ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​គាំទ្រ​ការ​បង្កើត​ច្បាប់​ស្ដីពី​សហជីព

ដោយ ថា កិត្យា
2015-06-01
RFA

អាត់ ធន ៦១០
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ខាង​មុខ​ព្រះអង្គ​ដងកើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Den Ayuthyea

ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែល​មាន​សហភាព​សហជីព​ចំនួន​៥ និង​សហព័ន្ធ​សហជីព​ចំនួន​៦៥ បាន​ផ្ញើ​លិខិត​គាំទ្រ​ការ​បង្កើត​ច្បាប់​ស្ដីពី​សហជីព ជូន​ស្ថានទូត​អាមេរិក និង​ស្ថាន​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​ទី​១ មិថុនា នេះ។

ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក ជួន មុំថុល មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​សហជីព​នេះ​អាច​ធានា​ការពារ​នូវ​សិទ្ធិ​សេរីភាព ស្ថិរភាព និង​សន្តិភាព​ការងារ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា៖ «ខ្ញុំ​ឃើញ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង គឺ​សម្រួល​ដល់​ការងារ​មួយ​ចំនួន។ ឧទាហរណ៍ ដូចជា​ការ​ស្នើសុំ​ចុះ​បញ្ជិកា​អី​ហ្នឹង គឺ​មិន​ចាំបាច់​ត្រូវ​ការ​លិខិត​ថ្កោលទោស​អី​ទេ»

ទន្ទឹម​នឹង​សហជីព​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា ជា​សហជីព​គាំទ្រ​រដ្ឋាភិបាល បាន​ផ្ញើ​លិខិត​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សហជីព​នេះ ក៏​មាន​សហជីព​ជាច្រើន​ទៀត​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចេញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​វិញ​ដែរ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ លើក​ឡើង​ថា វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ចំពោះ​មតិ ឬ​ទស្សនៈ​គាំទ្រ​ដំណើរ​ការ​បង្កើត​ច្បាប់​សហជីព​នេះ ព្រោះ​សហជីព​ទាំង​នោះ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​និយោជក​ជា​ស្រេច​ទៅ​ហើយ។

ប៉ុន្តែ​សម្រាប់​លោក លោក​នៅ​តែ​មើល​ឃើញ​ថា ច្បាប់​នេះ​បង្កើត​ឡើង​ក្នុង​បំណង​រឹត​បន្តឹង​សហជីព​ឯករាជ្យ មាន​ដូចជា ការ​កំណត់​ចំនួន​ក្នុង​ការ​បង្កើត​សហជីព​ឯករាជ្យ​ដែល​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ ការ​បិទ​ការ​តវ៉ា​របស់​កម្មករ ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​លើ​សហជីព ការ​បិទ​បញ្ជិកា​មិន​ឲ្យ​មាន​សហជីព​ដែល​ហ៊ាន​តវ៉ា ឬ​ការ​ទាមទារ​ឲ្យ​សហជីព​ដែល​មាន​ស្រាប់​ចុះ​បញ្ជិកា​ឡើង​វិញ ជាដើម។

លោក​បន្ថែម​ថា នៅ​ថ្ងៃ​ទី​២ មិថុនា សហជីព​នឹង​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​មួយ​នេះ បញ្ឈប់​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង



What Next?

Recent Articles