ផ្លូវ​មួយចំនួន​នៅ​ភ្នំពេញ​នឹង​ត្រូវ​បិទ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​សម្រាប់​ការ​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com


ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ (រូប​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​)

​ផ្លូវ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បិទ​ផ្អាក​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ៣១ ខែ​ឧសភា​នេះ ដើម្បី​សុវត្ថិភាព​កីឡាករ កីឡា​ការ​នី​ជាតិ និង​អន្តរជាតិ​ជាង​៤០០០​នាក់ ដែល​នឹង​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ អបអរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ។​

​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ឲ្យដឹង ផ្លូវ​ដែល​ត្រូវ​បិទ​នៅ​ថ្ងៃ​អាទិត្យ​នេះ​រួមមាន ផ្លូវ​២៤០ និង​ផ្លូវ​នរោត្ដ​ម​ពី​វិមាន​ឯករាជ្យ​ដល់​វត្ត​ភ្នំ ឆ្ពោះ​ទៅ​ផ្លូវ​៤៧ ដល់​គល់​ស្ពាន​ជ្រោយចង្វា នឹង​ត្រូវ​បិទ​ចរាចរណ៍​ពី​ម៉ោង​៥​និង​៤០​នាទី ដល់​ម៉ោង​៧​ព្រឹក ។ ចំណែក​នៅ​ត្រើយ​ខាងកើត ផ្លូវ​ទន្លេសាប ផ្លូវ​មេគង្គ និង​ផ្លូវ​កែវ​ចិន្តា នឹង​ត្រូវ​បិទ​ចរាចរណ៍​ពី​ម៉ោង​៦​និង​៣០​នាទី ដល់​ម៉ោង​៨​ព្រឹក ។​

​សេចក្ដីជូនដំណឹង​បន្តទៀតថា ផ្លូវ​ស៊ី​វត្ថិ (​ផ្លូវ​មាត់ទន្លេ​) ពី​ស្ពាន​ជ្រោយចង្វា មក​ផ្លូវបត់​ចូល​កោះ​ពេជ្រ និង​ផ្លូវ​សុធារស នឹង​ត្រូវ​បិទ​ចរាចរណ៍​ពី​ម៉ោង ៧ ដល់​ម៉ោង​៩​ព្រឹក ។​

​សាលា​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ជា​អ្នករៀបចំ​ព្រឹត្តការណ៍​ក៏​បាន​អំពាវ​ឲ្យមាន​ការយោគយ​ល់​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មារតី​អត់ធ្មត់ និង​ចូលរួម​អបអរសាទរ ព្រមទាំង​លើកទឹកចិត្ត​ដល់​អត្ត​ព​លិកជាតិ និង​អន្តរជាតិ​នៅតាម​ដងផ្លូវ ៕

សូម​សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

What Next?

Recent Articles