Tue, 26 May 2015
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
បន្ទាយមានជ័យៈ យ៉ាងហោចណាស់កម្មករ ៣ នាក់ និងសន្តិសុខម្នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងការប៉ះទង្គិចគ្នាមួយ រវាងក្រុមកម្មករអូសរទេះ និងក្រុមកម្លាំងសមត្ថកិច្ចកាលពីម្សិលមិញ ខណៈដែលកម្មករប្រមាណជាង ១០០ នាក់បានធ្វើការតវ៉ា នៅមុខទីស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីទាមទារឲ្យមានការបន្ធូរបន្ថយការបង់ពន្ធទៅលើទំនិញជាលក្ខណៈគ្រួសារដែលនាំចូលពីប្រទេសថៃ។
លោក ហ៊ាន ត្រេន អាយុ ២៦ ឆ្នាំ ដែលចូលរួមនៅក្នុងការតវ៉ានោះ បាននិយាយថា ការប៉ះទង្គិចដោយហិង្សានោះបានកើតឡើងចំនួនពីរលើកគឺនៅម៉ោងប្រមាណ ១២ ថ្ងៃត្រង់ដោយក្រុមអ្នកតវ៉ាចំនួនបីនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ វាយ និងទាត់ធាក់ យ៉ាងហិង្សាបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ក្នុងនោះបុរសឈ្មោះ ម៉ៅ សុន ហៅ ស្រស់ អាយុ ៣៥ ឆ្នាំ ត្រូវសមត្ថកិច្ចវាយរហូតដល់សន្លប់។
លោកបានបញ្ជាក់ថា «សមត្ថកិច្ចបានដាល់គាត់ [ម៉ៅ សុន]ចំ កណ្ដាលមុខជាច្រើនដៃ និង ចាប់អុកនឹងជង្គង់រួចវាយខ្នោះបម្រុងអូសដាក់ឡានយកទៅឃុំខ្លួន ប៉ុន្តែត្រូវបានពួកយើងខ្ញុំស្ទុះទៅជួយប្រវាយប្រតប់រំដោះយកមកវិញបាន។ តែក្នុងការប្រវាយប្រតប់នោះ គាត់ត្រូវបានសមត្ថកិច្ចវាយរហូតដល់សន្លប់»។
លោក ត្រេន បាន បន្តថា ក្រោយពីមានការប្រវាយប្រតប់រួច ក្រុមអ្នកតវ៉ាបាននាំគ្នាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះ។
ក្រុមកម្មករអូសរទេះបាននាំគ្នាបិទផ្លូវនៅចំណុចរង្វង់មូលច្រកប៉ោយប៉ែត មុខទីស្នាក់ការគយដើម្បីទាមទារលក្ខខណ្ឌពីរចំណុចរួមមាន «មិនបង់ពន្ធសម្រាប់ទំនិញដែលមានចំនួន ៣០ កេសក្នុងមួយជើង និងទាមទារឲ្យលោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋាករចេញមុខមកដោះស្រាយ»។
បើតាមប្រភពពីនគរបាលមូលដ្ឋានមុនពេលផ្ទុះអំពើហិង្សា គេឃើញលោក នួន វុឌ្ឍី ប្រធានស្តីទីស្នាក់ការគយ និងរដ្ឋាករ រួមទាំងសមត្ថកិច្ច បានចេញមកសម្របសម្រួល ប៉ុន្តែក្រុមអ្នកតវ៉ាមិនស្ដាប់ការបកស្រាយឡើយ ហើយទទូចចង់ជួបជាមួយលោក ឈួន ហៃ ដែលជាប់បេសកកម្មមកភ្នំពេញ។ លុះដល់ម៉ោង ១២ ថ្ងៃត្រង់ក្រុមសមត្ថកិច្ច បានចាប់អូសរទេះក្រុមអ្នកតវ៉ា ចេញពីលើទ្រូងផ្លូវ ដើម្បីសម្រួលចរាចរណ៍ តែក្រុមអ្នកតវ៉ា បានប្រឆាំងនឹងបទបញ្ជារបស់សមត្ថកិច្ច និងព្យាយាមប្រើហិង្សាលើសមត្ថកិច្ច ដែលនាំឲ្យសមត្ថកិច្ចអត់ទ្រាំមិនបានធ្វើការតបវិញ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា៖ «បុរសឈ្មោះ ម៉ៅ សុន ហៅស្រស់បានជេរប្រមាថ និងប្រើហិង្សាមកលើសមត្ថកិច្ច ដែលចុះអនុវត្តបទបញ្ជា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈទើបសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន។ ប៉ុន្តែក្រុមអ្នកតវ៉ា បានវាយរំដោះយកទៅវិញ»។
លោក សុផល បន្តថា នៅម៉ោង ១:៣០ នាទី រសៀល ក្រុមអ្នកតវ៉ា ដែលហាក់ដូចជាមានការញុះញង់ពីក្រុមអ្នកជំនួញ ឬពីក្រុមណាមួយនោះ បាននាំគ្នាប្រមូលផ្ដុំសាជាថ្មី ហើយនាំគ្នាដុតកង់ឡានកង់ម៉ូតូ នៅលើទ្រូងផ្លូវបង្កផលប៉ះពាល់បរិស្ថាន និង របៀបរៀបរយសាធារណៈ។ មិនតែប៉ុណ្ណោះបាននាំគ្នារុញរទេះបុកបំផ្លាញទ្វាររបងស្នាក់ការគយ និងរដ្ឋាករ និងបានគប់ដុំថ្មទៅលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យសន្តិសុខម្នាក់ឈ្មោះ ឯម រងបួសក្បាល និងខូចខាតកញ្ចក់ទ្វារ និងបង្អួចអគារស្នាក់ការគយព្រមទាំងកញ្ចក់រថយន្តចំនួន ៧ គ្រឿងរបស់មន្ត្រីគយ។
លោកបញ្ជាក់ថា៖ «ដើម្បីបំបែកក្រុមអ្នកតវ៉ា និងដើម្បីរក្សាស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ឡើងវិញ សមត្ថកិច្ចយើងក៏បានសម្រេចចិត្ត ផ្ទុះអាវុធឡើងទៅលើចំនួនបួនគ្រាប់ ប៉ុន្តែមិនមានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់នោះទេ»។
លោក ឈួន ហៃ បានថ្លែងថា ក្រុមកម្មករអូសរទេះទាំងនោះគឺជាក្រុមជនងាយរងគ្រោះដោយសារការញុះញង់ពីក្រុមជនរកស៊ីល្មើសច្បាប់ និងក្រុមជនដទៃទៀត ដែលចង់កេងចំណេញផលប្រយោជន៍ផ្នែកនយោបាយពីការតវ៉ានេះ។
លោកបានថ្លែងថា៖ «ការតវ៉ារបស់ពួកកម្មករទាំងនេះ គឺមានការរៀបចំ និងញុះញង់ពីក្រុមជនមួយក្ដាប់តូច ដែលនៅពេលនេះ សមត្ថកិច្ចយើងបានដឹងមុខសញ្ញាហើយ និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអាជ្ញាធរខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។
លោកបន្ថែមថា៖ «ពួកគេតវ៉ាទាមទារមិនបង់ពន្ធលើទំនិញដែលមានចំនួន ៦០ កេស ហើយទំនិញលើសពី ៦០ កេសសូមបន្ធូរបន្ថយពន្ធ ដែលយើងមិនអាចទទួលយកបាន…ដើម្បីកុំ ឲ្យឈ្មួញនាំទំនិញចូលដោយមិនបង់ពន្ធ ដែលនាំឲ្យមានការខាតបង់ចំណូលពន្ធរដ្ឋ»។
នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានេះ អាជ្ញាធរក្រុងប៉ោយប៉ែត បានដាក់ការសង្ស័យទៅលើលោក ចៅ វាសនា ចៅសង្កាត់រងទី ២ សង្កាត់ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិ និងលោក ឌិន ពុទ្ធី ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំក្រុងប៉ោយប៉ែតថា ជាអ្នកនៅពីក្រោយ ញុះញង់បង្កឲ្យមានអំពើហិង្សា ដែលនាំឲ្យមានមនុស្សរងរបួស និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន។ នេះបើយោងតាមរបាយការណ៍សំយោគ របស់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតដាក់ជូនអភិបាលខេត្តបន្ទាយមានជ័យ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
ទោះយ៉ាងណា លោក សោ ច័ន្ទដេត ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីម្សិលមិញថា របាយការណ៍ដែលធ្វើឡើងដោយលោក ង៉ោ ម៉េងជួន «គឺជាការមួលបង្កាត់ទម្លាក់កំហុសមកលើមន្ត្រីអាជ្ញាធរដែនដីដែលជាសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយប៉ែត»៕
The poor al way the victim of society and the authority are the blood sucker from the poor ‘this is king dumb of cambodia. the worth corruption in the world .GOD bless all cambodian people’