​បក្សប្រឆាំង​ស្នើ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​តម្លាភាព​ពី​ការធ្វើ​ច្បាប់​គ្រប់គ្រងឣ​ង្គ​ការ​មិន​មែន​រដ្ឋាភិបា​ល​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃចន្ទ ទី1 មិថុនា 2015, 04:53 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

បក្សប្រឆាំង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវ​បង្ហាញ​ពី​តម្លាភាព​ក្នុងការ​ធ្វើ​សេចក្តីព្រាងច្បាប់​ស្ដីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​ទាំង​ច្បាប់​មួយចំនួនទៀត មុននឹង​បញ្ជូន​ទៅ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត ដើម្បី​ធានា​ថា ការតាក់តែង​ច្បាប់​នោះមិន​រារាំង​ដល់​ដំណើរការ​លទ្ធិ​ប្រជា​ធិបតិយ្យ ។​

​តាម​សេចក្តីថ្លែងការណ៍របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​អំពាវនាវ​ទៅ​រាជរដ្ឋាភិបាលឲ្យ​បើកចំហ និង​តម្លាភាពក្នុង​ដំណើរការលើ​សេចក្តីព្រាងច្បាប់ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា ការស្នើ​នេះដើម្បី​បង្កលក្ខណៈ​ងាយស្រួល ឲ្យមាន​ការចូលរួម​ផ្ដល់​យោបល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ភាគី​ពាក់ព័ន្ធជា​ពិសេស​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាលទាំង​ក្នុងស្រុក និង​បរទេស ដែល​ជា​ក្រុម​ផលប្រយោជន៍​ផ្ទាល់ តាមរយៈ​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​សាធារណៈ នៅ​មុន​ពេល​សេចក្ដីព្រាងច្បាប់​នេះ​បញ្ជូន​ទៅ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត ​។​

​ការអំពាវនាវរបស់​បក្ស​ប្រឆាំង​មួយ​នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​លោក​ កឹម សុខា បាន​ជួប​ជាមួយឧបការី​រង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ទទួលបន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក Scott Busby នៅ​ស្ថានទូត​អាមេរិកនា​ព្រឹក​ថ្ងៃទី​១ ខែមិថុនានេះ ។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះបញ្ជាក់ថា ក្នុងជំនួប​នោះ ភាគី​ទាំងពីរបាន​ពិភាក្សា​គ្នា​អំពី ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ផ្ដោតលើ​សេចក្ដីព្រាងច្បាប់​ស្ដីពីសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន និង​ច្បាប់​ស្ដី​ពី​សហជីព ។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា មិន​បញ្ជាក់ថា ក្នុងជំនួប​នោះ មន្ត្រី​របស់​សហរដ្ឋអាមេរិក​ដែល​ចូល​ជួប​នោះ​បាន​បង្ហាញ​ជំហរ ចង់​ឃើញ​យ៉ាង​ម៉េច​ពី​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ទាំង​៣​នោះទេ ។​

​ចំណែក​ប្រធាន​ខុទ្ទកាល័យ​របស់​លោក កឹម សុខា គឺ​លោក ម៉ុត ចន្ថា បាន​អះអាង​ថា លោក​មិន​អាច​ប្រកាស​ជា​សាធារណៈ​ពី​ការជំរុញ​បែបណារបស់​មន្ត្រី​អាមេរិកនោះបានទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្នុងជំនួប​នោះបាន​ពិភាក្សា​ពី​សិទ្ធិ​មូលដ្ឋាន និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា ការ​ដែល​បក្សប្រឆាំងចង់​បាន​បែប​នេះ ឬ​បែប​នោះ ហើយ​រិះគន់​រដ្ឋាភិបាល​ថា ធ្វើ​នេះ​មិនត្រូវ ឬ​ធ្វើ​បែប​នេះ​មិនល្អ លោក​ចាត់ទុកថាជា​ទម្លាប់របស់​បក្ស​ប្រឆាំង ។ ប៉ុន្តែ​លោក​អះអាងថា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ជា​ការទទួលខុសត្រូវ​ខ្ពស់ និង​បើក​ឲ្យមាន​កិច្ចពិភាក្សា ដោយ​បើកចំហ​រួចហើយ​ ។

សេចក្តីព្រាងច្បាប់ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ជំរុញ​ស្ថាប័ន​ជំនាញ​របស់​ខ្លួន ពន្លឿន​ឲ្យ​បញ្ចប់​ត្រឹម​ខែ​ឧសភា​ឆ្នាំ​២០១៥​នេះ ដើម្បី​បញ្ជូន​ទៅឲ្យ​រដ្ឋសភា​ពិនិត្យ​និង​អនុម័ត ទាំង​មិន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ចុងក្រោយ ឲ្យដៃ​គូពាក់ព័ន្ធ​បាន​ពិគ្រោះ​យោបល់ និង​ពិភាក្សា​ ។​

ករណី​នេះ​ត្រូវបាន​អង្គការ​សង្គម​ជាតិ និង​អន្តរជាតិ រួមទាំង​អង្គការ​ប្រជាជាតិ​ផង ព្រួយបារម្ភ​ថា ច្បាប់​នោះ​នឹង​បង្ក​ការលំបាក ដល់​សកម្មភាព​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ និង​ប៉ះពាល់​ដល់​សិទ្ធិ​មូលដ្ឋាន​ជាដើម ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល បើកចំហ​ពី​ការចូលរួម​ផ្ដល់​មតិ​យោបល់​ពី​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​ច្បាប់​នោះ​ធានា​ដល់​ផលប្រយោជន៍​សាធារណៈ តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ៕​

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles