​កម្មករ​ម្នាក់​ និង​សមត្ថកិច្ច​៣​នាក់​របួស​ក្នុង​ការប៉ះទង្គិច​នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​​

ដោយ៖​ បូ សាវី​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com

​កម្មករ​ម្នាក់ និង​សមត្ថកិច្ច​៣​នាក់​រងរបួស ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ។​

​អភិបាលក្រុង​ប៉ោយប៉ែតលោក ​ង៉ោ ម៉េង​ជ្រួន ឲ្យ​VOD​ដឹងថា កម្មករ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ប្រមាណ​១០០​នាក់ បាន​ធ្វើ​បាតុកម្ម​តាំងពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២ ថ្ងៃត្រង់ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាចរ ។ លោក​ថា ដើម្បី​សម្រួល​ការកកស្ទះ​ចរាចរ​នោះ សមត្ថកិច្ច​បាន​បំបែក​ការតវ៉ា បណ្ដាលឲ្យ​កម្មករ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

​លោក ​ង៉ោ ម៉េង​ជ្រួន បន្ថែមថា ក្រោយពេល​មាន​កម្មករ​រងរបួស មាន​ពាក្យ​ចចាមអារ៉ាម​ថា កម្មករ​ម្នាក់​បាន​ស្លាប់​ក្នុង​ការប៉ះទង្គិច​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ផ្ទុះ​កំហឹង ហើយ​នាំគ្នា​ប្រើ​ដុំថ្ម​គប់​ទៅលើ​សមត្ថកិច្ច បណ្ដាល​ឲ្យ​កងកម្លាំង​បី​នាក់​រងរបួស ។

​កម្មករ​ម្នាក់ ក្នុងចំណោម​កម្មករ​ទាំង​អស់ ដែល​ចូលរួម​ធ្វើបាតុកម្ម​នោះ លោក​សន វាសនា ឲ្យ​ VOD​ ដឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ការធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​ទាំងអស់​នោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​គយបញ្ចុះ​តម្លៃ​ទំនិញ និង​ឲ្យ​នគរបាល​អន្ដោប្រវេសន៍ ឈប់​យក​ថ្លៃ​ចេញ​ចូល​ប្រទេស​ថៃ ចំពោះ​អ្នក​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ។

​សូម​រំឭកថា នៅ​ខែ​មករា​ដើម ឆ្នាំ​២០១៥​នេះ កម្មករ​អូស​រទេះ​ជាង​៣០០​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​តវ៉ា​ទាមទារ​ឲ្យ​ពន្ធដា​រគយ​ច្រក​ប៉ោយប៉ែ​ត​បន្ធូរបន្ថយ​ការយកពន្ធ​សម្រាប់​កម្មករ​អូស​រទេះ ប៉ុន្តែ​ការតវ៉ា​នោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ៕

សូម​សរសេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

What Next?

Recent Articles