Mon, 1 June 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ដំណឹងខ្សឹបខ្សៀវបានបំបែកការចាប់អារម្មណ៍កាន់តែខ្លាំង សូម្បីតែអ្នកសិល្បៈក៏ចាំអ៊ុតដែរថាពេលណា ពេជ្រ សេរីរ័ត្ន សម្រេចដឹកដៃម្ចាស់ស្នេហ៍កំបាំងមុខរួមតំណក់ឈាមពីរគ្រាប់ចេះហៅប៉ាម៉ាក់ហើយនោះ ចូលរោងការលាងមន្ទិលស្នេហ៍អាស្រូវច្រើនឆ្នាំ ទាំងល្បីថា ម្ចាស់ស្នេហ៍នាងមានជាប់ចំណងជីវិត។
ប៉ុន្តែនៅពេលសុំការបញ្ជាក់ ពិធីការិនីកម្មវិធីតុបំភ្លឺរូបនេះបានបដិសេធថា នាងមិនទាន់មានគម្រោង សូម្បីតែគិតក៏ទាន់ហ៊ានដែរ។
ម្ចាស់ស្នេហ៍កំបាំងមុខរាប់ឆ្នាំរបស់ ពេជ្រ សេរីរ័ត្ន ត្រូវបានអ្នកសិល្បៈទម្លាយថា ឈ្មោះ សាត់ សុខា វ័យជាង ៤០ ឆ្នាំ ជាអ្នកជំនួញកំពុងឡើងងារជាឧកញ៉ានោះ មានប្រពន្ធកូនស្របច្បាប់ហើយដែរ។
ចំពោះដំណឹង អ្នកនាង ពេជ្រ សេរីរ័ត្ន ស្រាប់តែនឹកចង់ដឹកដៃចូលរោងការ ក្រោយពួនសម្ងំបង្កើតកូនបានពីរនោះ ក៏មានអ្នកសិល្បៈទម្លាយថា៖ «សេរីរ័ត្ន នាងក៏មិនចង់លាក់មុខ ឪពុកកូនទាំងពីរនោះទេ ហើយជាងនេះ នាងក៏មិនចង់ឲ្យគេថា កូនឥតខាន់ស្លានោះដែរ»។
បង្ហើបបន្ថែមទៀតនោះ អ្នកសិល្បៈដែលស្និទ្ធ នឹង ពេជ្រ សេរីរ័ត្ន រូបនោះ បានប្រាប់ថា៖ «កាលដែលមានដំណឹងធ្លាយថា សេរីរ័ត្ន មានគម្រោងចូលរោងការនោះ ដោយសារតែមានដំណឹងថា ប្រពន្ធអ្នកជំនួញនោះ គេអាចនឹងចេញទៅរស់នៅក្រៅប្រទេស (អូស្រ្តាលី) ទើបមានដំណឹងនេះធ្លាយចេញហ្នឹង»។
រហូតពេលនេះ ប្រភពនោះទម្លាយថា ប្រពន្ធអ្នកជំនួញនោះ នៅមានវត្តមាននៅក្រុងភ្នំពេញជ្រងោៗនៅឡើយទេ ដែលនាំឲ្យមានមតិជាច្រើន ចោទសួរថា បើអ៊ីចឹងគម្រោងរៀបអាពាហ៍ពិពាហ៍ បំពេញខាន់ស្លាឲ្យកូនៗទាំងពីររបស់ សេរីរ័ត្ន អាចប្រព្រឹត្តទៅបានយ៉ាងណា?
រំឭកសំណួរដ៏រសើបនោះ ពេជ្រ សេរីរ័ត្ន ពិធីការិនី តុបំភ្លឺរបស់ទូរទស្សន៍ My Tv បានបរិយាយទាំងអារម្មណ៍ឆួលក្តៅថា៖ «រឿងនេះ អ្នកព័ត៌មានចេះតែប្រឌិត ដើម្បីសរសេរឲ្យលក់ដាច់កាសែតខ្លួន ទាក់ទាញការចាប់អារម្មណ៍អ្នកអាន។ តែការពិតម្ចាស់ខ្លួនគេមិនដែលនឹងដឹងផង»។
ជាមួយនឹងហេតុផលនោះ ពេជ្រ សេរីរ័ត្ន មិនបានលាតត្រដាង អត្តសញ្ញាណឪពុកកូនទាំងពីររបស់នាង ថាជាលោក សាត់ សុខា ឬយ៉ាងណានោះទេ ដោយនាងប្រាប់ថា៖ «រឿងនេះជាសម្ងាត់របស់គ្រួសារខ្ញុំ»។
ពិធីការិនី តុបំភ្លឺរូបនេះ អះអាងបន្តថា៖ « អារឿងរៀបការអីហ្នឹង ខ្ញុំមិនទាន់គិតទេ បើមានមែនអ្នកណាគេទៅលាក់ទេ រឿងអ៊ីចឹងៗគ្មាននរណាគេលាក់ទេ ច្បាស់ជាចែកធៀបអញ្ជើញ ហើយអ្នកកាសែតក៏លាក់មិនជិតដែរ »។
ពិធីការិនីដែលព្យាយាមស្ទុះស្ទារស្តារកិត្តិយស កេរ្តិ៍ឈ្មោះឡើងវិញក្រោយបាត់មុខមួយអន្លើ ព្រោះពពោះសម្រាលកូនប្រុសស្រី នាង ពេជ្រ សេរីរ័ត្ន បានបញ្ជាក់ថា៖ «បានជាខ្ញុំថា ដូច្នេះ ព្រោះថា ខ្ញុំមិនទាន់គិតរឿងរៀបការហ្នឹង។ ខ្លាចប្រាប់ទៅបែរជាមិនបានរៀបការ បែកគ្នាដោយអ៊ីចេះមួយ អ៊ីចេះពីរ នាំតែខ្មាស់គេ»។ នាងថ្លែងបន្ថែមទៀតថា៖ «ត្រង់ហ្នឹងបានជាខ្ញុំមិនទាន់និយាយកើត ហើយក៏មិនទាន់ហ៊ានគិត ចាំថាថ្ងៃណាច្បាស់នោះបាននិយាយបាន»៕
Shame on your show Tok Bompleu!