ដោយ៖ បូ សាវី | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
គ្រូបង្រៀនចំនួន២៣នាក់ នៅវិទ្យាល័យក្រឡាញ់ ខេត្ដសៀមរាប នៅព្រឹកថ្ងៃចន្ទនេះ នាំគ្នាធ្វើកូដកម្មមិនបង្រៀនសិស្ស ដើម្បីទាមទារឲ្យស្ថាប័នពាក់ព័ន្ធដកនាយកស្ដីទីសាលានេះ ដោយពួកគេអះអាងថា បានប្រព្រឹត្តអំពើពុករលួយ ។
គ្រូបង្រៀនថ្នាក់ទី១២នៃវិទ្យាល័យក្រឡាញ់ លោក ឌីន ចន្ថា ប្រាប់ VOD ថា គ្រូបង្រៀន២៣នាក់ ក្នុងចំណោមជាង៥០នាក់ បានផ្ដិតមេដៃស្នើសុំផ្លាស់ប្ដូរនាយកស្ដីទីឈ្មោះ ស៊ាន ផល្លា ចេញពីតួនាទីដោយសារនាយកសាលារូបនេះ ប្រព្រឹត្តអំពើពុករលួយចាយវាប្រាក់PB មិនបានត្រឹមត្រូវ និងបន្លំធ្វើឯកសារបង្រៀនក្រៅម៉ោងផងដែរ ។ លោកបន្ដថា នាយកស្ដីទីរូបនោះ មិនមានការតែងតាំង ឬសេចក្ដីប្រកាសចេញពីក្រសួងអប់រំឡើយ គឺធ្វើឡើង ដោយការឃុបឃិតគ្នាជាមួយមន្ទីរអប់រំខេត្ដប៉ុណ្ណោះ ។ ពួកគាត់ទាមទារឲ្យក្រសួងអប់រំចាត់វិធានការ លើនាយកស្តីទីរូបនោះតាមផ្លូវច្បាប់ ។
គ្រូបង្រៀនចំនួន១០ឆ្នាំនៅវិទ្យាល័យនេះមួយរូបទៀត លោក ទិត្យ សារឿម ឲ្យដឹងថា នាយកសាលារូបនោះ ទើបផ្លាស់ប្ដូរមកពីសាលាផ្សេងបានបួនឆ្នាំប៉ុណ្ណោះ ហើយអភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកក្រឡាញ់ ក៏បានបោះឆ្នោតទម្លាក់លោក ស៊ាន ផល្លា នោះចេញពីនាយកសាលាដែរ ។ លោកថា ចាប់តាំងពីគ្រូរូបនោះឡើងជានាយកសាលា គឺមានរឿងអាស្រូវ និងប្រើពាក្យអសុរោះ ដល់លោកគ្រូអ្នកគ្រូក្នុងសាលានោះជាបន្តបន្ទាប់ ខណៈដែលនាយកសាលារូបនោះ មានអាយុប្រហែលជាង៣០ឆ្នាំប៉ុណ្ណោះ ។ លោកថា មន្ទីរអប់រំ និងអភិបាលរងខេត្ដសៀមរាប លោក ម៉ៅ វុឌ្ឍី ទៅប្រជុំដោះស្រាយជាច្រើនលើកមកហើយ ប៉ុន្ដែគ្រាន់តែមកឃុបឃិតរួចត្រឡប់ទៅវិញ ។
ករណីនេះ នាយកស្តីទីវិទ្យាល័យក្រឡាញ់ លោក ស៊ាន ផល្លា បដិសេធការចោទប្រកាន់ ។ លោកថា លោកបានឆ្លើយបំភ្លឺជុំវិញបញ្ហានេះ ដល់អភិបាលរងខេត្ដ និងមន្ទីរអប់រំខេត្ដរួចហើយ ។
ចំណែកប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប លោក អ៊ុង សិរីឌី មានប្រសាសន៍ថា មន្ទីរអប់រំ និងអាជ្ញាធរខេត្ដធ្លាប់បានចុះដោះស្រាយរួចរាល់ហើយ ប៉ុន្ដែមានគ្រូបង្រៀនតិចតួចប៉ុណ្ណោះដែលមិនព្រម ។ លោកថា លោកស៊ាន ផល្លា មានលិខិតតែងតាំងពីក្រសួងអប់រំ ប៉ុន្ដែគ្រាន់ជានាយកស្ដីទីប៉ុណ្ណោះ ។
កាលពីចុងឆ្នាំ២០១៤ កិច្ចប្រជុំក្រុមប្រឹក្សាស្រុកក្រឡាញ់ បានឯកភាពឲ្យមានការផ្លាស់ប្ដូរ ដោយមានសំឡេង១៥លើ១៥ ដែលក្នុងរបាយការណ៍នោះ រកឃើញថា នាយកស្តីទីសាលារូបនោះមានជាប់ពាក់ព័ន្ធអំពើពុករលួយ និងកំហុសឆ្គងជាច្រើនដង ៕

លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យក្រឡាញ់ ដែលធ្វើកូដកម្មទាមទារឲ្យដកតំណែងនាយកស្តីទីសាលា
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
