មន្ត្រី​រដ្ឋាភិបាល​ចោទ​​មន្ត្រី​បក្ស​ប្រឆាំង​ថា​ញុះញង់​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​នៅ​ប៉ោយប៉ែត

ដោយ ហ៊ុំ ចំរើន
2015-06-01
RFA

កម្មករ​តវ៉ា ប៉ោយប៉ែត ៦២០
កងកម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ចាប់​វាយ​កម្មករ​អ្នក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គយ​​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៥។ Provided Photo

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច​នៅ​តែ​មិន​ងាករេ​នោះ​ទេ។ បើ​ទោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ប្រកាន់​ថា ក្រុម​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅ ថា​គណបក្ស​សង្គ្រោះ​ជាតិ ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​ជា​ការ​ញុះញង់ និង​ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក៏ដោយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មិថុនា ថា លោក​មិន​ខ្វល់​នឹង​ការ​អះអាង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​ថា​មន្ត្រី​គណបក្ស សម រង្ស៊ី សង្កាត់​ប៉ោយប៉ែត និង​បក្សពួក​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ញុះញង់​កម្មករ​អូស​រទេះ ឲ្យ​ធ្វើ​បាតុកម្ម​បង្ក​ការ​ខូច​ទ្រព្យ​សម្បត្តិ​នោះ​ឡើយ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ចុង​ខែ​ឧសភា នោះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ដូច​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី លោក កែ គឹមយ៉ាន ឡើយ។ លោក​បន្ត​ថា បើ​ទោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច ទម្លាក់​កំហុស​មក​លើ​ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដដែល៖ «តាម​ខ្ញុំ​តាម​ដាន​មើល​ពុំ​មាន​ចំណុច​ណា​មួយ​ដែល​ថា ចៅ​សង្កាត់​រង​ទី​២​សង្កាត់​ប៉ោយប៉ែត ទៅ​ញុះញង់​ការ​ធ្វើ​បាតុកម្ម គឺ​ជា​រឿង​ដែល​ផ្ទុះ​ចេញ​ដោយ​ខ្លួន​ឯង​ទេ។ ដោយសារ​តែ​កម្មករ​មិន​ពេញ​ចិត្ត​នឹង​ការ​យក​ពន្ធ​គយ​ទេ។ ខាង​សមត្ថកិច្ច​គួរ​ស្រាវជ្រាវ​បញ្ហា​នេះ ប្រសើរ​ជាង​ងាក​មក​លាប​ពណ៌​មន្ត្រី​គណបក្ស​ប្រឆាំង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​គ្នា​នោះ​ទេ»

ការ​លើក​ឡើង​របស់ លោក យឹម សុវណ្ណ នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែង​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណោម ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ដែល​កាសែត​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​លោក​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត របស់​កម្មករ​អូស​រទេះ​នោះ គឺ​លោក​សំដៅ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពី​ក្រោយ​ខ្នង ដែល​គណបក្ស​នេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា ប្រែ​ក្លាយ​ទៅ​ជា​វប្បធម៌​ញុះញង់ បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​ចាត់​ការ​អ្នក​ញុះញង់​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ឆាប់។

យ៉ាង​ណា អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល បញ្ជាក់​ថា លោក​ពុំ​បាន​ដឹង​ជុំវិញ​ការ​ប្ដឹងផ្ដល់​មន្ត្រី​គណបក្ស សម រង្ស៊ី សង្កាត់​ប៉ោយប៉ែត ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​អូស​រទេះ​នៅ​មុខ​ស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត នោះ​នៅ​ឡើយ​ទេ៖ «រឿង​ចាត់​ការ​ផ្លូវ​អី​យ៉ាង​ណា​នោះ ខ្ញុំ​អត់​បាន​ដឹង​ទេ។ ខ្ញុំ​គ្រាន់​តែ​ទៅ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជុំវិញ​នឹង​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ»

ចំណែក​ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស សម រង្ស៊ី សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ចុង​ខែ​ឧសភា នោះ​ទេ។ លោក​បន្ត​ថា លោក​មិន​បារម្ភ​នឹង​ការ​ចោទ​ប្រកាន់​លោក​ទៅ​តុលាការ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត នោះ​ឡើយ៖ «លោក​អភិបាល​ក្រុង​ប៉ោយប៉ែត បាន​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​នេះ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​ខ្ញុំ​គ្មាន​អារម្មណ៍​គិត​ថា​ភ័យ​ខ្លាច ឬ​តក់ស្លុត​ទេ ព្រោះ​អី​ខ្ញុំ​មិន​បាន​ធ្វើ​អី​ខុស​ផង»

របាយការណ៍​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត បង្ហាញ​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​អូស​រទេះ ដែល​ពួក​គេ​តវ៉ា​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅ បង្ក​ការ​ខូចខាត​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ​បង្អួច​ស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត និង​រង​របួស​ស្រាល​មន្ត្រី​សន្តិសុខ​គយ​ម្នាក់ និង​របួស​ធ្ងន់​កម្មករ​អូស​រទេះ​ម្នាក់។ តែ​យ៉ាង​ណា ខាង​សមត្ថកិច្ច​ពុំ​ទាន់​កំណត់​ជាក់លាក់​លើ​ការ​ខូចខាត រួម​ទាំង​ការ​កកស្ទះ​រថយន្ត​នាំ​ទំនិញ​ចេញ​ចូល​រវាង​កម្ពុជា និង​ថៃ នៅ​ពេល​កម្មករ​តវ៉ា​នោះ​នៅ​ឡើយ។ ការ​តវ៉ា​នោះ សមត្ថកិច្ច​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​តាម​ការ​ទាមទារ​ពី​សំណាក់​កម្មករ​អូស​រទេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles