​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទទួលបាន​ប្រាក់ខែ​ពី​៣៥​ម៉ឺន​រៀល​ដល់​៥៧​ម៉ឺន​រៀល​ចាប់ពី​ខែ​កក្កដា​ទៅ​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃអង្គារ ទី26 ឧសភា 2015
http://vodhotnews.com

​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឧបត្ថម​ប្រចាំ​ខែ​ដល់​សមាជិក និង​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស ទៅ​តាម​តួនាទី និង​ឋានៈ​របស់​ខ្លួន ពី ៣៥០ ០០០ រៀល ដល់​៥៧០ ០០០​រៀល ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៥ តទៅ ។​

​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ចុះហត្ថលេខា ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថា ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ ឬ​ចៅសង្កាត់ ក្នុង​មួយ​នាក់​ទទួលបាន​ប្រាក់​ឧបត្ថម​ចំនួន ៥៧០ ០០០​រៀល និង​ជំទប់​ទី​១ ជំទប់​ទី​២ ឬ​ចៅសង្កាត់រង​ទី​១ និង​ចៅសង្កាត់រង​ទី​២ ក្នុង​មួយ​នាក់ៗ​ទទួល​បាន​ចំនួន ៤០០ ០០០​រៀល​ក្នុង​មួយខែ ។ ចំណែក សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ផ្សេងៗ​ទៀត​ដែល​មិន​ស្ថិត​នៅក្នុង​មុខ​តំណែង​ខាងលើ ក្នុង​មួយ​នាក់ៗ ទទួលបាន ៣៥០ ០០០​រៀល ក្នុង​មួយ​ខែ​។​

​អនុក្រឹត្យ​ដដែល​បន្ដថា ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៥ ហើយ​សម្រាប់​តែ​មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​កំពុង​ស្ថិត​នៅក្នុង​មុខតំណែង​ប៉ុណ្ណោះ ។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន ប្រធាន​ក្រុមប្រឹក្សា និង​ជា​មេឃុំ ឬ​ចៅសង្កាត់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន​៤០​ម៉ឺន​រៀល ជំទប់​ឃុំ​ទទួលបាន​៣៥​ម៉ឺន​រៀល និង​សមាជិក​ក្រុមប្រឹក្សា ទទួលបាន​៣០​ម៉ឺន​រៀល ៕

​សរសេរ​មកកាន់ លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles