ពិធី​ដង្ហែ​អ្នក​តា​ព្រីង​ក្អែក​សុំក្ដី​សុខ និង​ទឹក​ភ្លៀង

ទិដ្ឋភាព​ក្រុម​អ្នក​​​ចូលរួមដង្ហែ​លោកតា​កាហ៊េ ឬ​ព្រីង​ក្អែក​នៅ​សង្កាត់ពញាពន់​ ខណ្ឌព្រែកព្នៅ​ដើម្បី​សុំ​សេចក្ដី​សុខ និង​ទឹក​ភ្លៀង​​។

ទិដ្ឋភាព​ក្រុម​អ្នក​​​ចូលរួមដង្ហែ​លោកតា​កាហ៊េ ឬ​ព្រីង​ក្អែក​នៅ​សង្កាត់ពញាពន់​ ខណ្ឌព្រែកព្នៅ​ដើម្បី​សុំ​សេចក្ដី​សុខ និង​ទឹក​ភ្លៀង​​។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ចំពោះ​ក្រុម​ជួរ​មុខ​មាន​អ្នក​លេង​គុន​ខ្មែរ​មុខ​ខ្មៅ មនុស្ស​ព្រៃជិះ​សេះ តា​ឥសី​ជិះ​សេះ​ ស្នំ​មុខ​ព្រាយ​ យមរាជ​ព្រម​ទាំង​អ្នក​ជិះកង់​លក់​ម៉ាំ​មុខ​ខ្មោច និង​តួ​អង្គ​ជា​ច្រើន​ទៀត​ផ្ដើម​យាត្រា​ស្រែក​កោកកាក​អម​​ដោយ​រទេះ​គោ​ដឹក​ផលានុផល​ប្រជាកសិករ ដង្ហែ​តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទីឋាន​ស័ក្ដិសិទ្ធិ​នៃ​អាស្រម​​លោកតា កាហ៊េ ឬ​ព្រីង​ក្អែក​ ជា​មេព័ទ្ធ​ផ្លូវ​ងងឹត។

ទំនៀម​ទម្លាប់ដង្ហែ​លោក​តា​ ព្រីង​ក្អែក ត្រូវ​បាន​ប្រារឰ​ឡើង​រៀង​​រាល់​ថ្ងៃ​ទី ៤ និង​ទី ៥​កើត​ ខែ​​ជេស្ឋ​ដើម្បី​​បួង​សួង​សុំ​សេចក្ដី​សុខ និង​ទឹក​​ភ្លៀង​​សម្រាប់​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ​​​ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចម្ងាយ​ប្រមាណ​ ២ គីឡូម៉ែត្រ​ពី​ច្រក​ចូល​វត្ដ​ប្រាសាទ។

ជាមួយនឹង​ប្រពៃណី​ដូនតា​ពី​បរម​​បុរាណ​គួរ​ឲ្យ​ចាប់​អារម្មណ៍​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ អ្នក​លក់​ដូរ​ក្នុង​ផ្សារ និង​សិស្សានុសិស្ស នាំ​គ្នា​ទាញ​យក​ទូរស័ព្ទ​មក​ថត​ផ្ដិត​​យក​រូប​ភាព​កម្រ​នេះ ខណៈ​​នារី​ៗ​វ័យ​ក្មេង​ខ្លះ​ស្រែក​ភ័យ​ញ័រ​ខ្លួន​ចំប្រប់​នូវ​ការ​បន្លាច​របស់​តួ​អង្គ​យម​រាជ។

ជូន​ពរ​ដល់​​អ្នក​ចូល​បច្ច័យ​បណ្ដើរ និង​ផ្ដល់​​បទ​សម្ភាស​បណ្ដើរ លោក​តាអាចារ្យ​ សុខ អាយុ​​ ៧៣ ​ឆ្នាំ ជា​ចាស់​ទុំ និង​អ្នក​​រៀបចំ​ពិធី​ហែ​លោកតា​ ព្រីងក្អែក ​ម្នាក់ រៀប​រាប់​អំពី​ប្រវត្ដិ​ត្រួស​ៗ​ថា៖ «អ្នក​ខ្លះ​និយាយ​ថា ​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​សម័យ​លោកតា​កាហ៊េ ឬ​បក្សី​ចាំ​​ក្រុង​មក​ម្ល៉េះ តែ​យើង​​គ្មាន​​ឯកសារ​​បញ្ជាក់​ទេ​»។

លោក​តា ឲ្យ​ដឹងថា៖ «យើង​ប្រារឰ​ក្នុង​គោល​បំណង​បួង​សួង​​សុំ​ទឹក​ភ្លៀង​នៅពេល​បិទ​វគ្គ​រដូវ​ប្រាំង​ និង​ដើម​រដូវ​វស្សា។ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មាន​ជំនឿ​​យ៉ាង​ខ្លាំង​​ចំពោះ​បរមី​លោក​តា​ព្រីង​ក្អែក​នេះ​ ពីព្រោះ​យើង​សុខ​សប្បាយ​ជានិច្ច»។

Content image - Phnom Penh Post

ក្រុម​យុវជន​ក្នុង​ឈុត​គុន​ខ្មែរ​ និង​ត្លុក​នាំ​គ្នា​ដង្ហែ​គ្រឿង​តង្វាយ​ទៅ​កាន់​អាស្រម​លោក​តា។ ផា លីណា

ចាស់​ព្រឹទ្ធាចារ្យ​រូប​នេះ បាន​បន្ថែម​ថា ប៉ុន្ដែ​ឥឡូវ​នេះ មាន​ការ​ប្រែប្រួល​ខ្លះ​ ដោយ​សារ​ក្នុង​សហគមន៍​នេះ​លែង​សម្បូរ​សត្វ​​សេះ​ និង​គោ ជំនួស​ដោយ​គ្រឿង​ចក្រ គ្រឿង​យន្ដ​ដែល​នាំ​ឲ្យ​បាត់​ការ​កម្សាន្ដ​មួយ​ផ្នែក។

ឆ្លើយ​នឹង​សំណួរ​ថា​ តើ​ការ​តុប​​តែង​ខ្លួន​ប្លែក​ៗ​នោះ​មាន​គោល​បំណងអ្វី លោកតា​ប្រាប់​ថា ​សំខាន់​គ្រាន់តែ​ចង់​បង្កើត​ការ​សប្បាយ​​រីករាយ​ ដោយសារ​លោក​តា​ព្រីង​ក្អែក​ត្រូវ​ការ។

ដោយ​បាន​ចូលរួម​កម្មវិធី​តាំង​​ពី​កុមារភាព តួ​អង្គ​អ្នក​លេង​គុន​ខ្មែរ លោក អឿន​ គីមអេង​ អាយុ​​ ៣១ ​ឆ្នាំ​ និង​ស្រី​ស្នំ​ លោក កក្កដា​​ អាយុ​ ២៨ ​ឆ្នាំ បាន​រៀប​រាប់​ស្រដៀង​គ្នា​ថា ពួកគេ​មិន​ភ្លេច​មក​ចូលរួម​​​បុណ្យ​ដូន​តា​នេះ​ទេ​ ហើយរមែង​តុប​តែង​ខ្លួន​ជា​តួ​អង្គ​ប្លែក​ៗ​រៀង​រាល់​ឆ្នាំ​។

ពាក់​ព័ន្ធ​នឹង​ភាព​ល្បី​រន្ទឺ​នៃ​ទំនាក់​ទំនង​រវាង​ពិធី​បុណ្យ​ហែ​លោក​តា​ព្រីង​ក្អែក​ទៅ​នឹង​ល្បែង​ស៊ី​សង​​អ៊ឹក​ធឹក​ លោក​តា​​ជា​គណកម្មការ​រៀបចំ​ពិធីដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា៖ «តាំង​ពី​ដូន​តា​រៀង​មក ក្រុម​អ្នក​លេង​ល្បែងស៊ីសង ដូចជា បៀ អាប៉ោង​ និង​បាល់​ទះជា​ដើម​បាន​ខំ​ស្កាត់​មក​ជួប​គ្នា​​ស្ទើរ​ទូទាំង​ប្រទេសរយៈ​ពេល ១៥ ថ្ងៃ​មុន​ពិធី​ចាប់​ផ្ដើម​។ ប៉ុន្ដែ​កាល​​ពី​ ៤ ឬ ៥ ឆ្នាំ​មុន​ សម្ដេច​តេជោ​ ហ៊ុន សែន​ បាន​ប្រកាស​បិទ​ល្បែង​​ទាំង​អស់​ ទើប​ឥឡូវ​នេះ ពិធី​ហែ​លោក​តា​គ្មាន​ការ​លេង​ល្បែង​ស៊ី​សង​ទៀត​ឡើយ។ បើ​មាន ពួកគេ​គ្រាន់​​តែ​លេង​លួច​លាក់​តិច​តួច​ប៉ុណ្ណោះ»។

Content image - Phnom Penh Post

ទិដ្ឋភាព​នៃ​ការ​ប្រណាំង​សេះ​កម្សាន្ដ​។ ផា លីណា

ទោះយ៉ាង​ណា ទិដ្ឋភាព​ជាក់​ស្ដែង​​មិន​តិច​​ជាង​ ២០ ​រោង​ទេ ​ជាទី​កន្លែង​លេង​ល្បែង​ស៊ី​សង​ទាំង​អស់​ ហើយ​ពួកគេ​លេង​ទាំង​​បើក​ចំហ​ទៀត​ផង​។

មហាជន​​សម្ដែង​ការ​ងឿង​ឆ្ងល់​ថា នេះ​អាច​ជា​មូល​ហេតុ​ដែល​​ពិធី​បុណ្យ​ភូមិ​មួយ​នេះ​ត្រូវ​ការ​កង​ទាហាន​​ស្ថិត​ក្នុង​ឈុត​​ប៉ារ៉ា​ ស្ពាយ​អាវុធ​​វែង​សឹង​គ្រប់​ដៃ​ មក​យាម​កាម​ និង​ថែ​រក្សា​សន្ដិសុខ​ហើយ​មើល​ទៅ​។

ទោះ​យ៉ាង​ណា ថ្លែង​ពី​អនាគត​នៃ​ពិធី​បុណ្យ​​ដង្ហែ​លោក​តា​ ព្រីង​ក្អែក​ លោក​តា សុខ​ ​បាន​បង្ហាញ​​ក្ដី​បារម្ភ​ថា៖ «​ពិធី​បុណ្យ​ហែ​លោក​តា​ព្រីង​ក្អែក​នេះមិន​ដឹង​ជា​អាច​បន្ដ​ដល់​ពេល​ណា​ទៀត​នោះ​ទេ ដោយ​សារ​ដី​ស្រែ​មួយ​​ចំនួន​ដែល​ធ្លាប់​​ជា​ទី​កន្លែង​រៀប​ចំ​ពិធី​យ៉ាង​ធំ​ដុំ​ ​កាន់​តែ​រួម​តូច​ទៅៗ​ដែល​មាន​ឈ្មួញ​គេ​ចុះ​​មក​ទិញ​​ជា​បណ្ដើរ​ៗ»៕


What Next?

Recent Articles