ពលរដ្ឋ​អំពាវនាវ​អាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច​នៅ​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2015-06-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដំណាំ​ម្រេច ៦១០
៤-ឧសភា-២០១២៖ ដំណាំ​ម្រេច​ទើប​ដាំ​បាន​ចំនួន ២​ឆ្នាំ នា​ខេត្ត​កំពត។ RFA/Khe Sonorng

ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អះអាង​ថា សកម្មភាព​ឈ្មួញ​លួច​កាប់​ឈើ​ស្រស់​ក្នុង​ព្រៃ​សហគមន៍ យក​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជន្លង់​ម្រេច កើត​មាន​ច្រើន ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​សកម្មភាព​នេះ​បាន​នៅ​ឡើយ។

អ្នក​ភូមិ​សម្ដែង​ការ​ព្រួយ​បារម្ភ ខ្លាច​ការ​លួច​កាប់​ព្រៃ​យ៉ាង​អនាធិបតេយ្យ​នៅ​តែ​បន្ត ហើយ​គ្មាន​ការ​បង្ក្រាប​ទេ​នោះ វា​នឹង​ហិនហោច​អស់​ព្រៃ​ក្នុង​សហគមន៍​គ្មាន​សល់។ ប៉ុន្តែ​ខាង​អាជ្ញាធរ​ស្រុក​សំឡូត បញ្ជាក់​ថា ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ។

សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ទប់ស្កាត់​ក្រុម​អ្នក​លួច​កាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍​ជា​បន្ទាន់ ដើម្បី​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​ទុក​ជា​ជម្រក​សត្វ និង​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​ប្រមាណ​ជាង ១០០​ហិកតារ នៅ​ភូមិ​សំឡូត ត្រូវ​ក្រុម​ឈ្មួញ​លួច​កាប់​ព្រៃ​ឈើ​ធ្វើ​ជន្លង់​ម្រេច យក​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ គេ​ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ប្រមាណ ១​ខែ​មក​ហើយ។ អ្នក​ភូមិ​រូប​នេះ​បញ្ជាក់​ថា ការ​កាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍​នេះ កន្លង​មក​ពួក​គេ​តែង​ចេញ​មុខ​ទប់ស្កាត់​ជា​រៀង​រាល់​ថ្ងៃ​ដែរ ប៉ុន្តែ​មិន​អាច​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​បាន​ទេ ពីព្រោះ​ក្រុម​ឈ្មួញ​គេ​លួច​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ស្ងាត់ ធ្វើ​ឲ្យ​អ្នក​ភូមិ​មិន​ហ៊ាន​ចេញ​ទៅ​ប្រឈម​មុខ​ជាមួយ​ក្រុម​អ្នក​កាប់​ឈើ​ទាំង​នោះ៖ «សកម្មភាព​លួច​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច គេ​អាច​មាន​គ្នា​ច្រើន​នាក់​ទើប​គេ​ធ្វើ​ទៅ​កើត ពីព្រោះ​ឈើ​ដែល​គេ​កាប់​នោះ គេ​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ប្រមាណ ៥​គ្រឿង​ក្នុង​មួយ​លើកៗ​ពេញ​ព្រៃ​ដោយ​ស្ងៀមស្ងាត់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​សំឡូត លោក ឥន សៅរិទ្ធ បញ្ជាក់​ថា លោក​ពុំ​ទទួល​ព័ត៌មាន​ជុំវិញ​នឹង​ការ​អះអាង​របស់​អ្នក​ភូមិ​នេះ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ប្រមាណ​ជិត ១០០​គ្រួសារ ពិត​ជា​ប្រកប​របរ​ដាំ​ម្រេច​ប្រាកដ​មែន ប៉ុន្តែ​ការ​ដាំ​ម្រេច​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ​ទេ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំ​ម្រេច​ឆ្នាំ​២០១៥ នេះ​ច្រើន​ជាង​ពេល​មុនៗ។ លោក​បញ្ជាក់​ទៀត​ថា សព្វថ្ងៃ​ចម្ការ​ម្រេច​ដែល​ប្រមូល​ផល​ប្រមាណ ៧០​ហិកតារ ចំណែក​ឯ​ដើម​ម្រេច​ដែល​ដាំ​ថ្មី​វិញ ប្រមាណ​ជាង ៣០​ហិកតារ ហើយ​ភាគ​ច្រើន​នៅ​ឃុំ​ស៊ុង និង​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង៖ «ចំពោះ​អាជ្ញាធរ​ស្រុក​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​កាប់​ឈើ​រស់​ជា​ដាច់​ខាត ប៉ុន្តែ​ឈើ​ក្រាក់​ដែល​ងាប់​ស្រាប់​នោះ មិន​អី​ទេ។ ម្យ៉ាង​ទៀត​ដំណាំ​ម្រេច​វា​ត្រូវ​ការ​ឈើ​ជា​បង្គោល ប៉ុន្តែ​មិន​អាច​យក​ឈើ​រស់​ហើយ​ខ្ចី​ទៅ​ប្រើ​ការ​បាន​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​សំឡូត ម្នាក់​ទៀត​អះអាង​ថា សកម្មភាព​អ្នក​លួច​កាប់​ព្រៃ​ឈើ​នោះ កាល​ពី​ដើម​ឡើយ​គេ​ច្រើន​កាប់​ឈើ​ក្រាក់​ដែល​ងាប់​ស្រាប់ យក​ទៅ​ធ្វើ​ជា​ជន្លង់​ម្រេច ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​លួច​កាប់​ឈើ​គេ​បាន​ប្ដូរ​ទៅ​កាប់​ឈើ​រស់​ជំនួស​វិញ។ លោក​បញ្ជាក់​ថា ហេតុ​ដែល​គេ​ងាក​មក​កាប់​ឈើ​រស់​នេះ ដោយសារ​ឈើ​ងាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​ដែល​មាន​សេសសល់​តិចតួច​នោះ ត្រូវ​គេ​លួច​កាប់​អស់​ទៅ​ហើយ។ លោក​បន្ត​ទៀត​ថា កន្លង​មក​លោក​នាំ​រឿង​ជុំវិញ​ការ​កាប់​ព្រៃ​ឈើ​សហគមន៍​នេះ ទៅ​ជម្រាប​មេ​ឃុំ ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​ជាច្រើន​លើក​ច្រើន​សា​ដែរ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​បាន​នៅ​ឡើយ​ទេ៖ «ឈ្មួញ​អ្នក​កាប់ រីឯ​ប្រជាពលរដ្ឋ​អ្នក​ទិញ។ ខ្ញុំ​បាទ​ទៅ​ពិនិត្យ​មើល​ព្រៃ​សហគមន៍​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ច្រើន។ កន្លង​មក ខ្ញុំ​ក៏​ធ្លាប់​ទៅ​ឃាត់​គេ​ដែរ ប៉ុន្តែ​គេ​មិន​ស្ដាប់​ខ្ញុំ​ទេ គេ​បែរ​ជា​មក​រក​រឿង​អង្គភាព​របស់​ខ្ញុំ​ទៅ​វិញ។ បើ​ទោះ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ទប់ស្កាត់​សកម្មភាព​នោះ​បន្ត​ទៀត»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ព្រៃ​ឈើ​នៅ​តំបន់​សហគមន៍​ស្រុក​សំឡូត កន្លង​មក​លោក​តែង​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​ការ​លួច​កាប់​ឈើ​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​វិធានការ​ទប់ស្កាត់​របស់​សមត្ថកិច្ច​ហាក់​ទន់​ខ្សោយ​នៅ​ឡើយ ធ្វើ​ឲ្យ​អ្នក​បង្ក​បញ្ហា​ឆក់​ឱកាស​ធ្វើ​សកម្មភាព​បាន​ដោយ​ងាយ​ស្រួល។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​អាច​ទប់ស្កាត់​បាន ប្រសិន​បើ​សមត្ថកិច្ច​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃ​ឈើ​នោះ បំពេញ​ការងារ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់៖ «ខ្ញុំ​គិត​ថា គ្មាន​អ្វី​ដែល​សមត្ថកិច្ច​ដោះស្រាយ​មិន​ចេញ​នោះ​ទេ លើក​លែង​តែ​សមត្ថកិច្ច​មិន​ព្រម​ដោះស្រាយ ពីព្រោះ​សមត្ថកិច្ច​មាន​កម្លាំង​គ្រប់គ្រាន់​នៅ​តាម​មូលដ្ឋាន ហើយ​ឈើ​ដែល​គេ​កាប់​បាន​ចាំបាច់ គេ​នឹង​ដឹក​ឈើ​តាម​រថយន្ត យើង​ងាយ​ស្រួល​ក្នុង​ការ​ទប់ស្កាត់​ណាស់»

យ៉ាង​ណា លោក​អភិបាល​ស្រុក​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ហើយ លោក​នឹង​តាម​ដាន​លើ​ការងារ​នេះ​បន្ថែម​ទៀត។

ជា​រឿយៗ នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ម្ដងៗ គេ​តែង​សង្កេត​ឃើញ​អាជ្ញាធរ​ច្រើន​ឆ្លើយ​ថា នឹង​តាម​ដាន​លើ​ការងារ​នោះ​ជា​ប្រចាំ ប៉ុន្តែ​ភាព​ពិត​ជាក់ស្ដែង សកម្មភាព​នៅ​តែ​កើត​ឡើង​ដដែល។ ប្រជាពលរដ្ឋ​នៅ​តែ​អះអាង​ថា ព្រៃ​ឈើ​ក្នុង​សហគមន៍​ដែល​សេសសល់​តិចតួច​នោះ វា​នឹង​ហិនហោច​អស់​ក្នុង​ថ្ងៃ​ណា​មួយ​ជា​ពុំ​ខាន ប្រសិន​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles