ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ត្អូញត្អែរ​ពី​បញ្ហា​ប៉ះពាល់​សុខភាព​ដោយសារ​ផ្លូវ​ហុយ​ដី

ដោយ ម៉ែន សុធីរ
2015-06-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផ្លូវ​ហុយ ស្វាយរៀង ៦២០

ផ្លូវ​លំ​លេខ​១០ ឃុំ​មុខដា ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ (RFA/Men Sothyr)

ពលរដ្ឋ​ខេត្ត​ស្វាយរៀង ត្អូញត្អែរ​ផ្លូវ​លំ​ក្រាល​ខ្សាច់​ស​មួយ​ខ្សែ គឺ​ផ្លូវ​លេខ​១០ ពី​ទី​រួម​ខេត្ត​ស្វាយរៀង ឆ្ពោះ​ទៅ​ទី​រួម​ស្រុក​រមាសហែក ចម្ងាយ​ប្រហែល ៤០​គីឡូម៉ែត្រ​ខូចខាត និង​មាន​ដី​ហុយ​ខ្លាំង។

ការ​ត្អូញត្អែរ​នេះ ដោយសារ​តែ​ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ រួម​ទាំង​អ្នក​ធ្វើ​ចរាចរ កំពុង​ប្រឈម​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​ធូលី​ដី​ហុយ​ខ្លាំង។ ក្រុម​ពលរដ្ឋ​នៅ​តំបន់​នោះ​អះអាង​ថា កូន​ចៅ​របស់​គាត់​មាន​ជំងឺ​ផ្លូវ​ដង្ហើម រលាក​សួត ទំនង​ជា​មក​ពី​ធូលី​ដី​នេះ។

ពលរដ្ឋ​រស់នៅ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ស្វាយជ្រំ ស្រុក​រំដួល និង​ស្រុក​រមាសហែក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជួយ​ជួសជុល​ផ្លូវ​ខូចខាត ធ្វើ​ឲ្យ​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់។

ពលរដ្ឋ​ចាត់​ទុក​ថា បញ្ហា​ដី​ហុយ​ខ្លាំង​នេះ​បង្ក​ជា​គុណ​វិបត្តិ​ធ្ងន់ធ្ងរ ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​ប្រឡាក់​សម្លៀកបំពាក់ និង​ប្រឈម​បញ្ហា​សុខភាព ជាដើម។

ពលរដ្ឋ​មាន​ទីលំនៅ​ជាប់​ផ្លូវ​នេះ​ក្នុង​ស្រុក​ស្វាយជ្រំ រួម​ទាំង​ស្រុក​រមាសហែក បារម្ភ​ដូចៗ​គ្នា​ថា បើ​រដ្ឋាភិបាល​មិន​កសាង​ផ្លូវ​នេះ​ទេ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ពលរដ្ឋ​រាប់​ពាន់​នាក់ ដែល​ធ្វើ​ដំណើរ រួម​ទាំង​សិស្សានុសិស្ស​ទៅ​សាលា​រៀង​រាល់​ថ្ងៃ៖ «ម៉ូតូ​ឡាន​អី​ហ្នឹង​មក​ពី​ក្រោយ​បុក​គ្នា​ទៅ បើ​មិន​គ្រប​ទេ​មិន​បាច់​ហូប​ទេ ហុយ​ពេញ​លើ​ចាន»

ពលរដ្ឋ​រស់នៅ​ឃុំ​មុខដា ស្រុក​រមាសហែក មាន​ទីលំនៅ​ជាប់​ផ្លូវ​នេះ លោក មាស សាន ថ្លែង​ថា នៅ​ពេល​មាន​រថយន្ត​ធ្វើ​ដំណើរ​ម្តងៗ ធូលី​ដី​ហុយ​ចូល​ផ្ទះ​លោក​ដូចជា​ប្រឡាក់​ចាន​ឆ្នាំង ភួយ ខ្នើយ រួម​ទាំង​សម្ភារៈ​នៅ​ក្នុង​ផ្ទះ ជាដើម។ លោក​បន្ត​ថា អ្វី​ដែល​លោក​បារម្ភ​ចម្បង​នោះ គឺ​កូនៗ​របស់​លោក​ដែល​កំពុង​សិក្សា ធ្វើ​ដំណើរ​ទៅ​សាលា​ឆ្ងាយ​ជាង ២​គីឡូម៉ែត្រ​ពី​ផ្ទះ ធ្វើ​ដំណើរ​រាល់​ថ្ងៃ មួយ​ថ្ងៃៗ​ប្រឡាក់​ធូលី​ដី។

ផ្លូវ​ហុយ ស្វាយរៀង ៦២០
ផ្លូវ​លេខ​១០ នៅ​ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ RFA/Men Sothyr

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្វាយជ្រំ លោក ស៊ុំ ម៉ារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ឧសភា ថា មុន​បោះ​ឆ្នោត តំណាង​រាស្ត្រ​ក្រុមប្រឹក្សា​ទាំងអស់ បាន​អនុម័ត​រួច​រាល់​ហើយ​ក្នុង​ការ​កសាង​ផ្លូវ​នេះ ដែល​ជា​គម្រោង​ថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ប៉ុន្តែ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ បែរ​ជា​អាជ្ញាធរ​ខេត្ត​អះអាង​ថា ផ្លូវ​នេះ​ធ្វើ​ដោយ​គណបក្ស​កាន់​អំណាច​ទៅ​វិញ។ លោក​បន្ត​ថា គម្រោង​ត្រូវ​បាន​អាក់ខាន​អំឡុង​ពេល​ដែល​សំឡេង​ឆ្នោត​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រហាក់​ប្រហែល​គ្នា។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​អំពាវនាវ​ឲ្យ​ក្រុម​បណ្ដា​គណបក្ស​នយោបាយ​ទាំងអស់ ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​កុំ​ប្រកាន់​បក្ស​នយោបាយ៖ «ខ្ញុំ​នឹង​ជំរុញ​ទៅ​គណៈ​អភិបាល​ស្រុក ដើម្បី​ឲ្យ​ជួយ​កសាង​ផ្លូវ​មិន​មែន​មាន​តែ​ផ្លូវ​ហ្នឹង​មួយ​ទេ»

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ផ្លូវ​នេះ​មាន​ធូលី​ដី​ហុយ​ខ្លាំង​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ធ្វើ​នៅ​ឡើយ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ យឹម សារិន លើក​ឡើង​ថា ធូលី​ដី​នេះ​បណ្ដាល​ឲ្យ​កូន​របស់​លោក​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ៖ «ដេក​ចឹង​ផ្ទះ​ជិត​ថ្នល់ ដល់​ចឹង​ដី​ហ្នឹង​ហុយ​ចូល​ច្រមុះ នៅ​ក្នុង​មុង ក៏​អា​ដី​ហ្នឹង​ហុយ​ចូល​ដែរ បាន​ប្រហែល​ជា ៦​ខែ​កន្លះ​មក​ពិនិត្យ​ពេទ្យ គេ​ថា​រលាក​ទងសួត ពិនិត្យ​ដង្ហើម​មិន​ថា តែ​កូន​ខ្ញុំ​មាន​កូន​អ្នក​ជិតៗ​ខ្ញុំ​ក៏​រលាក​ទាំងអស់​គ្នា​ដែរ»

ទាក់ទិន​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សុខ សោភ័ណ្ឌ មាន​ប្រសាសន៍​ថា ធូលី​ដី​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និង​សួត ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​សួត និង​បញ្ហា​ផ្លូវ​ដង្ហើម ជាដើម។ លោក​បារម្ភ​ថា កុមារ​ប្រឈម​សុខភាព​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ចាស់ នៅ​ពេល​ដែល​ស្រូប​ធូលី​ដី​នេះ៖ «ពិសេស​ក្មេង​ហ្នឹង​ហ្មង អា​សួត​ហ្នឹង វា​នៅ​ខ្ចី​វា​អ៊ីចឹង បើ​កាលណា​បឺត​ចូល​វា​ធ្វើ​ឲ្យ​រលាក»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ ឧសភា។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ធានា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «កុំ​ទុក​ចោល​ទាល់​តែ​ផ្លូវ​ហ្នឹង​វា​ខូច ទៅ​ជា​បឹង​ទៅ​ជា​ក្រឡុក ហើយ​តាំង​នាំ​គ្នា​ចេះ​មួយ​ចេះ​ពីរ ឡាន​ធំ​ឡាន​អី»

ក្រុមប្រឹក្សា​ស្រុក​ស្វាយជ្រំ អះអាង​ថា ផ្លូវ​លេខ​១០ ចាប់​ពី​សង្កាត់​ចេក ក្រុង​ស្វាយរៀង ឆ្ពោះ​ទៅ​ស្រុក​រមាសហែក មាន​ពលរដ្ឋ​រស់នៅ​ចំនួន ៣​ឃុំ ក្នុង​ស្រុក​ស្វាយជ្រំ ដូចជា ឃុំ​ពោធិ៍រាជ ឃុំ​ធ្លក និង​ឃុំ​ដូនស។ ចំណែក​ពលរដ្ឋ​រស់នៅ​ស្រុក​រំដួល មាន​ឃុំ​ធ្មា ដោយ​ឡែក​ស្រុក​រមាសហែក មាន​ឃុំ​ចំនួន​៨ ដែល​ពលរដ្ឋ​តែង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles