណ ១០ ​ផ្ទាំង​ផង​ដែរ។

តំណាង​សហគមន៍ អ្នកស្រី​ នួន ម៉ុន អាយុ ៦៣ ឆ្នាំ​បាន​និយាយ​នៅ​នឹង​កន្លែង​ធ្វើ​ពិធី​នោះ​ថា៖ ​«ពួកយើង​ជាង​ ១០០ ​នាក់​កំពុង​ធ្វើ​ពិធី​បួងសួង បន់ស្រន់ ដាក់​បណ្តាសា​តាម​ប្រពៃណី​ជនជាតិ​ដើម​ដល់​​ជន​ដែល​បំផ្លាញ​សេចក្តី​សុខ​របស់​ពលរដ្ឋ បំផ្លាញ​ស្រែចម្ការ ព្រៃឈើ រំលោភ​យក​ដី មាន​ក្រុមហ៊ុន ឬ​មន្ត្រី​អាជ្ញាធរ​ណា​ដែល​ឃុបឃិត»។

អ្នកស្រី​បន្ត​ថា ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​រ៉ូយហ្វេង​ និង​ឡានហ្វេង​នោះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០១២ ​​រហូត​ដល់​ឆ្នាំ​ ២០១៥ នេះ ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​មិន​ទាន់​មាន​ទេ ហើយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​សកម្មភាព​ឈូសឆាយ​គ្មាន​ឈប់។ ហេតុនោះ​ប្រជា​សហគមន៍ បាន​ងាក​មក​ធ្វើ​ពិធី​បែប​អរូបី​នេះ​វិញ​ម្តង។

ស្ត្រី​ដដែល​នេះ​ថ្លែង​ថា​៖ «យើង​រៃអង្គាស​ប្រាក់​គ្នា​បាន​ជាង ១ លាន​រៀល ហើយ​ទិញ​របស់​របរ​ធ្វើ​ពិធី​នេះ​ឡើង។ យើង​ទៅ​សុំ​អន្តរាគមន៍​ដល់​រដ្ឋសភា នាយករដ្ឋមន្ត្រី​ធ្វើ​សន្និសីទ​កាសែត និង​តវ៉ា​ជាង​ ១០ ដង​ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៀត»។ អ្នកស្រី​អះអាង​ថា អាជ្ញាធរ​ចេះ​តែ​បង្ខំ​ឲ្យ​ពលរដ្ឋ​វាស់​ដី​ចែក​គ្នា​ជា​លក្ខណៈ​បុគ្គល​​។ ប៉ុន្តែ​សហគមន៍​បដិសេធ ព្រោះ​ថា ពួកគាត់​ជា​ជនជាតិ​ភាគតិច បើ​ធ្វើ​ដូចនោះ​វា​បាត់បង់​អត្តសញ្ញាណ ហើយ​អ្នក​ខ្លះ​អាច​លក់​ដី​នោះ​យក​លុយ ដែល​អាច​បណ្តាល​ឲ្យ​បាត់បង់​ដី ហើយ​កូនចៅ​ជំនាន់​ក្រោយ​គ្មាន​អី​ទីពឹង។

គ្រឿង​លំដាប់​ក្នុង​ពិធី​ដាក់​បណ្តាសា​ពី​ម្សិលមិញ​។ រូបថត សហការី

គ្រឿង​លំដាប់​ក្នុង​ពិធី​ដាក់​បណ្តាសា​ពី​ម្សិលមិញ​។ រូបថត សហការី

បន្ទាប់ពី​ចប់​ពិធី​ដាក់​បណ្តាសា​នោះ សហគមន៍​ក៏​បាន​ចុះ​ទៅ​ដេញ​ក្រុមហ៊ុន​មិន​ឲ្យ​ឈូសឆាយ​ទៀត​ឡើយ។ សហគមន៍​ប្រមេរុ​នេះ ទើប​តែ​បាន​បញ្ចប់​ការ​គូស​ផែនទី​បឋម និង​កំពុង​រៀបចំ​តាម​នីតិវិធី​ច្បាប់ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ចុះ​បញ្ជី​ទទួល​ស្គាល់​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ។

ក្រុមហ៊ុន​ឡានហ្វេង​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ៩០១៥ ហិកតា និង​ក្រុមហ៊ុន រ៉ូយហ្វេង​ចំនួន ៨៨៤១ ហិកតា​ពី​រដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ឈូសឆាយ​តាំងពី​ឆ្នាំ ២០១២ មក ដែល​ធ្វើឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ព្រៃឈើ​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​នោះ។

លោក ឡោ ចាន់ អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ព្រះវិហារ​ដែល​បាន​ចុះ​ទៅ​អង្កេត​នៅ​ពិធី​ដាក់​បណ្តាសា​នោះ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ស្វះស្វែង​រក​កិច្ចអន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ថ្នាក់ជាតិ រួម​នឹង​​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​។ ហេតុនោះ ពួកគាត់​មាន​តែ​ធ្វើ​ពិធី​ដាក់​បណ្តាសា​ដែល​ជា​ជម្រើស​ចុងក្រោយ​វិញ។លោក​​ ឡោ ចាន់ បាន​ថ្លែង​ថា៖ «មកពី​អាជ្ញាធរ​ព្រងើយ​កន្តើយ មិន​សូវ​យក​ចិត្តទុក​ដាក់​លើ​រឿង​នេះ ទើប​ដោះស្រាយ​មិន​ចេញ ហើយ​ក៏​មិន​បាន​អនុវត្ត​គោលការណ៍​ស្បែកខ្លា​នោះ​ដែរ»។

លោក​បន្ថែម​ថា សហគមន៍​បាន​បួងសួង​ដល់​អារុក្ខ អារក្ស​អ្នកតា​ក្នុង​ព្រៃ​ឲ្យ​ផ្តន្ទាទោស និង​​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ដែល​កំពុង​រំលោភបំពាន​សិទ្ធិ និង​ដី​របស់​ពួក​គាត់ «ឲ្យ​ត្រូវ​រន្ទះ​បាញ់​ស្លាប់ ពស់ចឹក ខ្លាខាំ​» ​ជាដើម​។

លោក​ ស៊ូ សិរី ​អភិបាលរង​ខេត្ត​ព្រះវិហារ ដែល​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​នេះ​​មិន​បាន​​ដឹង​ពិធី​ជួបជុំ​ដាក់​បណ្តាសា​របស់​សហគមន៍​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ថ្លែង​ថា អាជ្ញាធរ​បាន​ចុះ​ទៅ​សម្របសម្រួល​ច្រើន​លើក​ច្រើន​សា​ហើយ ប៉ុន្តែ​សហគមន៍​នៅ​តែ​មិន​ទាន់​ឯកភាព និង​យល់​ពី​ច្បាប់​ទម្លាប់​ទេ ហើយ​នៅ​តែ​ទទូច​ចង់​ឲ្យ​ក្រុមហ៊ុន​ដក​ចេញ​ឈប់​ធ្វើ​សកម្មភាព​។

លោក​បញ្ជាក់​ថា​៖ «​រឿង​នេះ​វា​រ៉ាំរ៉ៃ​យូរ​ហើយ។ មាន​អង្គការ​នៅ​ពី​ក្រោយ​ខ្នង​បង្រៀន​ឲ្យ​ចេះ​ធ្វើការ​តវ៉ា​ហួស​ពី​ច្បាប់​កំណត់​។ គាត់​មិន​យក​ការ​សម្របសម្រួល​មក​ដាក់​លើ​តុ​និយាយ​គ្នា​ទេ។ គាត់​ចង់​ឲ្យ​បិទ​ក្រុមហ៊ុន​ចេញ​ពី​ទឹកដី​គាត់។ ធ្វើ​ដូចជា​ទឹកដី​ប្រមេរុ​ហ្នឹង​ជា​ទឹកដី​របស់​គាត់​អ៊ីចឹង»។

លោក​បន្ត​ថា ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ទៅ​តាម​ច្បាប់​អនុញ្ញាត ហើយ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើ​សកម្មភាព​ឈូសឆាយ។

លោក​​អភិបាល​រង​ក៏​បាន​បដិសេធ​ផង​ដែរ​ថា អាជ្ញាធរ​អត់​មាន​បង្ខំ​ឲ្យ​ពួកគាត់​ទទួល​យក​ដី​ជា​លក្ខណៈ​ឯកជន​នោះ​ទេ។ ប៉ុន្តែ​សហគមន៍​ទៅវិញ​ទេ ដែល​មិន​ទាន់​មាន​ការ​ឯកភាព​ផ្ទៃក្នុង ដែល​បណ្តាល​ឲ្យ​ការ​ចុះបញ្ជី​ជា​ដី​សហគមន៍ មិន​ទាន់​អាច​ធ្វើ​ទៅ​បាន។ បើ​តាម​អនុក្រឹត្យ ដី​អារក្ស​អ្នកតា ឬ​ចម្ការ​វិល​ជុំ​ជា​ដើម​អនុញ្ញាត​ឲ្យ​តែ ៧ ហិកតា​ទេ ប៉ុន្តែ​សហគមន៍​វិញ​ចេះ​តែ​ទាមទារ​ចង់​បាន​ដី​គ្រប់កន្លែង​ទាំងអស់។ ទោះ​ជា​យ៉ាងណា​អាជ្ញាធរ​នៅតែ​ព្យាយាម​ពន្យល់ និង​ចុះ​សម្របសម្រួល​ជាមួយ​នឹង​សហគមន៍​បន្ត​ទៅ​ទៀត​៕


What Next?

Recent Articles