តំណាង​រាស្ត្រ​ម្នាក់​ទៀត​មិន​ចូល​ទៅ​ឆ្លើយ​នៅ​តុលាការ

Content image - Phnom Penh Post

លោក រៀល ខេមរិន្ទ្រ (កណ្តាលកាន់​ទង់​ជាតិ) តំណាង​រាស្ត្រ​​​គណបក្ស​ប្រឆាំង។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក រៀល ខេមរិន្ទ្រ គឺ​ជា​អ្នក​ទី​បី​ក្នុង​ចំណោម​តំណាង​រាស្ត្រ ​៧ ​រូប​របស់​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​ការ​បះ​បោរ​កាល​ពី​ឆ្នាំមុន ដែល​មិន​បាន​ចូលខ្លួន​ទៅ​តុលាការ​សម្រាប់​សួរ​ចម្លើយ​កាល​ពី​ម្សិលមិញ ទៅ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

នៅ​ពេល​ចូល​ទៅ​តុលាការ​កាល​ពី​ថ្ងៃទី ១១ ខែឧសភា ​តំណាង​រាស្ត្រ លោកស្រី មូរ សុខហួរ បាន​បដិសេធ​ឆ្លើយ​សំណួរ​របស់​ចៅ​ក្រម ខណៈ​លោក ហូរ វ៉ាន់ ត្រូវ​កំណត់​ចូល​សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃទី ២០ ឧសភា ហើយ​លោក កែវ ភិរម្យ ត្រូវ​កំណត់​ចូល​ថ្ងៃទី២២ ឧសភា មិន​ព្រម​ចូល​ទៅ​តាម​កោះហៅ​ដោយ​អះអាង​ថា ពួក​គាត់​ជាប់​រវល់​បេសកកម្ម។

ចំពោះ​លោក ខេមរិន្ទ្រ វិញ ត្រូវ​កំណត់​ចូល​តុលាការ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​លោក​ក៏​មិន​បាន​ចូល​ទៅ​តាម​ការ​កោះ​របស់​តុលាការ​ដែរដោយ​ថ្លែង​ថា ជាប់​រវល់​ចុះ​ទៅ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ឲ្យ​ប្រជាជន​នៅ​ខេត្ត។

លោក ខេមរិន្ទ្រ ថ្លែង​បន្ត​ថា៖ «ករណី​ដដែលៗ​ដូច​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​ជា​តំណាង​រាស្ត្រ​មិន​មាន​ពេល​វេលា​សម្រាប់​តុលាការ​កោះ​ហៅ​សួរ​ដដែលៗ​ដូច​នេះ​ទេ ដោយ​សារ​ខ្ញុំ​មាន​បេសកកម្ម​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ឲ្យ​ប្រជាពលរដ្ឋ»។

ប៉ុន្តែ​លោក​បន្ថែម​ថា នៅ​ពេល​លោក​ទំនេរ​លោក​នឹង​ចូលទៅ​តុលាការ​ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​នេះ ហើយ​លោក​ទុក​ឲ្យ​មេធាវី​របស់​លោក​គឺ​លោក ចាន់ ចេន ចូល​តុលាការ​ជំនួស​លោក​កាល​ពី​​ម្សិលមិញ។

លោក ចាន់ ចេ​ន បាន​ឲ្យ​ដឹង​ថា លោក​បាន​ចូល​ទៅ​តុលាការ​កាល​ម្សិលមិញ ដើម្បី​ប្រាប់​តុលាការ អំពី​មូល​ហេតុ​ដែល​កូន​ក្តី​របស់​លោក មិន​ចូល​តុលាការ ហើយ​តុលាការ​មិន​បាន​សួរ​សំណួរ​លោក​ទេ​ពី​ព្រោះ​ករណី​នេះ​ជា​ករណី​ព្រហ្មទណ្ឌ «កូន​ក្តី​របស់​ខ្ញុំ បាន​ឆ្លើយ​ច្រើន​លើក​រួច​ហើយ។ យើង​នឹង​ចូល​តាម​ដីកាកោះ​ប្រសិន​បើ​មាន​ការ​កោះ​ហៅ​លើក​ក្រោយ»។

មាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ទៀត​ដូច​ជា​លោក ម៉ែន សុថាវរិន្ទ លោក នុត រំដួល និង​លោក ឡុង រី ត្រូវ​កំណត់​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជា​បន្ត​បន្ទាប់​នៅ​ចុងខែ​នេះ៕ PS


What Next?

Recent Articles