ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃចន្ទ ទី1 មិថុនា 2015
http://vodhotnews.com
ក្រោយមរណភាពរបស់អ្នកស្រី ដួង តារាវលក្ខណ៍ ដែលអ្នកណាក៏ស្គាល់ថាគឺជាតារាជើងចាស់នៅមានទីផ្សារនៅឡើយនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលគួរសមក្នុងរង្វង់សិល្បៈ និងក្នុងចង្កោមមហាជន ។ ដំណក់ឈាមរបស់អ្នកស្រី បានបង្ហាញពីទុក្ខសោកមួយចំនួនមុនពេលអ្នកស្រីត្រូវលាចាកលោក ។
កញ្ញា ឈីវ វណ្ណសិកា វ័យ២៤ឆ្នាំ ជាកូនស្រីតែម្នាក់របស់អ្នកស្រី ដួង តារាវលក្ខណ៍ បានអះអាងថាអ្នកស្រី ដួង តារាវលក្ខណ៍ មានឈ្មោះកំណើតថា និត សុភ័ក្ត្រ និងបានលាចាកលោកក្នុងវ័យ៤៨ឆ្នាំ កាលពីថ្ងៃសុក្រ ទី២៨ ខែឧសភាកន្លងទៅ ដោយទើបនឹងបានបូជានៅក្នុងបរិវេណវត្តទឹកថ្លា ។ ពិធីបុណ្យ៧ថ្ងៃរបស់អ្នកស្រីប្រារព្ធធ្វើឡើងនៅថ្ងៃពុធទី៣ ខែមិថុនានេះ នៅគេហដ្ឋានបងស្រីសព ស្ថិតនៅផ្ទះលេខ១៣១ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ជិតច្រកចូលផ្សារហេងលី ។ អ្នកស្រីបានលាចាកលោកដោយសារជំងឺមហារីកមាត់ស្បូន បន្ទាប់ពីជម្ងឺមួយនេះឈានដល់ដំណាក់កាលចុងក្រោយ មិនអាចព្យាបាលបាន ។
យ៉ាងណាក៏ដោយ អ្នកស្រី ដួង តារាវលក្ខណ៍ មិនត្រូវបានក្រុមគ្រួសារបង្ហើបឲ្យដឹងពីជំងឺដែលបានកើតឡើងនោះទេ ដោយសារតែក្រុមគ្រួសារមានបំណងលាក់បាំង និងមិនចង់ឲ្យអ្នកស្រីអស់សង្ឃឹម ។ អ្នកស្រីទើបតែដឹងខ្លួនឯងថា កើតជំងឺមហារីក នៅប៉ុន្មានថ្ងៃមុនពេលស្លាប់ប៉ុណ្ណោះ ។ កញ្ញា ឈីវ វណ្ណសិកា និយាយថា «ខ្ញុំអត់ដឹងថាម៉ាក់(ដួង តារាវលក្ខណ៏) មានជំងឺមហារីក(មាត់ស្បូន)ហ្នឹងតាំងពីពេលណាទេ គឺទាំងគាត់ទាំងគ្រួសារសុទ្ធតែស្មានថាគាត់ឈឺក្រពោះធម្មតាៗទេ ទម្រាំដឹងអាមហារីកហ្នឹងវាស៊ីគ្រឿងក្នុងអស់ហើយ គឺស៊ីដល់ពោះវៀនធំ ប៉ុន្តែពួកយើងនៅតែអត់ប្រាប់ឲ្យគាត់ដឹងទេ ព្រោះខ្លាចគាត់ស្លុត» ។
អ្នកស្រីត្រូវបានគ្រួសារបញ្ជូនទៅវះកាត់ដុំសាច់មហារីកកាលពីជាង៥ខែមុន បន្ទាប់ពីបានពិនិត្យឃើញថា បើមិនព្រមវះកាត់ អ្នកជំងឺនឹងរស់បានតែមួយអាទិត្យ ។ យ៉ាងណាក៏ដោយ ភាគីខាងពេទ្យ បានបញ្ជាក់ហើយថា ទោះជាបានវះកាត់ក៏អ្នកស្រីរស់បានតែរង្វង់ពី៣ទៅ៦ខែប៉ុណ្ណោះ គឺមិនអាចជាបាននោះទេ ដោយសារតែគ្រឿងក្នុងដែលមេរោគមហារីកស៊ី គឺស្ទើរតែសុសអស់ទៅហើយ ។ កញ្ញា ឈីវ វណ្ណសិកា បញ្ជាក់ទាំងអួលដើមកថា «ក្នុងពេលវះកាត់ហ្នឹង ពេទ្យគាត់ប្រាប់ដែរថា ម៉ាក់នឹងរស់បានមិនហួស៦ខែទេ ប៉ុន្តែពួកយើងនៅតែធ្វើ ព្រោះមិនចង់ឲ្យគាត់ទៅចោលពួកយើងលឿនពេក សម្រាប់ម៉ាក់គាត់អត់ដឹងទេ គាត់ស្មានតែវះខ្នែងពោះវៀនទេ អញ្ចឹងហើយទើបគាត់សប្បាយចិត្តរស់បានដល់ជាង៥ខែ» ។

អ្នកស្រី ដួង តារាវលក្ខណ៍ និងកូនស្រី (រូបផ្ដល់ដោយ កញ្ញា ឈីវ វណ្ណសិកា)
កញ្ញា ឈីវ វណ្ណសិកា ឲ្យដឹងទៀតថា អ្នកស្រីទើបតែមានសភាពធ្ងន់ធ្ងរកាលរង្វង់មួយខែមុនទទួលមរណភាព ហើយក៏ជាពេលដែលអ្នកស្រីបានដឹងថាខ្លួនឯងកើតមានជំងឺមហារីក និងមិនអាចរស់បាន ។ ទំនងជាអ្នកស្រីមានអារម្មណ៍តក់ស្លុត ពិបាកប្រឈមនឹងជំងឺកាចសាហាវនោះផង ទើបធ្វើឲ្យអ្នកស្រីញញឹមលាយទុក្ខនៅមុនថ្ងៃស្លាប់ ។ កញ្ញានិយាយថា «ម៉ាក់គាត់កំសត់ណាស់បង ក្រោយពេលគាត់ដឹងខ្លួន គាត់ខំញញឹមដើម្បីកុំឲ្យយើងពិបាកចិត្ត ប៉ុន្តែខ្ញុំដឹងថាគាត់ពិបាកចិត្តណាស់បង ព្រោះអ្វីៗវាហាក់ដូចជាខ្លីពេកសម្រាប់គាត់» ។
មុនពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព អ្នកស្រី ដួង តារាវលក្ខណ៍ គឺជាតារាសម្ដែង និងជាម្ចាស់ក្លិបបណ្ដុះបណ្ដាលជំនាញសិល្បៈដល់ក្មេងជំនាន់ក្រោយ ដោយបានបញ្ជូនពួកគេឲ្យចេញសម្ដែង និងថតស្ពតច្រើន ធ្វើឲ្យមានការទទួលស្គាល់ពីសំណាក់តារាជើងថ្មី ។ អ្នកស្រីបានចូលប្រឡូកសិល្បៈតាំងពីវ័យ១៨ឆ្នាំម្ល៉េះ ដោយបានរំលេចភាពលេចធ្លោក្នុងរឿងព្រះគោព្រះកែវ រឿងកូនប្រសារស្រី រឿងខ្ញុំជានរណា រឿងកូនឥតខាន់ស្លា និងរឿងហេតុអ្វី ជាដើម ដែលសុទ្ធសឹងតែជាខ្សែរឿងដែលបានទទួលការគាំទ្រខ្ពស់ ក្នុងពេលចាក់បញ្ចាំងនៅទូរទស្សន៍CTN ។
កញ្ញា ឈីវ វណ្ណសិកា ប្រាប់ថា ក្នុងចំណោមគ្រួសាររបស់ម្ដាយមិនមានអ្នកណាមាននិស្ស័យខាងសិល្បៈនោះទេ ទើបក្រោយការចែកឋានរបស់អ្នកស្រី គឺក្លិបសិល្បៈដែលបានបង្កើតឡើងនឹងត្រូវរំលាយចោល ។ នៅក្នុងពិធីបុណ្យ៧ថ្ងៃ នៅថ្ងៃពុធនេះ កញ្ញារំពឹងគិតថា នឹងមានតារាសិល្បៈចាស់ៗដែលជាមិត្តជិតស្និទ្ធរបស់អ្នកស្រីនឹងបង្ហាញមុខចូលរួមច្រើន បន្ទាប់ពីការធ្វើបុណ្យសព និងការបូជាសព គឺមិនឃើញតារាសិល្បៈជើងចាស់ភាគច្រើន បង្ហាញការឈឺឆ្អាលទាល់តែសោះ ។ កញ្ញានិយាយថា «មួយរយៈនេះ ខ្ញុំដើរចែកសំបុត្រ៧ថ្ងៃច្រើន ទៅជូនអ្នកសិល្បៈដែលធ្លាប់ស្គាល់ម៉ាក់ ខ្ញុំសង្ឃឹមតែមួយគាត់គឺពួកគាត់ ដែលធ្លាប់ស្គាល់ម៉ាក់ ធ្លាប់សម្ដែងជាមួយម៉ាក់ បានបង្ហាញវត្តមានចូលរួមថ្ងៃបុណ្យ៧ថ្ងៃរបស់ម៉ាក់ ដើម្បីឲ្យវិញ្ញាណរបស់គាត់អស់ចិត្ត ព្រោះពេលគាត់ធ្លាក់ខ្លួនឈឺធ្ងន់គាត់ហូរទឹកភ្នែករហូត ពេលអត់ឃើញអ្នកសិល្បៈជាមិត្តភក្ដិចាស់ៗរបស់គាត់ភាគច្រើន ឈឺឆ្អាល» ។
កញ្ញារំលឹកថា មុនពេលចែកឋាន អ្នកស្រីមិនព្រមឲ្យបញ្ជូនអ្នកស្រីទៅកាន់មន្ទីរពេទ្យនោះទេ ព្រោះមិនចង់ឲ្យខាតបង់ប្រាក់ ប៉ុន្តែបងប្អូនកូនក្មួយគឺនៅតែបានបំពាក់អុកស៊ីហ្សែន និងបន្តោងស៊ីរ៉ូមឲ្យអ្នកស្រីនៅផ្ទះ រហូតដល់ដង្ហើមចុងក្រោយ មុនពេលលាចាកលោក ៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
