ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
តំណាងកម្មករដែលមកតវ៉ានៅស្ថានទូតស៊ុយអែត ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីព្រឹកមិញ (រូបថត៖ ទេព សូនី)
អតីតកម្មករកម្ពុជាដែលរងគ្រោះនៅប្រទេសស៊ុយអ៊ែត នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំនៅស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដើម្បីទាមទារឲ្យស្ថាប័ននេះជួយពន្លឿនដោះស្រាយបញ្ហាប្រាក់ខែជូនពួកគេ ខណៈក្រុមហ៊ុនដាំកូនឈើនៅប្រទេសនេះប្រកាសក្ស័យធន មិនបើកប្រាក់ខែឲ្យពួកគេចំនួន៦ខែមកហើយ ។
តំណាងអតីតកម្មករទាំងនោះ បច្ចុប្បន្ននេះរស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក ឡុង សម្ផស្ស ប្រាប់អ្នកយកព័ត៌មាន VOD នៅក្បែរស្ថានទូតនោះថា ក្រុមហ៊ុនដាំកូនឈើឈ្មោះ Skogsvardsarbetare hos Botnia Skong AB នៅប្រទេសស៊ុយអែត មិនព្រមផ្តល់ប្រាក់ខែចំនួន៦ខែឲ្យពួកគេប្រមាណជាង៥០នាក់ ដែលក្នុងមួយនាក់ អាចទទួលបានសរុបចាប់ពី២០០០ ដល់៦០០០ដុល្លារ ។ លោកបញ្ជាក់ថា «សំនូមពរដែលយើងចង់បាន គឺគ្រាន់តែយើងដាក់ក្នុងលិខិតហ្នឹងហើយ ថាយើងសូមឲ្យស្ថានទូតរកដំណោះស្រាយ ឬជួយរកដោះស្រាយបញ្ហាពួកយើង បើមានសំណងអីពីរដ្ឋាភិបាល ទាក់ទងនឹងក្រុមហ៊ុនប្រកាសក្ស័យធុន ហើយប្រាក់ខែដែលយើងនៅមិនទាន់បានទទួលនោះ គឺសូមឲ្យសងចំពោះមុខកម្មករយើងដែលថានៅមិនទាន់បានទទួលនោះ» ។
បើតាមតំណាងកម្មករ លោក នី ប៊ុនណែត ដែលជួបមន្ត្រីស្ថានទូតនៅព្រឹកនេះ អះអាងថា ករណីនេះស្ថានទូតមិនជាប់ពាក់ព័ន្ធនឹងស្ថានទូតនោះទេ ។ ប៉ុន្តែលោកថា មន្ត្រីស្ថានទូតនោះបានសន្យាថា នឹងជួយរកដំណោះស្រាយជូនពួកគេ ។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា បើក្រុមហ៊ុននោះគេចវេសមែន រដ្ឋាភិបាលស៊ុយអែតត្រូវតែជំរុញទៅក្រុមហ៊ុននោះឲ្យបើកប្រាក់ខែឲ្យកម្មករទាំងនោះ ។ លោកថាជឿថា បើរដ្ឋាភិបាលស៊ុយអែតមានឆន្ទៈដោះស្រាយ នោះបញ្ហានឹងត្រូវបញ្ចប់ ។ លោកថា «ខ្ញុំគិថា រដ្ឋាភិបាលស៊ុយអែតនោះ គួរតែចាត់វិធានការតឹងរ៉ឹង ក្រៅពីការបង់ប្រាក់ខែ គួរតែមានផាកពិន័យអីផ្សេងៗដើម្បីកុំឲ្យក្រុមហ៊ុនស៊ុយអែតហ្នឹង ចេះតែបន្តរំលោភច្បាប់ ឬរំលោភសិទ្ធិកម្មករតទៅទៀត» ។
ដោយឡែក ក្រុមអតីតកម្មករអះអាងថា ពួកគាត់ទទួលរងនូវភាពអយុត្តិធម៌ច្រើនដូចជា ក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យ ហើយមានតំណាងក្រុមហ៊ុនមេធាវីឯកជនធនាគារមេគង្គ(JBL Mekong) ឈ្មោះ លោក ម៉ា សំបូណា កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៥ បានហៅទូរសព្ទទៅកម្មករជាង៣០នាក់ឲ្យទៅចុះហត្ថលេខាលើលិខិតមួយដែលមានសរសេរអក្សរស៊ុយអែត ដោយខ្លឹមសារថា កម្មករទទួលស្គាល់ជំពាក់ប្រាក់ពីក្រុមហ៊ុនចាប់ពី២០០០ ដល់៦០០០ដុល្លារថែមទៀត ខណៈប្រាក់ខែចំនួន៦ខែមិនទាន់បើកឲ្យផង ។
VOD មិនអាចសុំការបំភ្លឺបន្ថែមពីលោកមេធាវី ម៉ា សំបូណា បានទេ ។ ប៉ុន្តែជំនួយការរបស់លោកគឺលោក លី អះអាងថា មេធាវី ម៉ា សំបូណា ពិតជាបានហៅទូរសព្ទទៅអតីតកម្មករទាំងនោះឲ្យមកចុះហត្ថលេខាមែន ប៉ុន្តែពួកគេមកតែ១១នាក់តែប៉ុណ្ណោះ ។ លោកថានៅក្នុងខ្លឹមសារលិខិតនោះក្រុមហ៊ុនបានប្រាប់មេធាវីថា ឲ្យអតីតកម្មករទាំងនោះចុះហត្ថលេខាលើលិខិតនោះ ព្រោះពួកគេជំពាក់លុយក្រុមហ៊ុនពេលធានាពួកគេទៅធ្វើការនៅក្រៅប្រទេសនោះ ។ លោកថា ហេតុនេះពេលក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកគេហើយ គឺពួកគេត្រូវទូទាត់សងប្រាក់ដែលជំពាក់ក្រុមហ៊ុនវិញភ្លាម ។ លោកថា «ខាងក្រុមហ៊ុនហ្នឹង គេបានមកពឹងពាក់មេធាវី ដើម្បីឲ្យខាងកម្មករដែលជំពាក់លុយហ្នឹង គឺនៅពេលដែលបានលុយមកត្រូវសងលុយដែលបានខ្ចីមុន ដែលក្រុមហ៊ុនបើកឲ្យមុនហ្នឹង ប្រគល់ឲ្យក្រុមហ៊ុនវិញ ព្រោះរាល់ថ្ងៃហ្នឹងក្រុមហ៊ុនក្ស័យធនហើយ» ។
ទោះជាយ៉ាងនេះក្តី ក្រុមអតីតកម្មករ ព្រមានថា ពួកគេនឹងប្តឹងមេធាវីដែលយកលិខិតឲ្យពួកគេចុះហត្ថលេខាដោយសរសេរជាអក្សរស៊ុយអែត ដែលពួកគេមិនចេះអាន ប៉ុន្តែមានខ្លឹមសារថា ពួកគេជំពាក់បំណុលក្រុមហ៊ុនទៅវិញនោះ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
អតីតកម្មករខ្មែរធ្វើការនៅស៊ុយអ៊ែតទាមទារឲ្យក្រុមហ៊ុនដាំកូនឈើបើកប្រាក់ខែ (វីដេអូ)
ដោយ៖ វិចិត្រ | ថ្ងៃចន្ទ ទី25 ឧសភា 2015, 05:15 PM
http://vodhotnews.com
អតីតកម្មករខ្មែរធ្វើការនៅស៊ុយអ៊ែតទាមទារឲ្យក្រុមហ៊ុនដាំកូនឈើបើកប្រាក់ខែ