អ្នកពាក់ព័ន្ធ​អំពាវនាវ​ឲ្យ​លុបបំបាត់រាល់​ទម្រង់​ពលក​ម្ម​លើ​កុមារ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី1 មិថុនា 2015
http://vodhotnews.com


កុមារ​​ធ្វើការ​នៅសិប្បកម្មផលិត​ឥដ្ឋ នៅកម្ពុជា (រូបថតពីអង្គការ​លីកាដូ)

​ភាគី​ពាក់ព័ន្ធអំពាវនាវ​រួម​គ្នា​ ឲ្យ​លុបបំបាត់រាល់​ទម្រង់​ពលកម្ម​លើ​កុមារ ដោយ​ត្រូវ​បញ្ចៀស​ការប្រើប្រាស់​កម្មក​រ​ក្រោម​អាយុ១៥ឆ្នាំ ដើម្បី​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​ធានា​ដល់​ការគោរព​ច្បាប់ ​។​

ការអំពាវនាវ​នេះ ធ្វើឡើង​ចំ​ពេល​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​ខួប​លើក​ទី៦៦ នៅថ្ងៃនេះ និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ខួប​លើក​ទី១៤ ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី១២ ខែមិថុនាខាងមុខ ​។​

សេចក្តីថ្លែងការណ៍​របស់​អង្គការ​លីកាដូ កាល​ពី​ម្សិលមិញ រកឃើញថា អនីតិជន ត្រូវបាន​គេ​វាយដំ ទះ និង​ទាត់​ដោយ​អ្នក​ជាប់​ពន្ធនាគារ​ផ្សេងទៀត ហើយ​ពេល​ខ្លះ​នៅក្រោម​ការបញ្ជា​ពី​ឆ្មាំ​ពន្ធនាគារ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​មាន​កិច្ចការពារ ឬ​យន្តការ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​អនុញ្ញាត​ឲ្យមាន​ការប្តឹ​ង​ប្រឆាំង​ការធ្វើ​ទារុណកម្ម និង​ការធ្វើ​បាប​នោះទេ ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ លីកាដូ អំពាវនាវ​ដល់​រដ្ឋាភិបាល បង្កើត​នូវ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​អនីតិជន​ដែល​ជាប់​ឃុំ ដាច់ដោយឡែក​ពី​អ្នកទោស​ពេញវ័យ​ ។ 

​ដោយឡែក សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​រោច​ក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៨ ខែឧសភា បាន​លើកឡើង​ថា បើ​រោងចក្រ​កាត់ដេរ យក​កម្មករ​ក្រោម​អាយុ១៥ឆ្នាំ​ធ្វើការ ជា​អំពើ​ខុសច្បាប់ ​។ ករណីនេះ GMAC ក្រើន​រំ​ឭ​ក​សមាជិក​របស់​ខ្លួន ត្រូវ​ចាត់វិធានការ​តាម​តែ​អាច​ធ្វើទៅបាន ដើម្បី​ធានា​ដល់​ការ​គោ​ព​ច្បាប់​ ។​
​យ៉ាងណា​ក៏​ដោយ លិខិត​ជូនពរ​ភ្ជាប់​នឹង​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី២៦ ខែឧសភា បាន​អំពាវនាវ​ឲ្យ​លុបបំបាត់រាល់​ទម្រង់​លើ​ពលកម្ម​កុមារ និង​ធានា​ឲ្យ​កុមារ​ទទួលបាន​ការអប់រំ ដើម្បី​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ ។​

​ប៉ុន្តែ​អនុប្រធាន​កម្មវិធី​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​សមាគម​អាដហុក លោកស្រី លឹម មុន្នី សម្តែង​ការគាំទ្រ​ចំពោះ​ការអំពាវនាវ​នេះ តែ​លោក​ស្រី​ថា គួរ​មាន​វិធានការ​ណាមួយ​ឲ្យមាន​ប្រសិទ្ធភាព​ជា​ជាងការ​អំពាវនាវ​តាមរយៈ​លិខិត​នេះ ។ លោកស្រី​យល់ថា មូលហេតុ​ដែល​នៅតែ​មាន​ពលកម្ម និង​ពេស្យាចារ​កុមារ ដោយសារ​កត្តា​ក្រីក្រ ខ្វះ​ការអប់រំ និង​ការអនុវត្ត​ច្បាប់​មិន​សូវ​មាន​ប្រស​ទិដ្ឋភាព​ជា​ដើម ។​

កាលពី​ឆ្នាំ២០១៤ របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ផ្នែក (ILO) រកឃើញថា កម្មករ​មិនទាន់​គ្រប់​អាយុ​មាន​ចំនួន៣៤​នាក់ នៅក្នុង​រោងចក្រ​ចំនួន១៥កន្លែង ដែល​ចំនួន​នេះ មាន​ការធ្លាក់ចុះ​ជា​ង​ឆ្នាំ២០១៣ ដែល​មាន​កម្មករ​មិន​ទាន់​គ្រប់​អាយុ​រហូតដល់៦៤នាក់ នៅក្នុង​រោងចក្រ​ចំនួន២៤កន្លែង​។ របាយការណ៍​បន្តថា ករណីនេះ ភាគច្រើន​កម្មករ​ទាំង​នោះ​បាន​កុហក​តាមរយៈ​ការប្រើប្រាស់​ឯកសារ​បន្លំ ឬ​កោស​លុប​ប្តូរ ឬក៏​ក្លែង​ជា​អ្នក​ដទៃ ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន ធ្វើ​យ៉ាងណា​ដើម្បី​ទទួលបាន​ការងារ​ដើម្បី​ជួយ​ដល់​គ្រួសារ​ ៕ ​

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles