ប្រធាន​គណៈកម្មការ​ទី​៨​រដ្ឋសភា​ស្នើ​ស៊ុយអែត​ពន្លឿន​ដោះស្រាយ​ប្រាក់​ខែ​ពលករ​ខ្មែរ

ដោយ ថា កិត្យា
2015-06-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កែ សុវណ្ណរតន៍ ៦២០
ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប នៅ​អគារ​ពេទ្យ​ព្យាបាល​ភ្នែក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA/Hang Savyouth

ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត (Sweden) តាម​រយៈ​ស្ថានទូត​ស៊ុយអែត ប្រចាំ​ទីក្រុង​ភ្នំពេញ ជួយ​ពន្លឿន​ការ​ដោះស្រាយ​ដល់​កម្មករ​ខ្មែរ​ដែល​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​គ្រប់​ចំនួន ពី​ក្រុមហ៊ុន​ដាំ​កូន​ឈើ​មួយ​នៅ​ក្នុង​ប្រទេស​នេះ​នៅ​ឡើយ។

បញ្ហា​ប្រទាញប្រទង់​គ្នា​រវាង​ក្រុមហ៊ុន​ដាំ​កូន​ឈើ​មួយ​ឈ្មោះ ស្កកស្វាសាប៊ីធា ហូស បូនៀ ស្កក អេប៊ី (Skogsvardsarbetare hos Botnia Skog AB) នៅ​ប្រទេស​ស៊ុយអែត និង​ពលករ​កម្ពុជា នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា ឬ​ហៅ​ថា​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​ថា អ្នកស្រី​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ស៊ុយអែត ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ ដើម្បី​ឲ្យ​ពន្លឿន​រក​ដំណោះស្រាយ​ជូន​ពលករ​ខ្មែរ។ សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍​សង្ខេប​របស់​តំណាង​ពលករ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​ទៅ៖ «រឿង​នេះ គឺ​ជា​ប្រធានបទ​មួយ​ដែល​ខ្ញុំ​ត្រូវ​ជួយ។ ស្ថានទូត​ស៊ុយអែត គឺ​ស្ពាន​ដោះស្រាយ​បញ្ហា​រវាង​ក្រុមហ៊ុន​ស៊ុយអែត និង​ពលករ​កម្ពុជា»

ក្រុម​ពលករ​ខ្មែរ​អះអាង​ថា ខណៈ​ដែល​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​គ្រប់​ចំនួន​ផង ស្រាប់​តែ​ថ្មីៗ​នេះ ភាគី​ក្រុមហ៊ុន​បាន​ប្ដឹង​ចោទ​ថា ពួក​គាត់​ជំពាក់​ប្រាក់​ក្រុមហ៊ុន​ជាច្រើន​ពាន់​ដុល្លារ​ទៅ​វិញ។

មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ជា​មេធាវី​របស់​ក្រុម​ពលករ​ខ្មែរ លោក ហម សុនរិទ្ធិ មាន​ប្រសាសន៍​ថា ការ​ទាមទារ​ប្រាក់​ខែ​ឆ្លង​ប្រទេស និង​ការ​ប្ដឹង​ជំទាស់​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​នេះ គឺ​មាន​យុត្តាធិការ​នៅ​ប្រទេស​ស៊ុយអែត។ ដូច្នេះ លោក​កំពុង​រៀបចំ​បណ្ដឹង និង​ប្រមូល​ភស្តុតាង​ផ្សេងៗ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ស៊ុយអែត។

ទាក់ទិន​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន និង​ជា​អ្នក​រត់​ការ​ឯកសារ​ផ្សេងៗ​ជាមួយ​ស្ថានទូត​ស៊ុយអែត ប្រចាំ​កម្ពុជា លោក ហង្ស ពិសិដ្ឋ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុមហ៊ុន​ពិត​ជា​ទទួល​ស្គាល់​ថា មិន​ទាន់​បាន​បើក​ប្រាក់​ខែ​គ្រប់​ចំនួន​ដល់​កម្មករ​ខ្មែរ​មែន ប៉ុន្តែ​ពលករ​ទាំង​នោះ​ក៏​មិន​ទាន់​សង​ប្រាក់​ដែល​ខ្ចី​ពី​បងស្រី​របស់​លោក ដែល​ត្រូវ​ជា​ភរិយា​ម្ចាស់​ក្រុមហ៊ុន​នោះ​ដែរ៖ «គាត់​ថា ក្រុមហ៊ុន​មិន​ទាន់​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ ដូច្នេះ​ពិត​ណាស់​ថា គាត់​បាន​ខ្ចី​លុយ​គេ​ចាយ។ អ៊ីចឹង គឺ​ក្រុមហ៊ុន​គ្រាន់​តែ​ចង់​ឲ្យ​ពួក​គាត់​ដោះស្រាយ​រឿង​លុយ​ដែល​ជំពាក់​សិន»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ក្រុម​ពលករ​ខ្មែរ​ទាំង ៣៤​នាក់​អះអាង​ថា មុន​នឹង​ត្រឡប់​មក​កម្ពុជា វិញ ពួក​គេ​បាន​ទូទាត់​សង​បំណុល​រួច​រាល់​ហើយ។ ពួក​គាត់​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ប្រាក់​ប្រចាំ​ខែ​សម្រាប់​កម្មករ​កម្ពុជា ឲ្យ​បាន​ទៀងទាត់​ទៅ​តាម​កិច្ចសន្យា​ការងារ​នោះ​ទេ។ ដូច្នេះ ពួក​គាត់​សម្រេច​ខ្ចី​លុយ​តិចតួច ដើម្បី​ដោះស្រាយ​ជីវភាព​ពេល​នៅ​ធ្វើ​ការ​ទីនោះ។

តំណាង​កម្មករ​ខ្មែរ លោក ឡុង សម្ពស្ស បាន​រៀបរាប់​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ដែល​ថា ពួក​គាត់​ជំពាក់​ប្រាក់​ក្រុមហ៊ុន​ជាច្រើន ព្រោះ​ម្នាក់ៗ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស សុទ្ធតែ​ដើម្បី​បាន​ប្រាក់​ខែ​ច្រើន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ លោក​បន្ត​ថា ក្រុម​ពលករ​មិន​ចង់​ប្ដឹង​វែង​ឆ្ងាយ​នោះ​ទេ សំខាន់​គឺ​ក្រុមហ៊ុន​ត្រូវ​បើក​ប្រាក់​ខែ​បង្គ្រប់​តាម​កិច្ច​សន្យា​ការងារ​ឲ្យ​បាន​ឆាប់ ព្រោះ​សព្វថ្ងៃ​នេះ ពួក​គាត់​ជួប​បញ្ហា​លំបាក​ជាច្រើន៖ «អ្នក​ខ្លះ​គាត់​ជំពាក់​លុយ​ធនាគារ ហើយ​ជិត​ដល់​ពេល​ដែល​គេ​រឹបអូស​យក​ផ្ទះ រី​អ្នក​ខ្លះ​ទៀត ដោយសារ​តែ​ប្ដី​ទៅ​ធ្វើ​ការ​នៅ​ស៊ុយអែត ហើយ​មិន​មាន​លុយ បង្ក​ទៅ​ជា​ជម្លោះ​ក្នុង​គ្រួសារ​លែងលះ​គ្នា​ជាដើម»

កាល​ពី​ឆ្នាំ​១០១៤ កន្លង​ទៅ ពលករ​ខ្មែរ​ចំនួន ៧២​នាក់ បាន​ទៅ​ធ្វើ​ការងារ​ជា​អ្នក​ដាំ និង​កាត់​ដើម​ឈើ​នៅ​ប្រទេស​ស៊ុយអែត ក្នុង​ចំណោម​នោះ​មាន​ពលករ​ខ្មែរ ៣៤​នាក់ មិន​ទាន់​បាន​ប្រាក់​ខែ​គ្រប់​ចំនួន និង​គ្រប់​គ្នា​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ ពួក​គេ​ចោទ​ក្រុមហ៊ុន​ថា មាន​ចេតនា​គេចវេស​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ឡើយ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រកាស​ក្ស័យ​ធន​ទៅ​ក្រសួង​ការងារ របស់​ប្រទេស​ស៊ុយអែត កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៥។ អ្នក​ខ្លះ​អះអាង​ថា ក្រុមហ៊ុន​នៅ​ជំពាក់​ពួក​គេ​ចំនួន ៣​ពាន់​ដុល្លារ និង​អ្នក​ខ្លះ​ពី ៦ ទៅ ៧​ពាន់​ដុល្លារ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles