ដោយ៖ ថោ ស៊ី ណា | ថ្ងៃអាទិត្យ ទី31 ឧសភា 2015, 04:32 PM
http://vodhotnews.com
និស្សិតទស្សនវិជ្ជាថា មុខវិជ្ជាទស្សនវិជ្ជានឹងបាត់បង់ពីវិស័យអប់រំទៅថ្ងៃអនាគត បើក្រសួងអប់រំមិនរួសរាន់ដាក់បញ្ចូលក្នុងកម្រិតសិក្សាថ្នាក់វិទ្យាល័យឲ្យទាន់ពេលវេលាវិញទេ ។
ការលើកឡើងរបស់ក្រុមនិស្សិតបែបនេះធ្វើក្នុងកម្មវិធី “សំណើសុំឲ្យដាក់មុខវិជ្ជាទស្សនវិជ្ជាទៅក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ” ដែលរៀបចំឡើងនៅសលកវិទ្យាល័យខេមរៈ នៅព្រឹកថ្ងៃអាទិត្យទី ៣១ ខែ ឧសភានេះ ដោយមាននិស្សិតប្រមាណ ១៦០នាក់ មកពីសកលវិទ្យាល័យចំនួន៣បានចូលរួម ។
និស្សិតឆ្នាំទី៤ ផ្នែកទស្សនៈវិជ្ជានៃសាលាភូមិន្ទរដ្ឋបាល លោក រឹម ភារី ឲ្យVOD ដឹងនៅថ្ងៃនេះថា ក្រុមនិស្សិតនានាកំពុងព្រួយបារម្ភថាពីមុខវិជ្ជាទស្សនវិជ្ជា ដែលជាមុខវិជ្ជាដ៏សំខាន់ក្នុងចំណោមមុខវិជ្ជាអប់រំជាច្រើនទៀត នឹងបាត់បង់ពីក្រសួងអប់រំ ។ លោកថា បច្ចុប្បន្នសីលធម៌សង្គមបានធ្លាក់ចុះយ៉ាងគំហុកដោយសារក្រសួងអប់រំមិនបានបញ្ជ្រាប មុខវិជ្ជាទស្សនវិជ្ជាដល់សិស្សកម្រិតវិទ្យាល័យ ។
គួរបញ្ជាក់ថា មុខវិជ្ជាទស្សនវិជ្ជានេះធ្លាប់មានក្នុងកម្មវិធីអប់រំកម្រិតវិទ្យាល័យតាំងពីទសវត្យរ៍ឆ្នាំ១៩៩០មក ហើយក្នុងកំឡុងឆ្នាំ ២០០០ ក្រសួងអប់រំបានប្ដូរមុខវិជ្ជានេះទៅជា សីលធម៌ពលរដ្ឋវិជ្ជាជំនួសវិញ ។
ល លោក រឹម ភារី អះអាងថា មុខវិជ្ជា សីលធម៌ នៃពលរដ្ឋវិជ្ជាបច្ចុប្បន្ន គឺមិនបានផ្តោតសំខានទៅលើការសិក្សាផ្នែកសាសនា សីលធម៌ ឬទ្រឹស្តីផ្សេងៗដូចមុខវិជ្ជាទស្សនវិជ្ជាដែលធ្លាប់មានពីមុនមកទេ ផ្ទុយទៅវិញ គឺផ្តោតតែទៅលើច្បាប់ នយោបាយ សេដ្ឋកិច្ច ឬទំនាក់ទំនងការទូតជាដើម ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម កុច បានថ្លែងក្នុងកម្មវិធីនោះថា លោកនឹងយកសំណើ ក៏ដូចជាកង្វល់របស់ក្រុមនិស្សិត ទៅឲ្យក្រសួងអប់រំពិចារណា ។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៤ មានក្រុមនិស្សិតផ្នែកទស្សនវិជ្ជា ចំនួន២៥០នាក់ នៃសាលាភូមិន្ទភ្នំពេញ បានប្រមូលគ្នាផ្តិតមេដៃដាក់ជូនទៅក្រសួងអប់រំឲ្យដាក់បញ្ចូលមុខវិជ្ជាក្នុងកម្រិតសិក្សាថ្នាក់វិទ្យាល័យ តែរហូតមកដល់ពេលនេះ បើតាមការអះអាងរបស់ក្រុមនិស្សិតថា ក្រសួងអប់រំមិនបានឆ្លើយតបនៅឡើយ ៕
សូមសរសេរមកលោក ថោ ស៊ី ណា តាមរយៈ sina@vodhotnews.com